ព័ត៌មានជាតិ

ទំនើបកម្មកម្ពុជា នឹងត្រូវឆ្លងតេស្តសាកល្បងបន្ទាប់ មិនមែនត្រឹមតែ ទំនើបកម្មលើផ្លូវថ្នល់ ឬវិស័យរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថាតើកម្ពុជាអាចគ្រប់គ្រងហានិភ័យ នាពេលខាងមុខដោយរបៀបណា

ទំនើបកម្មកម្ពុជានឹងត្រូវឆ្លងតេស្តសាកល្បងបន្ទាប់ មិនមែនត្រឹមតែ ទំនើបកម្មលើផ្លូវថ្នល់ ឬវិស័យរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថាតើកម្ពុជាអាចគ្រប់គ្រងហានិភ័យនាពេលខាងមុខដោយរបៀបណា កាលណាគេនិយាយអំពីការអភិវឌ្ឍកម្ពុជា ភាគច្រើនគេសំដៅលើកំណើនសេដ្ឋកិច្ច ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឬការវិនិយោគពីបរទេសប៉ុណ្ណោះ។ ចំណុចទាំងនេះគឺពិតជាសូចនាករសំខាន់ៗដើម្បីវាស់វែងការអភិវឌ្ឍលើវិស័យធំៗដ៏ចាំបាច់ ក៏ប៉ុន្តែប្រសិនបើកម្ពុជាប្តេជ្ញាចិត្តពិតប្រាកដក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិមែននោះ កម្ពុជាត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបន្ថែមទៀតលើបញ្ហា​​​​​ប្រព័ន្ធដែលមើលទៅមិនសូវលេចធ្លោតែមានឥទ្ធិពលខ្លាំងលើទំនុកចិត្តសាធារណៈ ក្នុងនោះរួមមានដូចជា បញ្ហានៅក្នុងប្រព័ន្ធបទប្បញ្ញត្តិសុខាភិបាល ស្តង់ដារមន្ទីរពិសោធន៍ និង បញ្ហាសុខុមាលភាពសត្វជាដើម។
 
បញ្ហាមួយក្នុងចំណោមនោះ គឺការប្រើប្រាស់សត្វស្វាដើម្បីយកទៅធ្វើការស្រាវជ្រាវ(ការពិសោធ) ឬយកទៅជួញដូរ។ បញ្ហានេះអាចមើលទៅពុំមែនធំដំក៏ពិតមែនតែវាមានសារសំខាន់សម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនដើម្បីអភិវឌ្ឍវិស័យសុខភាពសាធារណៈ បង្កើនកិត្តិសព្ទក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រទេសដ៏យូរអង្វែង។ នៅពេលសត្វស្វាត្រូវបានបង្កាត់ពូជ ឃុំឃាំងជួញដូរខុសច្បាប់ និងយកទៅប្រើប្រាស់ក្នុងមន្ទីពិសោធន៍ដោយមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវហ្មត់ចត់ទេនោះ ហានិភ័យនឹងកើតឡើងមិនមែនត្រឹមតែក្នុងរង្វង់បរិវេណមន្ទីរពិសោធន៍ស្រាវជ្រាវនោះទេ បញ្ហានេះអាចរាលដាលសាយភាយទៅកាន់ប្រព័ន្ធអេកូឡូស៊ីដែលពាក់ព័ន្ធនឹងបុគ្គលិក ប៉ះពាល់ស្ថាប័ន និងសហគមន៍ដែលនៅជុំវិញ។ ដូច្នេះហើយ បញ្ហាពាក់ព័ន្ធនឹងសត្វស្វាមិនគួរ ចាត់ទុកថា ជាបញ្ហាសុខុមាលភាពរបស់សត្វតិចតួចប៉ុណ្ណោះទេ តែវាជាបញ្ហាអភិបាលកិច្ចសុទ្ធសាធ។
 
