នយោបាយ

ទស្សនៈ និងមតិ៖ តើការសន្យា របស់អាមេរិក ជាការពិតឬ?

ភ្នំពេញ៖ ស្ថានភាពនយោបាយ ក៏ដូចជាទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកបានឈានដល់ ដំណាក់កាលបង្អង់សំឡេង វាយប្រហារគ្នា និងបង្កើនកិច្ចសន្ទនាចាប់តាំងពី មេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និងមេដឹកនាំកំពូលកម្ពុជា បានឆ្លើយឆ្លងលិខិត ទៅវិញទៅមកកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពោលចាប់តាំងពីសហរដ្ឋអាមេរិក និងកម្ពុជាបានចាប់ផ្ដើមខ្វែងគំនិតគ្នា ក្នុងសម័យកាល លោក Eisenhower ប្រធានាធិបបតីសហរដ្ឋអាមេរិក នៅឆ្នាំ១៩៥៦ និងសម្ដេចព្រះបរមរតនកោដ្ឋ ព្រះប្រមុខរដ្ឋកម្ពុជា រហូតមកដល់ពេលនេះមានរយៈកាល ៦៣ឆ្នាំហើយ។ នៅក្នុងការបោះដៃរកគ្នា រវាងមេដឹកនាំកំពូលទាំងពីរ ពិតណាស់គឺមេដឹកនាំទាំងពីរ ប្រាកដជាមានក្រុមការងារ ធ្វើការនៅពីក្រោយឆាក និងមុននាំឈានទៅដល់ មានការផ្លាស់ប្ដូរលិខិតផ្លូវការ។

លោក ដូ ណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមរិកទី៤៥ ក្នុងនាមជាប្រទេសមហាអំណាច បានសរសេរលិខិតផ្លូវការមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយនៅក្នុងលិខិតរបស់លោកប្រធានាធិបតី មានបង្កប់ដោយអត្ថន័យដ៏ ជ្រាលជ្រៅ២ចំណុចធំៗ៖ ទី១.ការចង់ស្ដារទំនាក់ទំនង រវាងប្រទេសទាំងពីរ, ទី២.អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេសកម្ពុជា ដែលជាសមាជិកអាស៊ានចូលរួម កិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅ Las Vegas សហរដ្ឋអាមេរិក នាពាក់កណ្ដាលខែមីនា ឆ្នាំ២០២០។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក៏បានឆ្លើយតបទៅនឹង លិខិតរបស់លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយសម្ដេចក៏បានគូសបញ្ជាក់ ពីសារសំខាន់ ២ចំណុចវិញដែរ៖ ទី១.ឯកភាពទៅនឹងលិខិតរបស់លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បញ្ចប់ភាពខ្មៅងងឹតក្នុងអតីតកាល ហើយចង់កសាងទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិក។ ទី២.សម្ដេចយល់ព្រមទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅសហរដ្ឋអាមេរិក។ យោងតាមបណ្ដាញសារព័ត៌មាននានា បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន អាមេរិកគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២០ នៅLas Vegas សហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា នៅក្នុងលិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលផ្ញើជូនគូភាគីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរយ៉ាងច្បាស់ថា «សហរដ្ឋអាមេរិកនៅតែបន្តប្ដេជ្ញា ចំពោះអនាគតសន្តិភាព ស្ថេរភាព និងវិបុលភាពសម្រាប់ប្រជាជនកម្ពុជា។ នេះគឺជាចក្ខុវិស័យដែល សហរដ្ឋអាមេរិកបានគាំទ្រ និងវិនិយោគតាំងពីដំណាក់កាលដំបូង ដែលកម្ពុជាបានរួចផុតពីសង្រ្គាមស៊ីវិល ដែលអូសបន្លាយអស់ជាច្រើនឆ្នាំ។ ហើយតាំងពីពេលនោះ មកសហរដ្ឋអាមេរិកបានធ្វើការងារ ប្រកបដោយផ្លែផ្កាជាមួយ រដ្ឋាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន រួមទាំងការគាំទ្ររបស់ សហរដ្ឋអាមេរិកលើសេវាកម្មផ្នែកយោធា សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគហើយដែលការ គាំទ្រទាំងនោះបានរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសមត្ថភាព សម្រាប់សង្គមស៊ីវិល និងស្ថាប័នអភិបាលកិច្ចកម្ពុជា។ សហរដ្ឋអាមេរិកជឿជាក់ថា កម្ពុជាដែលប្រកបដោយសន្តិភាព និងវិបុលភាពគឺជាកម្លាំងដ៏ប្រសើរមួយ»។

