នយោបាយ

គណបក្សយុវជនកម្ពុជា រៀបចំហែក្បួនយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ

ភ្នំពេញ​៖ ជឿថាប្រិយមិត្តទស្សនិកជន ប្រាកដជាបានទទួលជ្រាបរួចមកហើយថា គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោកពេជ្រ ស្រស់ ជាប្រធាន កន្លងមកតែងតែឈឺឆ្អាលរឿង អយុត្តិធម៍នៅក្នុងសង្គម ដូចជារឿងរ៉ាវទំនាស់ដីធ្លីជាដើម-ល-។

កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក​ឆុម ចាន់ថន អគ្គលេខាធិការ នៃគណបក្សយុវជនកម្ពុជា បានដឹកនាំក្រុមការងារ មន្ត្រីបក្សប្រចាំខេត្តកំពត បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោថ្មី លើកទីមួយ ក្នុងខេត្តកំពត។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានចេញអនុក្រឹតលេខ ៣៨អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើត ក្រុងបូកគោថ្មី នៅលើទឹកដីខេត្តកំពត។ បន្ទាប់មក គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២១ ជាថ្ងៃបោះឆ្នោត ដែលមានគណបក្សនយោបាយចំនួន ០៤ ចូលរួមប្រកួតប្រជែង ក្នុងនោះក៏មាន គណបក្សយុវជនកម្ពុជា ផងដែរ។ បើតាមការបញ្ជាក់ពី លោកអគ្គលេខាធិការ នៃគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតកាលពីព្រឹកមិញនេះ បានប្រព្រឹតទៅដោយរលូន និងតម្លាភាព។ ហើយ លោកសង្ឃឹមថា អង្គបោះឆ្នោតនឹងបោះឆ្នោតជូន គណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕

To Top