សំណើ សំណូមពរ និងទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ១០ករណី ត្រូវបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុក កងមាស
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅស្រុកកងមាស បានលើកឡើងនូវសំណើរ សំណូមពរ និងទុក្ខកង្វល់ ១០ករណី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៦ ។

ពិធីនេះធ្វើឡើង នៅក្នុងបរិវេណ វត្តរកាអារ ស្ថិតនៅភូមិរកាអារ ឃ៉ំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក លីសារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមបានថ្លែងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាគណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ បានចំនួន ១០ករណី និងបានឆ្លើយតប បកស្រាយបំភ្លឺនូវសំណួរ និងសំណូមពរបានមួយចំនួន។ ដោយឡែក សំណូមពរដែលនៅសេសសល់ និងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាលនីមួយៗផងដែរ៕







អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: រដ្ឋបាលខេត្ត