បញ្ហាក្នុងការអភិវឌ្ឍ មិនមែនគ្រាន់តែជាបញ្ហាក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះទេ
របៀបវារៈអភិវឌ្ឍន៍បច្ចុប្បន្នរបស់កម្ពុជា ផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាពប្រកួតប្រជែង ការធ្វើបរិវត្តកម្មឌីជីថល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលបានលើកឡើងជាញឹកញាប់ថា វឌ្ឍនភាពជាតិគឺពឹងផ្អែកលើគុណភាពស្ថាប័ន ភាពរឹងមាំនៃវិស័យឯកជន និងសមត្ថភាពពង្រីកតម្លៃសង្វាក់ផលិតកម្មឱ្យខ្លាំងជាងមុន។ ក្នុងបរិបទនេះ កម្សោយនៃប្រព័ន្ធគ្រប់គ្រងដ៏មានប្រសិទ្ធភាពគ្រប់គ្រាន់លើការស្រាវជ្រាវ និងការដឹកជញ្ជូនសត្វ មិនមែនគ្រាន់តែជាចំណុចខ្សោយក្នុងបញ្ហាបច្ចេកទេសមួយប៉ុណ្ណោះទេ វាគឺជាសញ្ញាឆ្លុះបញ្ចាំងបញ្ហាសមត្ថភាពបញ្ញត្តិច្បាប់ និងបញ្ហាកង្វះការត្រួតពិនិត្យរបស់ស្ថាប័នពាក់ព័ន្ធគឺមិនទាន់អាចឱ្យទាន់ស្របតាមកម្រិត ទៅតាមមហិច្ឆតាអភិវឌ្ឍន៍ប្រទេសនៅឡើយទេ។
 
ក្តីបារម្ភនេះមិនមែនជារឿងទ្រឹស្តីដែលគ្មានមូលដ្ឋាននោះទេ។ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ អង្គការផីតា(PETA) បានចេញរបាយការណ៍ថ្មីមួយបង្ហាញថាជំងឺស៊ីងហ្គីឡា(Shigella)ដែលជាជម្ងឺឆ្លងដែលសុំានឹងថ្នាំ វាចម្លងតាមលាមក។ គេរកឃើញថាមានតែមនុស្ស និងសត្វស្វាប៉ុណ្ណោះគឺជាភ្នាក់ងារចម្លងនូវមេរោគនេះ ។ ជម្ងឺនេះកំពុងរីករាលដាលយ៉ាងខ្លាំង ហើយជាញឹកញាប់មិនត្រូវបានរាយការណ៍ ឬរាយការណ៍មិនបានគ្រប់គ្រាន់នៅក្នុង មន្ទីពិសោធន៍សត្វស្វានៅសហរដ្ឋអាមេរិក។ ការរកឃើញនេះបង្កើតក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងវិស័យសុខភាព
សាធារណៈ  ព្រោះតែស្វាដែលបានឆ្លងជំងឺត្រូវបានដឹកជញ្ជូន រត់ពន្ធតាមរយៈឈ្មួញ បង្ខាំងទុកនៅកន្លែងបង្កាត់ពូជ នៅតាមមន្ទីរពិសោធន៍ ឬ សាកលវិទ្យាល័យនានាទូទាំងប្រទេស។ តាមរបាយការណ៍របស់អង្គការផីតា(PETA)ដដែលបានឱ្យដឹងថា សត្វស្វាអាចបង្កជំងឺរាគដែលសុំានឹងថ្នាំ បង្កជំងឺរបេង និងជម្ងឺឆ្លងផ្សេងៗទៀតដោយសារទីតាំងបង្កាត់ពូជមានភាពណែនចង្អៀតគ្មានស្តង់ដារត្រឹមត្រូវ។ នេះមិនមែនជាបញ្ហាសុខភាពត្រឹមតែសត្វប៉ុណ្ណោះទេ ប៉ុន្តែនេះជាហានិភ័យដ៏ធំនៅក្នុងផ្នែកសន្តិសុខជីវសាស្ត្រដែលប៉ះពាល់ដល់បុគ្គលិក មន្ទីរពិសោធន៍ និង ប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសក្នុងវិស័យនេះទាំងមូល។

សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងស្វែងរកការវិនិយោគប្រកបដោយគុណភាពខ្ពស់ និងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែរឹងមាំ បញ្ហានេះមានសារសំខាន់មិនអាចមើលរំលងបាននោះទេ។ អ្នកវិនិយោគិន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍មិនមែនមើលត្រឹមតែអត្ថប្រយោជន៍ផ្នែកពន្ធដារ ឬថ្លៃពលកម្មទាបប៉ុណ្ណោះទេ។ ពួកគេក៏ពិនិត្យមើលថាតើប្រទេសមួយនេះមានសមត្ថភាពអនុវត្តស្តង់ដារមូលដ្ឋាន និងអាចគ្រប់គ្រងហានិភ័យប្រកបដោយភាពជឿជាក់បានដែរឬទេ។