លិខិតដែលចុះហត្ថលេខាដោយលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបន្តថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយព្រះរាជាណាចក្រកម្ពុជា បានពើបប្រទះការលំបាក ប៉ុន្តែភាពរកាំរកូសនេះមិនបម្រើ ឲ្យប្រយោជន៍ប្រជាជនអាមេរិក និងកម្ពុជាទេ។ ក្នុងហេតុផលនេះខ្ញុំសូមឆ្លៀតយក ឱកាសនេះគូសបញ្ជាក់ជូនសម្ដេចថា សហរដ្ឋអាមេរិកគោរពឆន្ទៈ អធិបតេយ្យភាពរបស់ប្រជាជនកម្ពុជា ហើយសហរដ្ឋអាមេរិកមិនស្វែងរក ឲ្យមានការផ្លាស់ប្ដូររបបនោះទេ រដ្ឋបាលរបស់ខ្ញុំស្វះស្វែង ធ្វើឲ្យទំនាក់ទំនងជាមួយរដ្ឋាភិបាល របស់សម្ដេចដោយផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមក។

សហរដ្ឋអាមេរិក នឹងបន្តគូសបញ្ជាក់ពីជំនឿស្នូលរបស់ខ្លួនថា ការប្តេជ្ញាឆ្ពោះទៅរកល ទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋបង្កើតបានជាមាគ៌ា ដ៏ល្អបំផុតឆ្ពោះទៅសន្តិភាព ស្ថេរភាព និងវិបុលភាពសម្រាប់ គ្រប់ប្រជាជាតិទាំងអស់។ វាមានសារៈសំខាន់ណាស់ សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី ដែលសម្តេចត្រូវនាំកម្ពុជាត្រលប់ មករកមាគ៌ាអភិបាលកិច្ចតាម បែបប្រជាធិបតេយ្យវិញ។ ជាជំហានដំបូងខ្ញុំសង្ឃឹមថា សម្តេចនឹងពិនិត្យឡើងវិញ នូវការសម្រេចមួយចំនួនដែលរដ្ឋាភិបាលសម្តេច ប្រកាន់យកហើយដែលការសម្រេចទាំងនេះ សហរដ្ឋអាមេរិកជឿជាក់មុតមាំថា វានឹងនាំឲ្យការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាព និងអធិបតេយ្យភាពយូរអង្វែង របស់ព្រះរាជាណាចក្រកម្ពុជា ធ្លាក់ក្នុងគ្រោះថ្នាក់ខ្លាំង។ ប្រសិនបើសម្តេចឯកភាព យើងអាចណែនាំឱ្យក្រុមទទួលបន្ទុក នយោបាយការបរទេសរបស់ យើងចាប់ផ្តើមកិច្ចពិភាក្សាគ្នា។ ជាទីបញ្ចប់ ខ្ញុំសូមជូននូវការគោរពដ៏ខ្លាំងរបស់ខ្ញុំ ចំពោះសម្ដេច និងជូនចំពោះប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា» ។

ដោយឡែកសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់នៅក្នុង សារលិខិតជូនលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅពោលគឺ ២៥ថ្ងៃក្រោយ ពីបានទទួលលិខិតរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកថា «អំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ខ្ញុំសូមឯកភាពជាមួយឯកឧត្តម ដែលថាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានឆ្លងកាត់នូវដំណាក់កាលតឹងតែង និងធូរស្រាលជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយខ្ញុំយល់ថា យើងមិនត្រូវឲ្យខ្លួនយើងក្លាយជា ចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះ នៃប្រវត្តិសាស្រ្តររបស់យើងទៀតទេ» ។

សម្ដេចបានបន្តថា «មានដំណាក់កាលដ៏ស្រស់បំព្រង ជាច្រើនផ្សេងទៀតដែលមានសារប្រយោជន៍ ក្នុងការបំពាក់បំប៉នពូនជ្រុំ សម្រាប់ធ្វើឲ្យទំនាក់ទំនង រវាងប្រទេស និងប្រជាជនយើងទាំងពីរកាន់តែ មានការរីកលូតលាស់ថែមទៀត។ នៅពេលបច្ចុប្បន្ននេះមួយផ្នែក នៃវិបុលភាពរបស់ប្រជាជនកម្ពុជា គឺពិតជាបានមកពីលទ្ធផល នៃការចូលរួមវិភាគទានរបស់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ផ្ដើមពីការធ្វើប្រជាធិបតេយ្យនូបនីយកម្ម ដោយសន្តិវិធីដល់ការ កសាងប្រទេសជាតិ អភិបាលកិច្ចសង្គម និងការទទួលបានចូលទីផ្សារ ដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃចំពោះកាយវិការ ដ៏សប្បុរសធម៌នេះ» ។

សម្ដេចតេជោបានបន្តបញ្ជាក់ ជូនគូភាគីតាមរយៈលិខិតថា «សំខាន់បំផុតខ្ញុំទទួលបាន នូវការធានាតាមរយៈការអះអាង ដ៏ជាក់លាក់របស់ឯកឧត្តម ក្នុងការស្វែងរកការចូលរួម ដ៏ពិតប្រាកដក្នុងការ អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋជាជាងការផ្លាស់ប្ដូររបប»។

