ព័ត៌មានជាតិ

សម្តេចតេជោ៖ សង្គ្រាមកម្ពុជា-ថៃ ស្ថិតក្នុងទម្រង់សង្គ្រាមទំនើប ដើម្បីជាលេសកាន់កាប់ប្រទេសដទៃ ដោយខុសច្បាប់

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងទម្រង់ជាសង្គ្រាមទំនើបដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ ។

ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោមានប្រសាសន៍ថា ការប្រើប្រាស់ ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកអនឡាញដើម្បីជាលេសកាន់កាប់ប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុគសម័យនេះ ។

សម្តេចតេជោបន្តថា “សង្គ្រាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតនៅក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដែលផ្អែកថា ទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោកអនឡាញ” ។

បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាមួយគ្នានេះ សង្គ្រាមពាណិជ្ជកម្មបានប្រើប្រាស់របាំងគយ ដើម្បីដាក់ទណ្ឌកម្ម និងដកហូតការអនុគ្រោះពាណិជ្ជកម្មដែលមានពីមុនមក ។ ចំពោះសង្គ្រាមបច្ចេកវិទ្យាវិញបង្ហាញពីការប្រកួតប្រជែងយ៉ាងស្រួចស្រាល ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិតទំនើប ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសាយប៊ឺ ។

សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃកាលពីចុងឆ្នាំ២០២៥មក ភាគីថៃបានបំពានបទឈប់បាញ់ដែលបានធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃជាបន្តបន្ទាប់៕

To Top