ហេតុអ្វីបានជាបញ្ហានេះមានសារៈសំខាន់ចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជា
កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ហាញខ្លួនជាប្រទេសដែលបើកចំហឱ្យមានកិច្ចសហប្រតិបត្តិការរួម ជាមួយដៃគូសំខាន់ៗដែលមានដូចជាមហាមិត្តចិន ការទាក់ទាញគម្រោងវិនិយោគនានាដែលពាក់ព័ន្ធនឹងទំនើបកម្មវិស័យឧស្សាហកម្ម ភស្តុភារ និងការអភិវឌ្ឍវិស័យឌីជីថល។ ទន្ទឹមនឹងនេះ បរិយាកាសសារព័ត៌មាន និងគោលនយោបាយរបស់ប្រទេសក៏កំពុងសម្រិតសម្រាំងតាមរយៈកិច្ចពិភាក្សាឱ្យមានតម្លាភាព និងកំពុងធ្វើការទប់ស្កាត់ព័ត៌មានចចាមអារ៉ាម(ព័ត៍មានក្លែងក្លាយ)លើបណ្តាញសង្គមគឺធ្វើយ៉ាងណាឱ្យសាធារណជនទទួលបានព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ ផ្ទៀងផ្ទាត់ មានប្រភពច្បាស់លាស់។
 
ក្នុងបរិបទនេះ បញ្ហាប្រព័ន្ធណាមួយដែលអនុញ្ញាតឱ្យសត្វមានជំងឺ ឬសត្វដែលមិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ឱ្យធ្វើចរាចរតាមបណ្តាញមន្ទីស្រាវជ្រាវ ឬជួញដូរអាចបង្កបញ្ហាដល់កេរ្តិ៍ឈ្មោះប្រទេសទាំងមូលគឺមិនត្រឹមតែបង្កបញ្ហានៅទីតាំងពិសោធសត្វប៉ុណ្ណោះនោះទេ។ ប្រទេសមួយមិនអាចលើកកម្ពស់ការធ្វើទំនើបកម្មប្រកបដោយភាពជឿជាក់បានឡើយ ប្រសិនបើនៅតែធូររលុងក្នុងវិស័យដែលបង្កផលប៉ះពាល់សុខភាពសាធារណៈ។
 
បញ្ហានេះមានសារៈសំខាន់ជាពិសេសសម្រាប់កម្ពុជា ព្រោះម៉ូឌែលអភិវឌ្ឍន៍របស់ប្រទេសកំពុងពឹងផ្អែកកាន់តែខ្លាំងលើទំនុកចិត្តរបស់សហគមន៍អន្តរជាតិ មិនថានៅក្នុងវិស័យរោងចក្រ វិស័យទេសចរណ៍ កសិកម្ម ឬវិស័យស្រាវជ្រាវវិទ្យាសាស្ត្រជីវិតនោះទេ កេរ្តិ៍ឈ្មោះប្រទេសគឺជាកត្តាសំខាន់ខ្លាំងណាស់។ ដូចគ្នានេះដែរ ស្ថាប័ននានាត្រូវតែបង្ហាញឱ្យឃើញពីសមត្ថភាពបែងចែកឱ្យបានច្បាស់រវាងវិសាលភាពការអភិវឌ្ឍនិងការទទួលខុសត្រូវចំពោះសង្គម និងសាធារណៈជនទូទៅ។
 
មេរៀនជាក់ស្តែង៖
ការចំណាយលើការដោះស្រាយបញ្ហាបន្ទាប់ពីវាកើតឡើងរួច គឺខ្ពស់ជាងការចំណាយលើការបង្ការ និងទប់ស្កាត់ហានិភ័យជាមុន។
ចំណុចសំខាន់បំផុតនៅក្នុងរបាយការណ៍របស់អង្គការផីតា(PETA)មិនមែនត្រឹមតែរឿងសត្វស្វាចម្លងជំងឺទៅកាន់មនុស្សនោះទេ តែចំណុចស្នូលនោះគឺត្រង់ថាហានិភ័យដ៏ធ្ងន់ធ្ងររបស់ជំងឺឆ្លងនេះគឺកើតឡើងដោយសារប្រព័ន្ធរៀបចំបង្កការកកស្ទះដង់ស៊ីតេចិញ្ចឹម ការដឹកជញ្ជូនសត្វឥតឈប់ឈរ ខ្វះការត្រួតពិនិត្យត្រឹមត្រូវ និងមិនមានការតាមដានឱ្យបានច្បាស់លាស់។ និយាយរួមគឺថាបញ្ហានេះមិនមែនជាឧបទ្ទវហេតុកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាការបរាជ័យក្នុងការគ្រប់គ្រងប្រព័ន្ធ។
 