សម្ដេចតេជោបានគូសបញ្ជាក់ថា «ជាប្រទេសមួយដែលមាន លទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី ឯកឧត្តមប្រហែលជាអាចទទួលស្គាល់ ការតស៊ូរបស់យើងខ្ញុំក្នុងការស្វែងរក សន្តិភាពពេញលេញមួយដែល ជាលក្ខខណ្ឌមិនអាចខ្វះបានមុនពេល ដែលយើងខ្ញុំអាចកសាងប្រទេសឡើងវិញ ដោយប្រកាន់ខ្ជាប់នូវ ប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះការយោគយល់ និងការអត់ធ្មត់របស់ឯកឧត្តម ចំពោះបញ្ហាទាំងអស់នេះដោយខ្ញុំ មានសេចក្ដីរីករាយឲ្យក្រុមការងារ កិច្ចការបរទេសរបស់យើងខ្ញុំ ធ្វើការជាមួយក្រុមការងារ កិច្ចការបរទេសរបស់ ឯកឧត្តមដើម្បីស្ដារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ នូវការកសាងឡើងវិញនូវ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចដែលឯកឧត្តមបានបញ្ជាក់ នៅក្នុងលិខិតរបស់ឯកឧត្តម» ។

ក្រុមអ្នកវិភាគនយោបាយស្ដីពី បញ្ហាកម្ពុជាបាននិយាយថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលពីជិត ២ឆ្នាំកន្លងទៅនេះ បានធ្លាក់ដល់កម្រិតទាបបំផុត ស្ទើរស្មើនឹងការផ្ដាច់ចំណងការទូត នៅក្នុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៦០ នាសម័យសង្គមរាស្រ្តនិយម។ ការធ្លាក់ចុះស្ទើរស្មើសូន្យនេះ ក្រោយពីកម្ពុជាបានចាប់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ នៅពេលនោះកាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ ពីបទសន្ទិដ្ឋិភាជាមួយបរទេស ហើយត្រូវបានតុលាការកំពូល កាត់សេចក្ដីរំលាយគណបក្សនេះចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងផ្អាកអតីតអ្នកយោបាយ គណបក្សសង្រ្គោះជាតិ ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ព្រមទាំងរំលាយសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ថែមទៀតផង។ បើទោះបីជាសាលដីកាពុំបានគូសបញ្ជាក់ថា អ្នកណានៅពីក្រោយខ្នងក៏ដោយ ក៏អ្នកវិភាគអំពីសភាពការណ៍ នយោបាយនៅកម្ពុជាបានលើកឡើងថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយខ្នង នៃគណបក្សសង្រ្គោះជាតិ ហើយដែលគណបក្សនេះមានផែនការផ្ដួលរំលំ រាជរដ្ឋាភិបាលរបស់បុរសខ្លាំងកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចេញពីអំណាចនិងការផ្លាស់ប្ដូរ របបតាមរយៈបដិវត្តន៍ពណ៌។

អ្នកវិភាគបាននិយាយថា ដោយផ្អែកលើប្រវត្តិសាស្រ្ត និងភូមិសាស្រ្តនយោបាយសហរដ្ឋអាមរិក និងកម្ពុជាបានខ្វែងគំនិតគ្នា តាំងពីចុងទសវត្សរ៍៥០ នៅពេលដែលសហរដ្ឋអាមេរិក មានផែនការបង្កើតអង្គការសេអាតូ ហើយបបួលកម្ពុជាឲ្យចូល ទៅក្នុងអង្គការយោធាមួយនេះ។ សូមបញ្ជាក់ថា អង្គការសេអាតូដែលមានបំណង បង្កើតឡើងដោយសហរដ្ឋអាមេរិក ក្នុងពេលនោះមានបំណងទប់ស្កាត់ លទ្ធិកុម្មុយនីស្តដែលរីករាលដាលយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សហភាពសូវៀត ដែលចូលមកដល់អតីតឥណ្ឌូចិន និងមួយផ្នែកទៀតកំពុងរីករាលដាល ដោយប្រទេសចិនប្រជាមានិត ដឹកនាំដោយលោកប្រធានម៉ៅ សេទុង។ នៅក្នុងអំឡុងទស្សនកិច្ចនៅឆ្នាំ១៩៥៨ សម្ដេចព្រះនរោត្តម សីហនុ ក្នុងឋានៈជាព្រះប្រមុខរដ្ឋនៃ កម្ពុជាព្រះអង្គបានជួបជាមួយ សមភាគីអាមេរិកដែល ពេលនោះដឹកនាំដោយ លោក Eisenhower ជាប្រធានាធិបតី និងលោក John Foster Dulles រដ្ឋមន្រ្តីក្រសួងការបរទេសអាមរិក មានការខ្វែងគំនិតគ្នាដោយព្រះអង្គ មិនសព្វព្រះរាជហទ័យយកកម្ពុជា ចូលទៅក្នុងប្លុកសេហាតូនោះឡើយ។

