រយៈពេល១១ថ្ងៃ បងប្អូនអតីតពលករខ្មែរ និងសាធារណជនជាង ២ ០០០នាក់ មកធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២
ភ្នំពេញ៖ ក្នុងរយៈពេល ១១ថ្ងៃគិតចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ អតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងសាធារណជនសរុប ២ ២០៧នាក់ បានចូលរួមធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជំហានទី២ ដើម្បីបម្លែងបទពិសោធន៍ការងារ និងជំនាញដែលទទួលបានពីការអនុវត្តជាក់ស្តែង ជាលិខិតទទួលស្គាល់ជំនាញផ្លូវការ។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ក្នុងចំណោមអ្នកដែលបានធ្វើតេស្តទទួលស្គាល់ជំនាញពីមុនសរុប ២ ២០៧នាក់នោះ មានសាធារណជនទៅធ្វើតេស្តជំនាញ ការងារឆុងនិងរចនាកាហ្វេចំនួន និងជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ សរុប ១៩៧ នាក់។ ក្រៅពីនេះ អតីតពលករសរុប ២ ០១០នាក់ផ្សេងទៀតបានធ្វើតេស្តទទួលស្គាល់ជំនាញលើផ្នែកស័យសំណង់។

លោកថ្លែងថា៖«លទ្ធផលដែលមានអ្នកចូលរួមធ្វើតេស្តជាង ២ ពាន់នាក់ ក្នុងរយៈពេលត្រឹមតែ ១១ថ្ងៃ បង្ហាញពីការចាប់យកឱកាសរបស់បងប្អូនអតីតពលករ និងសាធារណជន ក្នុងការទទួលស្គាល់សមត្ថភាពជំនាញរបស់ខ្លួន ដើម្បីឱ្យជំនាញក្លាយជាមូលដ្ឋានសម្រាប់ការងារ និងប្រាក់ចំណូល»។

សូមបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍ និងទទួលស្គាល់ជំនាញរបស់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ឱកាសធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ជំហានទី២ ដែលរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដោយរ៉ាប់រងថ្លៃធ្វើតេស្តជំនួសដល់អតីតពលករចំនួន ១០ ០០០នាក់បន្ថែម លើមុខជំនាញចំនួន ១៣ ក្នុងវិស័យសំណង់ រួមមាន ការងារកំបោរ ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងាររន្ទា ការដំឡើងសរសៃដែក ការផ្សារអគ្គិសនី ការលាបថ្នាំអគារ ការងារត្រាសសេ និងជីករណ្តៅគ្រឹះ ការដំឡើងដំបូល ការងារបេតុង និងការងារលាយបាយអរ និងបេតុង។ ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់ឱកាសដល់សាធារណជនចំនួន ១ ០០០នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញចំនួន ២ គឺជំនាញការងារឆុងការហ្វេនិងរចនាកាហ្វេ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ ផងដែរ៕






