នយោបាយ

លិខិតមិត្តអ្នកអាន៖ “នយោបាយ យកពលរដ្ឋធ្វើឈ្នាន់ បរាជ័យហើយ!

ដូចការទាយទុកមែន លោក សម រង្ស៊ី និងមេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ផ្សេងទៀតដូចជា មួរ សុខហួរ និងអេង ឆៃអ៊ាង ជាដើមកំពុងជំរុញឲ្យអ្នកគាំទ្រ របស់ខ្លួនដែលចាញ់បោកការលួងលោមឲ្យចេញមុខ ធ្វើសកម្មភាពខុសច្បាប់ជំនួសខ្លួនដែលឈរមើលពីចម្ងាយ ហើយមិនហ៊ានអើតក្បាលមកខ្លួនឯងទេ។ 

លោកស្រី មួរ សុខហួរ ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ទីដែលគេវាស់ដីឲ្យដើរនោះ បានលួចផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពី យប់ថ្ងៃទី ៨ វិច្ឆិកា ដោយបានប្រើភាសាបោកប្រាស់ អ្នកគាំទ្ររបស់ខ្លួនជាពិសេសពលករនៅ ប្រទេសថៃឲ្យចេញមុខក្រោកឈរធ្វើចលនាដោយមិនចាំបាច់ រង់ចាំមេដឹកនាំចូលរួមទេ។ ពាក្យសម្តីនេះខុសពីការអះអាងកាលពីមុនដែលថា លោក សមរង្ស៊ី និងថ្នាក់ដឹកនាំ អតីតបក្សសង្គ្រោះជាតិផ្សេងទៀតនឹងមកដឹកនាំក្បួនផ្ទាល់ចូលកម្ពុជា។លោកស្រី មួរ សុខហួរ បានខិតខំបញ្ចុះបញ្ចូលអ្នកគាំទ្រ របស់ខ្លួនដែលជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងអន្ទាក់ របស់ខ្លួនហើយហ៊ានប្រព្រឹត្តល្មើសច្បាប់ក្នុងផែនការរដ្ឋប្រហារថ្ងៃ ៩ វិច្ឆិកា ដោយមានវិទ្យុអាស៊ីសេរី ជាអ្នកចាក់ចេកចាក់ស្ករ។

ចំណែកឯលោក សម រង្ស៊ី និងមួរ សុខហួរ ខ្លួនឯងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយហើយ រង់ចាំមើលពីចម្ងាយ។ នេះបានចំជាអ្នកនយោបាយដែលយកពលរដ្ឋធ្វើឈ្នាន់ដើម្បីកេងចំណេញនយោបាយលើខ្នងរាស្ត្រ ដ៏អាក្រក់និងឃោរឃៅបំផុត។ 

អ្នកនយោបាយបែបនេះ គេហៅថា ជាអ្នកនយោបាយដ៏ថោកទាបបំផុតដែលរស់ដោយសារ ជញ្ជក់ឈាមនិងទឹកភ្នែករបស់ពលរដ្ឋស្លូតត្រង់ ជាពិសេសគឺសកម្មជននិងអ្នកគាំទ្ររបស់ខ្លួន។

ប៉ុន្តែ ផែនការវិលចូលស្រុកវិញ នៅថ្ងៃ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ពិតជាបានបរាជ័យទាំងស្រុងពីព្រោះនៅព្រឹកថ្ងៃទី 9 វិច្ឆិកានេះ ស្ថានការណ៍ នៅប៉ោយប៉ែតមានសភាពស្ងប់ស្ងាត់ធម្មតា ដោយគ្មានអ្វីកើតឡើងទាំងអស់។ មានមូលហេតុ មួយចំនួនដែលអាចបញ្ជាក់ថា ផែនការរបស់សម រង្ស៊ីបានបរាជ័យ៖ 

មូលហេតុទី១៖ ដោយសារតែមេចលនាឧទ្ទាមខុសច្បាប់គឺលោក សម រង្ស៊ី និងគូកនមិនអាចឈានជើងចូលទឹកដីថៃបានឡើយពីព្រោះ អាជ្ញាធរថៃបានបិទរូបថត លោក សម រង្ស៊ី និងគូកន ដែលជាក្រុមឧទ្ទាមក្រៅច្បាប់និងមានដិកាចាប់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់។ បើហ៊ានអើតក្បាលច្បាស់ជា ត្រូវអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាជាមិនខាន។ ដូច្នេះ គ្មានអ្វីដែលយើងត្រូវឆ្ងល់និងមន្ទិលសង្ស័យទៀត ទេព្រោះចលនាឬសកម្មភាពណាមួយពិតជាមិនអាចសំរេច បាននោះទេបើគ្មានមេដឹកនាំ គឺប្រៀបដូចជាសត្វពស់ដែរ បើអត់ក្បាលក៏មិនអាចវារទៅមុខ បានដែរ! បើនិយាយអោយខ្លី ផែនការរដ្ឋប្រហារ ៩វិច្ឆិកានេះគឺរលាយរលត់ព្រោះអត់ក្បាលម៉ាស៊ីន ដឹកនាំផ្ទាល់ហើយចង់យកពលរដ្ឋធ្វើជាឈ្នាន់តែប៉ុណ្ណោះ។