នៅក្នុងសៀវភៅដែលព្រះរាជនិពន្ធ ដោយសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលមានចំណងជើងថា «រាជសកម្មភាពដើម្បី ឯករាជ្យបរិបូរណ៍នៃកម្ពុជា (ទសវត្សរ៍១៩៤០-១៩៥០)» ហើយដែលអាចរកទិញបាន នៅគ្រប់បណ្ណាគារនៅក្នុងទំព័រ ១០៤ ព្រះអង្គបានចុត្មាយថា «នៅឆ្នាំ១៩៥៨នៅក្នុងរដ្ឋវ៉ាស៊ីនតោនឌីស៊ី… ខ្ញុំមានការជជែក (យ៉ាងតឹងសសៃក) ជាមួយលោក John Foster Dulles អំពីបញ្ហាអព្យាក្រឹត្យភាពកម្ពុជា»។

លោករដ្ឋលេខាធិការអាមេរិក (រដ្ឋមន្រ្តីក្រសួងការបរទេស) ដ៏ល្បីល្បាញរូបនោះបាននិយាយ ប្រាប់ខ្ញុំជាភាសាបារាំងដ៏ស្ទាត់ជំនាញថា «អព្យាក្រឹត្យភាពរបស់លោកពិត ជាគ្មានន័យអ្វីទាំងអស់។ ប្រសិនបើលោកមិននៅខាងយើង(លោកសេរី)ទេ , លោក (កម្ពុជា) ពិតជាលម្អៀងទៅរកប្លុក កុម្មុយនីស្តជាមិនខាន»។

អ្នកវិភាគស្ថានភាពនយោបាយកម្ពុជា បានលើកឡើងថា ប្លុកកុម្មុយនីស្តនាពេលនោះ ដែលសំដៅទៅលើ ប្រទេសចិនប្រជាមានិត។ អ្នកវិភាគស្ថានការណ៍ នយោបាយកម្ពុជាបន្តថា ផ្ដើមចេញពីការខ្វែងគំនិតគ្នា នៅទីក្រុងវ៉ាស៊ីនតោននោះហើយ ដែលធ្វើឲ្យសហរដ្ឋអាមរិកតាមរយៈ CIA បានតាក់តែងនយោបាយ ការបរទេសសហរដ្ឋអាមេរិក ចំពោះកម្ពុជាធ្វើជាសត្រូវហើយ មានផែនការផ្ដួលរំលំព្រះអង្គចេញ ពីព្រះប្រមុខរដ្ឋតាមរយៈនៃ ការបង្កើតកូនជឹងរបស់ខ្លួន ប្រឆាំងនឹងការដឹកនាំរបស់ព្រះអង្គ។

អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា បានលើកឡើងថា នរណាក៏ដឹងដែរថា ក្រុមនោះដឹកនាំដោយ សម សារី សឺង ងុកថាញ់ ព្រាប ឥន្ទ សៅ ង៉ុយ ដាប ឈួន ដោយមានប្រទេសជិតខាង ខ្លះជាប់ពាក់ព័ន្ធមានផែនការ ទម្លាក់ព្រះអង្គតាមរយៈរូបភាពផ្សេងៗ ដូចជាការដាក់គ្រាប់បែកឲ្យផ្ទុះ ក្នុងព្រះបរមរាជវាំងចុងទសវត្សរ៍៥០ និងរហូតឈានដល់ផ្ដាច់ស្ថានទូត ជាមួយសហរដ្ឋអាមេរិកជិត ពាក់កណ្ដាលទសវត្សរ៍៦០ និងឈានទៅដល់ការធ្វើរដ្ឋប្រហារ បានសម្រេចនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ដឹកនាំដោយ លន់ នល់ សិរីមតៈ និងបរិវា ដែលមានស្ថាប័នចារកម្មរបស់អាមេរិកគឺ CIA របស់អាមេរិកដែលបានរៀបចំ យ៉ាងហ្មត់ចត់ដូចដែលពួកគេធ្លាប់ បានធ្វើនៅប្រទេសមួយចំនួន និយាយជារួមទៅលើបណ្ដាប្រទេស ដែលសហរដ្ឋអាមេរិក ចាត់ទុកជាគូបដិបក្ខនឹងខ្លួន។ ផ្អែកទៅលើភូមិសាស្រ្តនយោបាយរយៈកាល ១០០ឆ្នាំកន្លងទៅ សហរដ្ឋអាមេរិកនៅតែចាត់ទុកកម្ពុជា ជាសត្រូវហើយមានបំណងចង់ផ្ដួលរំលំ អ្នកកាន់អំណាចនៅភ្នំពេញជាបន្តបន្ទាប់។

