នយោបាយ

កម្ពុជា-វៀតណាម-ឡាវ ប្ដេជ្ញាបន្តដោះស្រាយបញ្ហា ប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍ

ភ្នំពេញ៖​ ប្រមុខដឹកនាំកម្ពុជា​ វៀតណាម​ និងឡាវ​ បានប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី ។ នេះបេីយោងតាម​ AKP ។ 

នៅមុនពិធីបើកកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារ ពេលព្រឹកជាមួយលោក ង្វៀ ន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងលោកថងលូន ស៊ីស៊ូ លីត នាយករដ្ឋមន្រ្តីឡាវ។

ក្នុងពិធីពិសារអាហារ ពេលព្រឹកការងារនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ សម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការ បន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃ ការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ 

ជាងនេះទៀត ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោង អាទិភាពនៃការអភិវឌ្ឍឱ្យមានការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែទទួល បាននូវការ លើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕

To Top