នយោបាយ

រដ្ឋមន្រ្តីមហាផ្ទៃ៖ សម រង្ស៊ី មកស្រុកខ្មែរនៅថ្ងៃ៩ វិច្ឆិកា មិនដូចមកកាលពីឆ្នាំ២០១៣នោះទេ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា សម រង្ស៊ី វិលមកស្រុកនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩មានឈ្មោះជាទណ្ឌិត និងជនក្បត់ជាតិ មិនដូចកាលមកស្រុកខ្មែរ កាលពីឆ្នាំ២០១៣ដែលទទួលបាន ការប្រោសព្រះរាជទាន លើកលែងទោសពីព្រះមហាក្សត្រនោះទេ។

ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ២០១៩-២០២៣ ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ សម្ដេច ស ខេង ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា “គាត់មក (ទណ្ឌិត សម រង្ស៊ី) មិនមែននាំសន្ដិភាពមកទេ សន្ដិភាព មានស្រាប់ហើយ ប៉ុន្ដែមកដើម្បីបំផ្លាញ សន្ដិភាព សុខសន្ដិភាព ។មិនដូចឆ្នាំ២០១៣ទេ ២០១៣ គាត់មកដោយមាន ការលើកលែងទោស ហើយមកចូលរួមបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ចឹងប្រជាជនគាត់ ទៅទទួលជារឿងធម្មតា។ប៉ុន្ដែលើកនេះ គាត់មកមិនមែនក្នុងន័យអីចឹងទេ វាខុសគ្នា។ ឥឡូវយើងចង់បានសន្ដិភាពប៉ុណ្ណាទៀត ឬយើងចង់បានបំផ្លាញសន្ដិភាព។ ចឹងហើយអ្នកណាក៏ដោយ ដែលធ្វើឲ្យប៉ះពាល់ ដល់សន្ដិសុខនៃរដ្ឋ សន្ដិភាព ស្ថេរភាព គឺចាប់”។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់សារជាថ្មីថា ក្រុមរបស់ទណ្ឌិតសម រង្ស៊ី មានគម្រោងវិលមកស្រុកខ្មែរវិញដើម្បីបំផ្លាញសន្ដិភាព ស្ថេរភាពនយោបាយ មិនមែនមករៀបចំការបោះឆ្នោត នាពេលខាងមុខឡើយ។
សម្ដេច ស ខេង បន្ថែមថា សមត្ថកិច្ចមិនមែនចេះតែចាប់ខ្លួនសកម្មជន អតីតគណបក្សសង្គ្រោះជាតិនោះឡើយ។សម្ដេចថា សមត្ថកិច្ចចាប់តែមុខសញ្ញាណាដែលខុសច្បាប់ មានគម្រោងបំផ្លាញសន្ដិភាព និងគាំទ្រការវិលត្រឡប់របស់ជនក្បត់ជាតិ សម រង្ស៊ី។

សម្ដេច មានប្រសាសន៍ថា “យើងជាអ្នកនយោបាយបក្សប្រឆាំង មិនដែលពេញចិត្តរាជរដ្ឋាភិបាលទេ តាមផ្លូវច្បាប់គេអាចធ្វើបាន ជាសិទ្ធិសេរីភាព ។ក៏ប៉ុន្ដែ បញ្ហាទាក់ទងនឹងព្រះមហាក្សត្រ ដែលបញ្ហានេះខុសច្បាប់ ព្រោះច្បាប់មិនអនុញ្ញាត ព្រោះព្រះមហាក្សត្រ លោកមិនធ្វើនយោបាយទេ លោកគ្រងរាជ្យ តែលោកមិនកាន់អំណាច។ការប្រកួតប្រជែងរិះគន់ជាមួយរាជរដ្ឋាភិបាលជារឿងត្រឹមត្រូវមិនខុសច្បាប់”។

សម្ដេចពន្យល់ថា ការតស៊ូដោយសន្ដិវិធី តាមបែបផែនប្រជាធិបតេយ្យ អត់ខុសច្បាប់ទេប៉ុន្តែការ បង្កើតកងទ័ពប្រឆាំងទៅនឹងរាជរដ្ឋាភិបាលប្រឆាំងប្រទេសជាតិគឺខុសច្បាប់។

សម្ដេចបន្ថែមថា ក្រុមរបស់ទណ្ឌិត សម រង្ស៊ី វិលមកស្រុកខ្មែរវិញ នៅថ្ងៃទី៩ វិច្ឆិកា នាពេលខាងមុខនេះ ព្រះមហាក្សត្រ មិនទាន់ប្រោសព្រះរាជទាន លើកលែងទោសឡើយ ដូច្នេះសមត្ថកិច្ចមានសិទ្ធិចាប់ខ្លួន គ្រប់ពេលវេលា៕ ដោយ៖ អេង ប៊ូឆេង

To Top
×