កម្ពុជាគួរតែរៀនសូត្រពីមេរៀននេះ ។ ប្រទេសមួយដែលកំពុងតែអភិវឌ្ឍគឺមិនគួរមើលស្រាលការការពារ ឬវិធានការទប់ស្កាត់នោះទេ។ ដំណាក់កាលនៃការទប់ស្កាត់គឺធូរស្រាលជាង ក្នុងនោះមានដូចជាការពង្រឹងប្រព័ន្ធត្រួត
ពិនិត្យ ពង្រឹងបទប្បញ្ញត្តិចត្តាឡីស័ក ការគ្រប់គ្រងការដឹកជញ្ជូន និងស្តង់ដារមន្ទីរពិសោធន៍ ។ បើមិនធ្វើដូច្នេះទេ ពេលបញ្ហាកើតឡើងហើយ វានឹងបង្កផលវិបាកកាន់តែខ្លាំងដូចជា សាធារណជននឹងផ្ទុះប្រតិកម្ម ឬទទួលការរិះគន់ពីស្ថាប័នអន្តរជាតិ។
 
គោលការណ៍នេះគឺពិតទាំងក្នុងវិស័យសុខភាពសាធារណៈ និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សេដ្ឋកិច្ចទំនើបគឺមិនសំដៅតែលើល្បឿននៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរីកចម្រើនក្នុងប្រទេសមួយដែលប្រកបដោយសុខ
សុវត្ថិភាព មានវិធានបង្ការ ឬទប់បញ្ហាអោយបានមុន និងប្រកបដោយតម្លាភាព។

តើការគ្រប់គ្រងបទប្បញ្ញត្តិប្រកបដោយការទទួលខុសត្រូវគួរមានលក្ខណៈដូចម្តេច?
ប្រសិនបើកម្ពុជាចង់ជៀសវាងហានិភ័យនាពេលអនាគតក្នុងវិស័យនេះ ដំណោះស្រាយមិនមែនជាការធ្វើឱ្យបញ្ហានេះក្លាយជារឿងភ្ញាក់ផ្អើលហួសហេតុនោះទេ។ ផ្ទុយទៅវិញ គឺត្រូវមានការគ្រប់គ្រង និងកំណត់បទប្បញ្ញត្តិឱ្យបានច្បាស់លាស់។ នេះមានន័យថា ត្រូវពង្រឹងការត្រួតពិនិត្យលើការបង្កាត់ស្វា ការដឹកជញ្ជូន និងការប្រើប្រាស់ស្វាសម្រាប់ការស្រាវជ្រាវពិសោធន៍ ត្រួតពិនិត្យស្តង់ដារឬសេវាកម្មបសុព្យាបាលនិងអនាម័យឱ្យបានប្រសើរ រាយការណ៍ប្រកបដោយតម្លាភាពអំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងសុខភាពសត្វ និងកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់ចំពោះស្ថាប័ន ឬមជ្ឈមណ្ឌលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសត្វសម្រាប់ការពិសោធស្រាវជ្រាវ ឬសត្វសម្រាប់យកទៅធ្វើអាជីវកម្ម។ វាក៏មានន័យថា សុខុមាលភាពសត្វមិនគួរត្រូវបានមើលរំលង ឬចាត់ទុកថាជារឿងបន្ទាប់បន្សំទេ ប៉ុន្តែត្រូវចាត់ទុកជាផ្នែកសំខាន់មួយនៃការការពារសុវត្ថិភាពសុខភាពសាធារណៈ។
 
វិធីសាស្ត្របែបនេះស្របទៅនឹងអាទិភាពអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងពេញលេញ។ កម្ពុជាបានផ្តោតរួចហើយលើការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ និងភាពធន់ក្នុងការឆ្លើយតបនឹងហានិភ័យជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។ ការយកគោលការណ៍ដូចគ្នានេះមកអនុវត្តចំពោះការស្រាវជ្រាវលើសត្វ និងសុវត្ថិភាពជីវសាស្ត្រ មិនមែនជាការបង្វែរការយកចិត្តទុកដាក់ចេញពីការអភិវឌ្ឍន៍នោះទេ។ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃការកសាងវិន័យស្ថាប័ន និងសមត្ថភាពគ្រប់គ្រង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

បញ្ហាមួយតូចតែឆ្លុះបញ្ចាំងសំណួរមួយដ៏ធំមួយ
នៅកម្ពុជា ការពិភាក្សាជាសាធារណៈភាគច្រើនផ្តោតលើបញ្ហាជាតិធំៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ការបង្កើតការងារ និងភាពជាដៃគូជាមួយបរទេស។ ប៉ុន្តែ ភាពបរាជ័យក្នុងការអនុវត្តបទប្បញ្ញត្តិតូចៗ និងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវអាចចោទជាសំណួរ ថាតើមហិច្ឆតាអភិវឌ្ឍន៍ទាំងនោះ ពិតជាអាចមាននិរន្តរភាពមួយដ៏ពិតប្រាកដដែរឬទេ។

To Top