ដោយសារតែនយោបាយ ដែលគូសវាស់ដោយ CIA របស់អាមេរិកនេះហើយ បានជាសហរដ្ឋអាមេរិកចាត់ទុក សម្ដេចព្រះបរមរតនកោដ្ឋជាគូ សត្រូវស្លាប់រស់រហូតដល់ព្រះអង្គសោយទិវង្គត នៅខែតុលា ឆ្នាំ២០១២។ អ្វីដែលស្ដែងឃើញឲ្យកាន់តែច្បាស់នេះ នៅពេលដែលប្រទេសកម្ពុជាទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានពាក់ព័ន្ធដទៃទៀត លោកបារ៉ាក់អូប៉ាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ បានអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ានអាមេរិក នៅទីក្រុងភ្នំពេញ ខែវិច្ឆិកា ឆ្នាំ២០១២ ប៉ុន្តែលោកប្រធានាធិបតីមហាអំណាច និងជើងឯកខាងប្រជាធិបតេយ្យរូបនេះ ពុំបានអញ្ជើញចូលគោរពព្រះបរមសព សម្ដេចព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំងដែលឋិត នៅមុខចតុមុខមង្គលនោះទេ ដែលលោក សុខចិត្តបង្ហួសក្បួនរថយន្ត ដែលការពារយ៉ាងយកចិត្តទុក្ខដាក់់ ពីភ្នាក់សន្តិសុខទាំងពីរប្រទេស នៅកោះពេជ្រដែលមានចំងាយតែ ២គីឡូម៉ែត្រ ពីព្រះបរមរាជវាំងចតុមុខមង្គល។ នេះក៏ព្រោះតែនយោបាយ CIA របស់អាមេរិកចាប់បង្ខំរដ្ឋបាលលោក អូប៉ាម៉ា មិនឲ្យខ្វល់ចំពោះកម្ពុជា។

ម្ដងហើយម្ដងទៀតតាមរយៈ CIA សហរដ្ឋអាមេរិកបានបង្កើត អង្គការក្រៅរដ្ឋាភិបាលជាច្រើន រួមទាំងជ្រៀតចូលបក្សនយោបាយ នៃអតីតគណបក្សសង្រ្គោះជាតិផង បានព្យាយាមធ្វើបដិវត្តន៍ពណ៌ ដើម្បីបណ្ដេញបុរសខ្លាំង ហ៊ុន សែន នៃកម្ពុជា ចេញពីអំណាចដោយប្រើប្រព័ន្ធ ឃោសនាពួកលោកខាងលិចរាប់សិបឆ្នាំ និងនៅតែបន្តបានសរសេរ វាយប្រហារដូចដែលគ្រាប់បែកបេ ៥២ទម្លាក់នៅកម្ពុជា ២លាន៧សែនតោន ក្នុងសង្រ្គាមវៀតណាម នៅចុងទសវត្សរ៍៦០ និងដើម៧០ នៅក្នុងទឹកដីកម្ពុជា ក្នុងគោលបំណងដើម្បីវាយសង្រ្គប់ និងយកប្រៀបទៅលើការ ស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរដែលថា សហរដ្ឋអាមេរិកទេដែលបង្ហាញបំណង ស្រឡាញ់ប្រជាជនកម្ពុជាពិតនោះ។

រូបភាពដែលសហរដ្ឋអាមេរិក ធ្វើដូចសព្វថ្ងៃមុនឈានទៅដល់ថ្ងៃ១៤ ខែ មីនា ឆ្នាំ២០២០ ដែលអាចថាមានជំនួបទ្វេភាគី តែមិនទាន់ឈានដល់ទស្សនកិច្ច ផ្លូវការរវាងលោកដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និងសមភាគីបុរសខ្លាំង ហ៊ុន សែន នៃកម្ពុជា គេអាចនិយាយបានថា ប្រព័ន្ធចារកម្មរបស់អាមេរិកដឹកនាំដោយ CIA បង្កើនការវាយប្រហារសម្ដេចតេជោ ហ៊ុន សែន យ៉ាងខ្លាំងតាមរយៈប្រព័ន្ធឃោសនានានា របស់គេជាពិសេសបណ្ដាញ ផ្សព្វផ្សាយព័ត៌មានអាស៊ីសេរី វីអូអេ និងដឹខេមបូឌាដេលី ដើម្បីយកប្រៀបលើតុចរចា។ រូបមន្តនេះបុរសខ្លាំងហ៊ុន សែន នៃកម្ពុជាក៏ធ្លាប់បានប្រើរួចមកហើយដែរ នៅក្នុងដំណាក់កាលចរចាផងស្វែងរក សន្តិភាពផងនៅកម្ពុជានា អំឡុងចុងទសវត្សរ៍ទី៨០និង៩០។

អ្នកវិភាគសភាពការណ៍កម្ពុជា បាននិយាយថា បើទោះបីបុរសខ្លាំងហ៊ុន សែន នៃកម្ពុជាជានាយករដ្ឋមន្រ្តី នៃប្រទេសដ៏ក្រីក្រដែលទើបងើបចេញ ពីសង្រ្គាមស៊ីវិលដែលបង្កាត់ភ្លើង ដោយមហាអំណាចក៏ដោយក្ដី ក៏ប៉ុន្តែឆ្លងតាមរយៈនៃការតស៊ូ និងកាន់អំណាចជាង ៣០ឆ្នាំផង អាចនឹងមានយុទ្ធសាស្រ្ត សមល្មមទប់ទល់ជាមួយមហាអំណាច ដើម្បីឲ្យកម្ពុជាដ៏អភ័ព្វនៃយើងគេចផុត ពីឥទ្ធិពលរបស់មហាអំណាច ក្នុងសតវត្សរ៍ទី២១។

អ្នកវិភាគបាននិយាយថា នៅក្នុងល្បែងនយោបាយប្រសិន បើអ្នកណាម្នាក់ត្រូវបានគេវាយមិនដួល ឬក៏ដួលហើយក្រោកមកវិញ បានអាចទប់ទល់ជាមួយគូសត្រូវនោះ គេហៅថាអ្នកយោបាយជើងខ្លាំង ដូច្នេះសហរដ្ឋអាមេរិក ដែលចាប់ផ្ដើមចង់ស្ដារទំនាក់ទំនង ជាមួយកម្ពុជាឡើងវិញនាពេលនេះ សហរដ្ឋអាមេរិកតាមរយៈ CIA របស់ខ្លួនអាចវាយតម្លៃបានថា បុរសខ្លាំងហ៊ុនសែននៃកម្ពុជា ពិតជាដៃគូមួយដែលមានគីឡូធ្ងន់ វាយមិនដួលអាចចរចា ជាមួយសហរដ្ឋអាមេរិកបាន។

អ្នកវិភាគសភាពការណ៍ នយោបាយកម្ពុជាបានលើកឡើងទៀតថា ដោយផ្អែកលើភូមិសាស្រ្តនយោបាយ និងការវិវត្តន៍ស្ថានភាពនយោបាយ បើសិនជាសហរដ្ឋអាមេរិកមិនស្ដារ ទំនាក់ទំនងឡើងវិញទេ នោះសហរដ្ឋអាមេរិកពិតជាខាតបង់ធំ ព្រោះចិនជាមហាអំណាចមួយ ដែលកំពុងមានឥទ្ធិពល នៅលើពិភពលោក ក្នុងតំបន់ ជាពិសេសបំផុតជាមួយប្រទេសកម្ពុជា។ ឆ្នាំនេះគឺជាឆ្នាំទី១០ នៃការចុះកិច្ចព្រមព្រៀងយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយររវាងកម្ពុជា និងចិន។ ថ្មីៗនេះសមាជិសភាអាមេរិកទាំងពីរ គណបក្សបានមកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងអំឡុងថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២០ និងបានជួបមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរ២រូប គឺ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនិង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបានសន្យាថា សហរដ្ឋអាមេរិកពិតជាមានសុឆន្ទៈ នៅក្នុងការកសាងទំនាក់ទំនងឲ្យល្អ ប្រសើរជាមួយប្រទេសកម្ពុជា។

ការលើកឡើងនេះនៅពេលដែល ប្រទេសទាំងពីរកំពុងរៀបចំរំលឹកខួប អនុស្សាវរីយ៍ឆ្នាំទី៧០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា អាមេរិក (១៩៥០-២០២០)។ គួរកត់សម្គាល់ថា នៅពេលនេះមន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិកជាបន្តបន្ទាប់ទាំងក្នុងរដ្ឋសភា និងរដ្ឋាភិបាលបានចាប់ផ្ដើម បំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយសុទ្ធតែបានអះអាងថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យកម្ពុជា ហើយក៏ចង់ឃើញកម្ពុជាគោរពនូវសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអព្យាក្រឹត្យក្នុងន័យ សហរដ្ឋអាមេរិកយល់ឃើញថា ប្រទេសចិនគ្រោងឲ្យមានមូលដ្ឋានយោធា ដែលរាល់ការសង្ស័យទាំងនេះត្រូវបាន រដ្ឋាភិបាលខ្មែរបដិសេធយ៉ាងដាច់អហង្ការ ថាកម្ពុជាមិនត្រូវការឲ្យមាន មូលដ្ឋានយោធាបរទេសនោះឡើយ។

