ប្រទេសវៀតណាម ប្រឈមមុខនឹងហានិភ័យ នៃការខ្វះខាតថាមពល ខណៈដែល AI, មជ្ឈមណ្ឌលទិន្នន័យ និងវិស័យផ្លូវដែក ជំរុញឱ្យមានតម្រូវការកើនឡើង
បរទេស៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់វៀតណាម បាននិយាយថា ប្រទេសវៀតណាម ប្រឈមមុខនឹងហានិភ័យកើនឡើង នៃការខ្វះខាតថាមពលរហូតដល់ចុងទសវត្សរ៍នេះ ខណៈដែលតម្រូវការអគ្គិសនីពីមជ្ឈមណ្ឌលទិន្នន័យ បញ្ញាសិប្បនិម្មិត (AI) ការផលិតឧបករណ៍អេឡិចត្រូនិក និងការដឹកជញ្ជូនដោយអគ្គិសនី កំពុងរីកចម្រើន ខណៈពេលដែលគម្រោងផលិត និងបណ្តាញអគ្គិសនីមួយចំនួន ដែលបានគ្រោងទុកកំពុងជួបការលំបាក ក្នុងការផ្តល់សេវាកម្មដូចការរំពឹងទុក។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រសួងកំពុងពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការ អភិវឌ្ឍន៍ថាមពលទី VIII (PDP8) ដែលបានកែសម្រួលរបស់ប្រទេស ដើម្បីឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធតម្រូវការ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងវាយតម្លៃឡើងវិញថាតើសមត្ថភាពផលិត និងបណ្តាញអគ្គិសនីដែលបានគ្រោងទុកនឹងគ្រប់គ្រាន់រហូតដល់ឆ្នាំ ២០៣០ និងឆ្នាំក្រោយៗទៀតឬអត់។
ការពិនិត្យឡើងវិញនេះ កើតឡើងនៅពេលដែលប្រទេសនេះកំណត់គោលដៅកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្វែងរកការទាក់ទាញ ឧស្សាហកម្មដែលប្រើប្រាស់អគ្គិសនីច្រើន។
ក្រសួងបានស្នើសុំឱ្យខេត្ត និង ក្រុងផ្តល់ទិន្នន័យថ្មីៗលើគម្រោងថាមពលដែលមានស្រាប់ និងដែលបានគ្រោងទុក ក៏ដូចជាតម្រូវការអគ្គិសនី ដែលកំពុងលេចចេញ រួមទាំងមជ្ឈមណ្ឌលទិន្នន័យ កន្លែង AI ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី ប្រព័ន្ធរថភ្លើងក្រោមដី និងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូងដែលបានស្នើឡើង។
សំណើនេះបង្ហាញពីការផ្លាស់ប្តូរផែនការ ថាមពលពីការប៉ាន់ប្រមាណថាតើអគ្គិសនីប៉ុន្មាននឹងត្រូវប្រើប្រាស់ ទៅជាការកំណត់ថាតើអគ្គិសនី នោះនឹងត្រូវការនៅកន្លែងណា ពេលណា និងកម្រិតភាពជឿជាក់ប៉ុន្មាន។
ប្រែសម្រួលៈ ណៃ តុលា
