នយោបាយ

យឹម ស៊ីណន ឌឺទៅលោក សម រង្ស៊ី ថា “ខ្លោចចិត្ត អាណិតឪពុក”

ភ្នំពេញ ៖ ក្រោយពីស្មោះស្ម័គ្ររួមមេត្រីអស់រយៈពេលជាច្រើនឆ្នាំ របស់យុវជនយឹម ស៊ីណន ជាមួយអតីតមេបក្សប្រឆាំងលោក សម រង្ស៊ីនោះ ឥឡូវអតីតយុវជន ប្រចាំប្រទេសកូរ៉េរូបនេះបានចេញសារផ្លែផ្កាឌឺដងទៅលោក សម រង្ស៊ីឥតសំចៃមាត់ ដោយពោលពាក្យលោក សម រង្ស៊ីចាញ់បោកលោកអេង ឆៃអ៊ាង។

លោកលើកឡើងក្នុងហ្វេសប៊ុកកាលពីថ្ងៃ៣០ មិថុនាថា អស់រយៈពេលជាង២៥ឆ្នាំមកនេះ លោកប្រធាន សម រង្ស៊ី បានលះបង់ប្តូរផ្តាច់ដើម្បីបុព្វហេតុមាតុប្រទេស យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យ ដែលជានិច្ចជាកាល លោកទទួលរងនូវការប្រមាថ និងការធ្វើទុក បុកម្នេញគ្រប់រូបភាពពីសំណាក់ពួកផ្តាច់ការ ដែលអាចចាត់ថាជាករណីទូទៅ។ ប៉ុន្តែជាអកុសលដែលលោកត្រូវក្លាយជាជនរងគ្រោះធ្ងន់ធ្ងរដោយសារកំហុសយុទ្ធសាស្រ្តផ្តើមដោយមនុស្សជំនិតរបស់គាត់គឺ អេង ឆៃអ៊ាង។

លោកថា ជាដំបូងមិនព្រមគិតគ្នាជម្រុញឲ្យលោកមកដឹកនាំCNRPវិញភ្លាមទេ បែរជានាំគ្នាបង្កើតចលនាថ្មី(CNRM) ដែលជាហេតុធ្វើឲ្យគាត់ដើរចាកឆ្ងាយពីស្មារតីរួមនៃបក្ស និងការមិនទទួលបានផលណាមួយពីចលនាក្រៅពីការបង្កើនការវាយប្រហារគ្នាផ្ទៃក្នុង។(លោកប្រធាន ហែលឡើងគោក)

ជាមួយគ្នានោះការទាញលោកឲ្យបានមកដឹកនាំបក្សត្រឹមជាប្រធានស្តីទីក្នុងអន្តរកាល ដែលមិនអាច មានឥទ្ធិពលពេញលេញ ក្នុងការបង្រួមកំលាំងសាមគ្គីបក្សឲ្យដូចដើម។ ពង្រឹង និងបង្កើតតែកំលាំងបក្ខពួកដែល និយមជ្រុលទៅលោកប្រធាន សម រង្ស៊ី ដែលបង្ហាញ ទៅមហាជនពីការប្រេះឆាគ្នា (លឿងនៅដោយលឿង សនៅដោយស)។

លោកថា ការដើរបំបែកបំបាក់កំលាំងពីសំណាក់ ជនខិលខូចCNRPO នូវរចនាសម្ព័ន្ធដើម ផ្តើមបង្កើតរចនាសម្ពន្ឋ័ថ្មី ដែលហេតុធ្វើឲ្យមានការឈឺចាប់ ស្រកទឹកភ្នែកគ្រប់កន្លែង។ (កំលាំបក្សចុះខ្សោយ តែកើនកំលាំងបក្ខពួកអេង ឆៃអាង)។

ក្នុងនោះ៩វិចិ្ឆកា នៃការសម្លាប់ទឹកចិត្តពលរដ្ឋរាប់លាន់នាក់ ដែលកំពុងរង់ចាំសចក្តីសង្ឃឹមនៃមាតុភូមិនិវត្តន៍ ដើម្បីរំដោះជាតិ របស់លោកសមរង្ស៊ី ដូចការឃោសនា។ (ក្លាយជាខ្មោចម្រាម៩ នៅបន្តលង់ក្នុងសុបិន្តដល់សព្វថ្ងៃ)

លោក យឹម ស៊ីណន បញ្ជាក់ថា លោកនិងយុវជននៅកូរ៉េ គ្មានចង់បានអ្វីក្រៅពីក្តីប្រាថ្នា ចង់ឃើញលោក ប្រធាន ក្លាយជានិមិត្តរូបនៃបង្រួបបង្រួមកំលាំងអ្នក ប្រជាធិបតេយ្យ ដើម្បីជម្រុញការផ្លាស់ប្តូរនោះឡើយ។ បើទោះបីសមិទ្ធផលសមាជអ្នកប្រជាធិបតេយ្យនៅកូរ៉េ កាលពីខែមេសាកន្លងទៅ ត្រូវបានជនដែលចង់បំផ្លាញលោកប្រធាន ខំប្រឹងជាន់ឈ្លី និងបំបាត់ចោលក៏ដោយ ប៉ុន្តែលោកនៅតែ បន្តឈរលើស្មារតី រួបរួមគឺឈ្នះ បែកបាក់គឺចាញ់ដដែល។

លោកថា “កូនដែលហ៊ានរិះគន់កែលម្អឪពុក មិនអាចសន្មត់ថាជាកូនអកតញ្ញូនោះទេ។ ប៉ុន្តែកូនដែល តែងបញ្ជោឲ្យឪពុកសប្បាយចិត្តច្រើនតែជាកូន បោក ប្រាស់ឪពុកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ យុទ្ធសាស្រ្ត ច្រានរលកមុខឲ្យបុកច្រាំង ដើម្បីខ្លួនក្លាយជារលកមុខ របស់អាមាត្យពិតជាសាហាវ មិននឹកស្មានដល់មែន”៕

To Top
×