«អ្នកទិញកំពូល» តាមរយៈពិព័រណ៍ CIIE៖ ទីផ្សារចិនផ្តល់កម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល
ទោះបីជាសេដ្ឋកិច្ចសកល កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃនិន្នាការគាំពារនិយមយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហកម្រិតខ្ពស់ តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជាបន្តបន្ទាប់។ ការរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៩ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «យុគសម័យថ្មី អនាគតរួម» ពីថ្ងៃទី៥ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ គឺជាសាក្ខីភាពនៃការប្តេជ្ញាចិត្តឥតងាករេរបស់ចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ។
លើសពីវេទិកាតាំងពិព័រណ៍ផលិតផល CIIE លើកទី៩ បានក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងទីផ្សារចិន និងពិភពលោក ដោយបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម ការវិនិយោគនិងការផ្លាស់ប្តូរបច្ចេកវិទ្យា ហើយបញ្ជាក់ពីតួនាទីរបស់ចិនក្នុងនាមជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ជាមួយនឹងការចូលរួមពីអ្នកតាំងបង្ហាញផលិតផលជាង ៤.០០០ រួមទាំងក្រុមហ៊ុនក្នុងបញ្ជី Fortune Global 500 និងក្រុមហ៊ុនឈានមុខគេតាមវិស័យនានាជាង ៣០០ CIIE លើកទី៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តខ្ពស់របស់សហគ្រាសអន្តរជាតិមកលើភាពរឹងមាំ និងសក្តានុពលនៃទីផ្សារចិន។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៨ មក CIIE បាននាំមកនូវកាលានុវត្តភាពដល់សហគ្រាសអន្តរជាតិរាប់ពាន់ ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម លើកកម្ពស់នវានុវត្តន៍ និងឈានចូលទីផ្សារអ្នកប្រើប្រាស់របស់ចិន។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់
ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងជំរុញសេដ្ឋកិច្ចសកល។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល និងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងផលប្រយោជន៍រួម។
ជាមួយនឹងការអនុវត្តគោលនយោបាយបើកចំហកម្រិតខ្ពស់ ជាពិសេសតាមរយៈ CIIE ប្រទេសចិនបានវិវត្តខ្លួនពី «អ្នកលក់កំពូលរបស់ពិភពលោក» ទៅជា «អ្នកទិញកំពូលរបស់ពិភពលោក» ដោយបន្តពង្រីកការនាំចូលផលិតផលជាច្រើន រាប់ចាប់តាំងពីកសិផល គ្រឿងបន្លាស់ និងគ្រឿងអលង្ការ រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រទេសចិនបានក្លាយទៅជាទីផ្សារនាំចូលធំបំផុតទីពីរនៅលើពិភពលោក ក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។ សម្រាប់រយៈពេល ៩ ខែដំបូង នៃឆ្នាំ២០២៦ ការនាំចូលរបស់ចិនបានឈានទៅដល់ ១៦,៧ ទ្រីលានយាន់ ប្រមាណ ២,៥ ទ្រីលានដុល្លារ កើនឡើង ២២,៣% ដែលជាកំណើនខ្ពស់ជាងគេ ចាប់តាំងពីឆ្នាំ២០២១។
កំណើននេះមិនត្រឹមតែបំពេញតម្រូវការផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុកចិនទេ ប៉ុន្តែថែមទាំងផ្តល់នូវការបញ្ជាទិញ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មផងដែរ។ គិតត្រឹមឆ្នាំ២០២៦ ប្រទេសចិនបានផ្តល់ការអនុគ្រោះពន្ធ ០% ដល់ប្រទេសចំនួន ៦៣ ដែលការណ៍នេះបានជួយសម្រួល និងបើកផ្លូវសម្រាប់ផលិតផលមកពីក្រៅប្រទេសឱ្យមានលទ្ធភាពចូលមកកាន់ទីផ្សារយក្សចិន។ បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយ ១៦៩ ប្រទេសនិងតំបន់ ដោយទំហំពាណិជ្ជកម្មទំនិញសរុបសម្រេចបាន ៣៩,៩៤ ទ្រីលានយាន់ (កើនឡើង ១៨,៨% ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦)។
ផ្អែកលើផែនការប្រាំឆ្នាំលើកទី១៥ (ឆ្នាំ២០២៦-២០៣០) ប្រទេសចិននឹងបន្តពង្រីកការនាំចូលឧបករណ៍បច្ចេកវិទ្យាទំនើប គ្រឿងបង្គុំសំខាន់ៗ ធនធានថាមពល និងផលិតផលកសិកម្មប្រកបដោយគុណភាព ព្រមទាំងធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា។ ការណ៍នេះនឹងបន្តនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសអន្តរជាតិ និងផ្តល់កម្លាំងជំរុញបន្ថែមដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
សរុបមកវិញ CIIE លើកទី៩ មិនត្រឹមតែជាវេទិកាតាំងបង្ហាញផលិតផលទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបន្តបើកចំហកម្រិតខ្ពស់ ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្មសកល។ នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងត្រូវការកម្លាំងជំរុញថ្មី ការបន្តបើកចំហទីផ្សាររបស់ចិន នឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនសម្រាប់តំបន់ និងពិភពលោក ព្រមទាំងនាំមកនូវវិបុលភាពរួមសម្រាប់មនុស្សជាតិ។
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា


