ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្ដរក្រសួងស្តីពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការជួសជុល និងស្ដារលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័នឡើងវិញ រួមមានសំណង់ប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន លូ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
គួរបញ្ជាក់ផងដែរថា តាមរយៈអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងកសិករដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ដើម្បីស្ដារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ៕