អ្នកវិភាគបានលើកជាទស្សនទានថា កម្ពុជា អាមេរិកនៅក្នុងឱកាសនេះ ត្រូវតែលើកបញ្ហាទាំងអស់ ដែលជាប់ជំពាក់នឹងគ្នាយកមក ដាក់លើតុដោយមិនត្រឹមតែ និយាយអំពីទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ តែសហរដ្ឋអាមេរិក និងកម្ពុជាត្រូវនិយាយពីបំណុល និងសំណងដែលសហរដ្ឋអាមេរិក ត្រូវសងមកកម្ពុជាក្នុងទង្វើរបស់ខ្លួន ដែលបានធ្វើសង្រ្គាមនៅវៀតណាម ជាពិសេសសំណងដែល សហរដ្ឋអាមេរិកត្រូវសងមកកម្ពុជា ក្នុងការទម្លាក់គ្រាប់បែកគីមី ២លាន៧សែនតោន។ ជាការពិតណាស់សហរដ្ឋអាមេរិក តែងតែលើកពីបំណុលដែលកម្ពុជា បានជំពាក់ក្នុងសម័យលន់ នល់ដែលប្រជាជនកម្ពុជាចាត់ទុកថា ជាបំណុលកខ្វក់ហើយមិនត្រូវសងនោះទេ តែផ្ទុយមកវិញសហរដ្ឋអាមេរិក ត្រូវហ៊ាននិយាយការពិត និងសងបំណុលចំពោះកម្ពុជា ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក ក្នុងនោះមានគ្រាប់បែកគីមីផងដែរ ដែលបណ្ដាលឲ្យប្រជាជនកម្ពុជាស្លាប់ និងរបួសរាប់សែននាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិប្រជាជន និងសម្បត្តិធម្មជាតិរបស់ កម្ពុជាច្រើនគណនា។

យោងតាមសៀវភៅរបស់លោក ត្រាំង ឆាតបុត្រ ក្រោមចំណងជើងថា យក្សណាម ឬស្រុកយួន ដែលបានបោះពុម្ពផ្សាយឆ្នាំ២០១៧នៅទំព័រ២១០បានសរសេរថា «ចម្បាំងខ្មែរ និងយួនកុម្មុយនីស្ត ការទម្លាក់គ្រាប់បែកដោយ យន្តហោះអាមេរិកកាំង និងការវាយប្រហារចូលកម្ពុជា ដោយកងទ័ពធីវគី ទាំងអស់នេះបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ពី ៦សែនទៅ៧សែននាក់ នេះបើតាម CIA និង ៨សែននាក់បើតាម Gerard Brises អ្នកសរសេរប្រវត្តិសម្ដេច សីហនុ»។

អ្នកវិភាគបានលើកឡើងថា ដូច្នេះតើការសន្យារបស់ សហរដ្ឋអាមេរិកដែលថា ឲ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា នឹងក្លាយជាការពិតដែរ ឬទេប្រសិនបើអាមេរិកនៅរក្សាយុទ្ធសាស្រ្ត ហើយគ្រាន់តែដូរយុទ្ធវិធីជាពិសេស នៅក្នុងសតវត្សរ៍ទី២១ នេះសហរដ្ឋអាមេរិកបានបង្កើតរូបភាពថ្មី ដែលប្ដូរពីសេអាតូ មកឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តផ្លូវ និងខ្សែក្រវាត់ (BRI)។

សូមបញ្ជាក់ថា នៅថ្ងៃ១១ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង ដាក់ណាងភាគកណ្ដាលនៃ ប្រទេសវៀតណាម លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដាក់ចេញនូវផែនការ ឥណ្ឌូប៉ាស៊ីហ្វិក(សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អូស្រ្តាលី) ដែលគេអាចហៅម្យ៉ាងបានថា ជាណាតូនៅអាស៊ីដើម្បីទប់ទល់ទៅនឹង BRI របស់ចិន។ ការប្រកាសរបស់លោកដូណាល់ ត្រាំ បានធ្វើឡើងនៅក្នុងឱកាស លោកចូលរួមក្នុងកិច្ចប្រជុំAPECលើកទី២០ នាទីក្រុងដាក់ណាំប្រទេសវៀតណាម។ ចំណែកប្រទេសចិនបានដាក់ចេញ នូវយុទ្ធសាស្រ្ត BRI ដែលប្រកាសដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ប្រធានាធិបតីចិននៅឆ្នាំ ២០១៣ នៅប្រទេសកាហ្សាក់ស្ថាន។

កម្ពុជាជាប្រទេសមួយក្នុងចំណោម ៧០ប្រទេស ដែលបានទទួលយកនិងអនុវត្ត កិច្ចសហប្រតិបត្តិការជាមួយចិន លើគោលនយោបាយ BRI នេះ ហើយភាគីទាំងពីរបាន ផ្លាស់ប្ដូរទស្សនៈនយោបាយ BRI និងចតុកោណនៅក្នុងដំណើរ ទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅខែមករា ឆ្នាំ២០១៩ នាទីក្រុងប៉េកាំង ។ អ្នកវិភាគខ្លះបានលើកឡើងថា កម្ពុជាបានងាកទៅរកចិនជាជាង មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯងទេ ជាអ្នកដឹងយ៉ាងច្បាស់ថា ខ្លួនមាននយោបាយការបរទេស ទុកកម្ពុជាជាសត្រូវ ឬឲ្យអ្នកផ្សេងមើលជំនួស ប៉ុន្តែសហរដ្ឋអាមេរិកបានយល់ថា បើនៅរបៀបនេះបន្តទៅទៀត ខ្លួននឹងនៅតែបរាជ័យចំពោះកម្ពុជា និងអាចធ្វើឲ្យបាត់ប្រៀប នៅក្នុងតំបន់ដែលខ្លួនប្រកួតប្រជែង ជាមួយនឹងចិន។

