Feature

លោកស្រី អាំង សុជាតា ខូយ រីដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនស្ត្រីមានផ្ទៃពោះ ត្រៀមសម្រាលកូននៅឃុំថ្មដា ស្រុកវាលវែង

ពោធិ៍សាត់ ÷ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស្រីអាំង សុជាតា ខូយរីដា ប្រធានក្រុមការងារ ព្រមទាំងមានការអញ្ជើញ ចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីអនុសាខា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តកក្រក បានអញ្ជើញសំណេះសំណាលនិងចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនស្ត្រីមានផ្ទៃពោះត្រៀមសម្រាលចំនួន ៦នាក់ ស្ត្រីទើបសម្រាលកូនចំនួន ៥នាក់ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន២នាក់ នៅមណ្ឌលសុខភាពហ៊ុនសែនថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នាឱកាសសំណេះសំណាលនេះ សកម្មភាពចុះសួរសុខទុក្ខនេះ គឺត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ និងសារគន្លឹះដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជានិច្ចកាលតែងតែយក ចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខមាលភាពរបស់ស្ត្រីជាមាតា ទារក និងកុមារនៅទូទាំងប្រទេស។

លោកស្រី ក៍បានបន្ថែមថា ការថែទាំសុខភាពមាតា និងទារកឱ្យបានល្អចាប់តាំងពីនៅក្នុងផ្ទៃ គឺជាជំហានដំបូងបង្អស់ ក្នុងការធានាថា កុមារដែលកើតមកមានសុខភាពល្អបរិបូរណ៍ ប្រកបដោយប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្ស ដ៏មានតម្លៃសម្រាប់សង្គមជាតិ។

លោកស្រីប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ស្ត្រីមានផ្ទៃពោះធម្មតា ត្រូវទៅពិនិត្យសុខភាពយ៉ាងតិច៤ដង ហើយចំពោះស្ត្រីដែលមានសុខភាពមិនប្រក្រតី ត្រូវទៅពិនិត្យយ៉ាងតិច៨ដង តាមការណែនាំរបស់គ្រូពេទ្យឆ្មប នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុត។ ករណីមានសុខភាពមិនប្រក្រតី គួរជ្រើសរើសការសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានឧបករណ៍ បរិក្ខារ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងកូន។ ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុង៦ខែដំបូង និងនាំកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗឱ្យបានទៀងទាត់តាមកាលវិភាគ។ ក្រៅពីការលេបថ្នាំពន្យារ ត្រូវបរិភោគអាហារមានជីវជាតិ និងសម្រាកឱ្យបានពី ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធស៊ាំរាងកាយ។
សំភារៈអំណោយមនុស្សធម៌រួមមាន៖

១. សម្រាប់ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូន (សរុប ១១នាក់) ក្នុងម្នាក់ៗទទួលបាន៖
មុង ១
សារុង ២
កន្សែងពោះគោ ២
ខោអាវទារក ២ឈុត
សាប៊ូក្រអូប ២ដុំ និងសាប៊ូម្សៅ ១ថង់
ម្សៅទារក ១កំប៉ុង
អាវយឺត ២
ថវិកាឧបត្ថម្ភ ៥០,០០០ រៀល

២. សម្រាប់អ្នកផ្ទុកមេរោគអេដស៍(សរុប ២នាក់) ក្នុងម្នាក់ៗទទួលបាន៖
អង្ករ ២៥ គីឡូក្រាម
មី ១ កេស
ត្រីខ ១ យួរ
ឃីត ១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)
ថវិកាឧបត្ថម្ភ ៥០,០០០ រៀល៕
ប្រភព&រូបភាព÷សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top