Feature

លោក ឃួង ស្រេង ឱ្យមន្ត្រីជំនាញពន្លឿនការជួសជុល​ ហេដ្ឋារចនាសម្ព័ន្ធនៅសេសសល់នានា លើមហាវិថីសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួលជុល អ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម ។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ចុះពិនិត្យមើលវឌ្ឍនភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ រហូតដល់ស្ពានអាកាស សម្តេចមហាបវរធិបតី នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង បានបន្តពិនិត្យមើលការងារមួយចំនួនទៀត នៅតាមមហាវិថីនិងផ្លូវនានាជាច្រើន ក្នុងរាជធានីរួមមានពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

ក្នុងនោះ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់ នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួលជុល អ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម ។ ក្រៅពីនេះ លោក ឃួង ស្រេង នូវបានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ រៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា និងការរៀបចំឱ្យមានការពង្វៀងចរាចរណ៍​ នៅលើតម្រាយផ្លូវមួយចំនួនផ្សេងទៀត ដែលត្រូវប្រតិភូឆ្លងកាត់ផងដែរ។

ដោយឡែកយោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងថា គ្រប់កិច្ចការ និងភារកិច្ចដែលទទួលបានពីគណៈកម្មការថ្នាក់ជាតិ ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ល។ គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ ។ ជាមួយគ្នានេះ​ការងារអាទិភាពដែលរដ្ឋបាលរាជធានី កំពុងយកចិត្តទុកដាក់ពោលគឺរាល់កិច្ចការ ដែលគណៈកម្មការថ្នាក់ជាតិដាក់មក គឺត្រូវធានាឱ្យកិច្ចប្រជុំកំពូល អាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក និងជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ។

ដោយឡែកអំពីកិច្ចការដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបាន​ និងកំពុងសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងគណៈកម្មការសន្តិសុខថា្នក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។ ចំពោះការងារជួសជុល ថែទាំដងផ្លូវ ភ្លើងបំភ្លឺសាធារណៈ និងការរៀបចំសោភ័ណ្ឌភាពតាមដងផ្លូវរួមមាន៖​ ក. ការងារលាបបេតុងទ្រូងផ្លូវ (ព្រះមុនីវង្ស សហព័ន្ធរុស្សី ព្រះនរោត្តម ផ្លូវ៦០ម៉ែត្រ)​ ខ. ការងារអ៊ុតគំនូសចរាចរណ៍ រួមមាន៖ (មហាវិថីសហព័ន្ធរុស្សី វិថីប៊ុលហ្គារី ជុំវិញរង្វង់មូលបាយ័ន្ត រង្វង់មូលគួចកាណុង វិថីស៊ូស្រុន វិថីសុធារស មហាវិថីព្រះមុនីវង្ស ស្ពានជ្រោយចង្វារទាំង២ខ្សែ ស្ពានព្រះមុនីវង្ស។ គ. ការងារថែទាំជួសជុលមហាវិថីសម្តេចហ៊ុនសែន ឬផ្លូវ ៦០ម៉ែត្រ រួមមាន៖ (ការអ៊ុតកៅស៊ូ និងការអ៊ុតពង្រីកតួផ្លូវ ការងារគំនូសចរាចរណ៍ ការលាបថ្នាំទ្រូងផ្លូវ តំលើងផ្លាកសញ្ញាចរាចរណ៍ថ្មី)​។ ឃ. ការងារកាត់ស្មៅ មែកឈើ និងការថែទាំសួនច្បារ រួមមាន៖ (ជួសជុល និងតុបតែងផ្កានៅសួនគួចកាណុង និងសួនមុខវិមានសន្តិភាព)៕

To Top