ដូច្នេះសហរដ្ឋអាមេរិកបានយល់ឃើញថា កម្ពុជានៅពេលនេះមិនស្ថិត នៅក្នុងបណ្ដាសតវត្សរ៍ ដែលកម្ពុជារណបបរទេសឬ នៅក្រោមអាណានិគមទៀតឡើយ។ សហរដ្ឋអាមេរិកបានសម្រេចចិត្តថា ខ្លួនត្រូវតែនិយាយដោយផ្ទាល់ ជាមួយកម្ពុជាទើបសហរដ្ឋអាមេរិក រកតុល្យភាពជាមួយចិនបាន។ អ្នកវិភាគបាននិយាយថា ដោយឡែកចំពោះកម្ពុជា កម្ពុជាបានឆ្លងកាត់នៅក្រោម អាណានិគមបារាំង និងការឈ្លានពានពីប្រទេសជិតខាង ហើយស្គាល់ល្វីងជូរចត់ឆ្អែត ហើយដូច្នេះកម្ពុជាមិនប្រកាន់យក នូវគោលនយោបាយការបរទេសណាមួយ ដែលនាំឲ្យកម្ពុជាខាតប្រយោជន៍នោះទេ ដូច្នោះផ្លូវដែលកម្ពុជា ត្រូវប្រកាន់យកមិនថា BRI ឬឥណ្ឌូប៉ាស៊ីហ្វិកទេ ឲ្យតែមានផលប្រយោជន៍សម្រាប់កម្ពុជា គឺកម្ពុជាទទួលយកទាំងអស់ គ្រាន់តែថា BRI មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចឲ្យ រីកចម្រើនទេថែមទាំងការពារពីការប៉ុនប៉ង ព្យាយាមពីប្រទេសណាមួយដែលចង់ ហែករបងចូលកម្ពុជាថែមទៀតផង។

អ្នកវិភាគបានលើកឡើងថា ដោយមើលឃើញបុរសខ្លាំង ហ៊ុន សែន នៃកម្ពុជាពិតជាមានទេពកោសល្យ និងទស្សនវិជ្ជានយោបាយ ដ៏ត្រឹមត្រូវក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យគេចផុតពីសត្វតោ ខ្លា ក្រពើ បើទោះបីជាលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក មើលឃើញថា ចិនជាប្រទេសតោដែលកំពុង លូតលាស់ខ្លាំងក៏ដោយ ប៉ុន្តែមេដឹកនាំកម្ពុជារូបនេះ ពិតជាបានធ្វើឲ្យសហរដ្ឋអាមេរិកភ្ញាក់ផ្អើល ហើយប្រែក្លាយពីការចង់កម្ទេច និងបណ្ដេញចេញពីអំណាច មកជាការស្រុះស្រួល និងចងស្ពានមេត្រី និងអាចឈានទៅដល់ការបញ្ចប់ នៃការចាត់ទុកប្រទេសកម្ពុជា ជាកូនពពែមួយនៅក្នុងតំបន់ ឬជាសត្រូវនោះ។

អ្នកវិភាគបាននិយាយថា សម្ដេច ហ៊ុន សែន ពិតជាមេដឹកនាំខ្មែរម្នាក់ ក្នុងចំណោមមេដឹកនាំជាច្រើន ដែលសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ចាត់ទុកជាកូនធម៌ ដែលអាចការពារជាតិ សាសនា ព្រះមហាក្សត្រ បន្តពីព្រះអង្គបានពិតប្រាកដមែន ដូច្នេះដើម្បីឲ្យកម្ពុជាស្មើសិទ្ធិ ស្មើភាព និងគេចផុតពីសត្វក្រពើ ខ្លា និងតោ ដែលតាមលេបត្របាក់យើងអាច នឹងចៀសផុតដែលកម្ពុជានឹងរស់នៅ ក្នុងសុខសន្តិភាពតរៀងទៅដែល មហាអំណាចបើទោះបីជា ពួកគេប្រយុទ្ធប្រឆាំងគ្នាក៏ដោយ តែពួកនេះមិនយកកម្ពុជាធ្វើជា កន្លែងពិសោធន៍តទៅទៀតឡើយ។ អ្នកវិភាគបាននិយាយថា សូមខ្មែរទាំងអស់មិនថា នៅទីជិតទីឆ្ងាយខ្មែរត្រូវតែរួបរួមគ្នា ជុំវិញជាតិសាសនាព្រះមហាក្សត្រ និងគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ជយោ!ព្រះរាជាណាចក្រកម្ពុជា
ជយោ!ជាតិ សាសនា ព្រះមហាក្សត្រ
ជយោ!ឯកភាពជាតិខ្មែរ៕

ដោយ៖ សយ សុភាព

To Top