បើនិយាយតាមបែបផ្សេង ក្នុងសមរភូមិមួយ បើគ្មានមេដឹកនាំ ឬ បើមានមេទ័ពមហាកំសាកដូច សម រង្ស៊ី ប្រាកដជាចាញ់ ១០០% ពីព្រោះគ្មានកូនទាហានណាហ៊ានចេញមុខច្បាំងនោះឡើយ។

មូលហេតុទី២៖ ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរនៅស្រុកថៃ ភាគច្រើនបំផុតគេបានស្គាល់អស់ហើយក្រយ៉ៅ និងល្បិចបោករបស់លោក សម រង្ស៊ី និងគូកន ដែលមកលួងលោមពង្វក់ឲ្យ ពួកគេធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយចេញមុខ ប្រព្រឹត្តបទល្មើសជំនួសខ្លួន ហើយនៅពេលមាន បញ្ហាកើតឡើង ពួកគេជិះយន្តហោះទៅស្រុកបារាំង ឬសហរដ្ឋអាមេរិក រឺ អូស្ត្រាលី រឺ កាណាដា បាត់។ចំណែកឯអ្នកទទួលទោសជំនួសគឺ អ្នកគាំទ្រដែលមិនអាចរត់ទៅណាបាន។ ដូច្នេះ អ្នកទាំងនោះក៏លែងបណ្តោយខ្លួន អោយចាញ់បោក សម រង្ស៊ី ទៀតឡើយ។

មូលហេតុទី៣៖ អាជ្ញាធរថៃមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាព ណាមួយនៅលើទឹក ដីរបស់គេដើម្បីប្រឆាំងនឹងប្រទេសជិតខាងឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាកិច្ចសហការណ៍រវាងប្រទេសជិតខាងផង។ 

ដូច្នេះ ប្រសិនបើហ៊ាន ប្រមូលផ្តុំ ឬធ្វើសកម្មភាពអ្វីមួយច្បាស់ជាត្រូវអាជ្ញាធរថៃចាប់ខ្លួនជាមិនខាន។ ពលករខ្មែរដែលស្នាក់នៅនិងធ្វើការលើទឹកដីថៃ ប្រាកដជាបានដឹងច្បាស់ពីច្បាប់ នៅស្រុកថៃថាតឹងតែង យ៉ាងណា។ ដូច្នេះ ពួកគេ មិនចាញ់ការបោកប្រាស់របស់សម រង្ស៊ី និង មួរ សុខហួរ ឡើយហើយបើហ៊ានធ្វើសកម្មភាព គឺពិតជាត្រូវអាជ្ញាធរថៃចាប់ញាត់ទ្រុងជាក់ជាមិនខាន។

មូលហេតុទី៤៖ នៅខាងភាគីកម្ពុជាវិញ សមត្ថកិច្ចក៏បានឈរជើងការពារសន្តិសុខយ៉ាង រឹងមាំដែរដោយមិនអនុញ្ញាតឲ្យកម្លាំងខុសច្បាប់ណាមួយមកបំផ្លាញ

សុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈបាន ឡើយជាពិសេសក្នុងកំឡុងពេល បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក អកអំបុកសំពះព្រះខែនេះ។ ប្រសិនបើមានសកម្មភាពមិនប្រក្រតីកើតឡើង សមត្ថកិច្ចនឹងចាត់វិធានការភ្លាម យ៉ាងមានប្រសិទ្ធភាពបំផុត។ 

មូលហេតុទី៥៖ ពលរដ្ឋខ្មែរ នៅក្នុងប្រទេសឯណេះវិញ កំពុងសប្បាយរីករាយ អបអរសាទរទិវា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកដែលជាពេលវេលា ដ៏សប្បាយរីករាយដ៍ធំបំផុតប្រចាំឆ្នាំ។ ដូច្នេះ គ្មានអ្នកណាទៅនឹកនាដល់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយលោក សម រង្ស៊ី ដែលចង់មកបង្កចលាចលសង្គមនោះឡើយ។

សរុបទៅ ថ្ងៃទី ៩ វិច្ឆិកានេះ គឺពិតជាគ្មានស្រមោល សម រង្ស៊ី នៅលើទឹកដីកម្ពុជាទេ ហើយក៏គ្មានអ្វីកើតឡើងទាំងអស់ក្រៅតែពីការសប្បាយរីករាយក្រោមដំបូល សន្តិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរ។

ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ

To Top