នយោបាយ

លោក មុត ចន្ថា ៖ លោក អ៊ូ ច័ន្ទរ័ត្ន ជាឈ្មួញកណ្តាល នយោបាយដែលមិនអាចរួបរួមបក្សផ្សេង មកជាធ្លុងមួយបានឡើយ

ភ្នំពេញ ៖ មនុស្សជំនិតរបស់លោក កឹម សុខា គឺលោក មុត ចន្ថា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា លោក អ៊ូ ច័ន្ទរ័ត្ន មិនអាចប្រកូកប្រកាសបក្សផ្សេងដែលចេញពីអតីតគណបក្សសង្រ្គោះជាតិហើយទៅបង្កើតបក្សថ្មីនោះ មករួបរួមគ្នាជាធ្លុងមួយបានឡើយ ។

ក្រៅពីការមិនជឿជាក់ហើយ លោក មុត ចន្ថាបានឌឺដងផ្លែផ្កាទៀតថា លោក អ៊ូ ច័ន្ទរ័ត្ន ក៏ជាឈ្មួញកណ្តាលនយោបាយ ឬថៅកែគក់ជេខាងដើរបង្កើតបក្សនយោបាយផងដែរ ។

ការរួបរួមមិនអាចធ្វើទៅបានដោយសារកត្តាមួយចំនួន ៖ គ្មានឆន្ទៈពិតប្រាកដ , គ្មានគោលបំណងសុចរិត , ចង់ធ្វើធំក្នុងបក្សរៀងៗខ្លួន , បើមានឆន្ទៈរួបរួមម្លេះបក្សតូចៗមិនកើតឡើងទេ ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ១១ សីហា ។

លោក មុត ចន្ថាបន្តថា “លោក អ៊ូ ចន្ទរ័ត្ន អះអាងថា រួបរួមកម្លាំងអតីតគណបក្សសង្រ្គោះជាតិ ដើម្បីយកឈ្នះគណបក្សកាន់អំណាច។ ខ្ញុំថា កុំទាន់អាលអួតរឿងនេះអី ខណៈដែលខ្លួនគ្មានសមត្ថភាពអាចបង្រួបបង្រួមអ្វីបាន ហើយដែលត្រូវបានគេចោទថា ជាឈ្មួញកណ្តាលនយោបាយ ឬថៅកែគក់ជេខាងដើរបង្កើតបក្សនយោបាយ” ។

លោកលើកជាសំណួរថា តើគួរជូនពរបក្សកម្ទេចដែកទាំងនេះទេ? លោកថា ទោះអុជធូកបួងសួងដល់ព្រះឥន្ទ ព្រះព្រហ្មក៏ទៅមិនរួច គឺចាញ់។ បើស្ថិតក្នុងទម្រង់ និងស្ថានភាពដូចចាប់ក្តាមដាក់ចង្អេរបែបនេះ ។

លោកបន្តថា ដូច្នេះ ពេលលទ្ធផលបោះឆ្នោតនៅពេលខាងមុខចេញ កុំនឹករកលេសដាក់កំហុសលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ថា រៀបចំការបោះឆ្នោត មិនសេរី និងមិនយុត្តិធម៌ មិនឯករាជ្យ ហើយក៏កុំចោទបក្សកាន់អំណាច លួចបន្លំ ឬទិញសន្លឹកឆ្នោត ។

ការលើកឡើងរបស់លោក មុត ចន្ថា ក្រោយលោកបានឃើញលោក គង់ គាំ ដែលចេញពីអតីតគណបក្សសង្រ្គោះជាតិ (CNRP) ហើយកូនប្រុស គឺលោក គង់ ម៉ូនីកា ទៅបង្កើតបក្សឆន្ទៈខ្មែរ បានយល់ស្របផ្តល់តួនាទីឲ្យ លោក អ៊ូ ច័ន្ទរ័ត្ន ក្នុងនាមជាស្ថាបនិក គណបក្សកែទម្រង់កម្ពុជា ប្រមូលគៀងគរ អតីតមន្រ្តី នៃអតីតCNRPបានទៅបង្កើតបក្សផ្សេងទៀត មកជាធ្លុងមួយ ដើម្បីប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុខ ។ ក្នុងពេលលោក គង់ គាំ គាំទ្របែបនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងអំណរគុណ និងស្វាគមន៍។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះមន្រ្តីនៃអតីត CNRP ចំនួន២៤នាក់បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយក៏បានចេញមកបង្កើតគណបក្សចំនួន៧ផងដែរ។ បក្សទាំង៧នោះរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (លោក គង់ មូនីកា និងលោកគង់ គាំ)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) ៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) ៦-គណបក្សកម្ពុជានិយម «ប.ក» (លោក យ៉ែម បុញ្ញឬទ្ធិ) និងគណបក្សសំឡេង សហគមន៍កម្ពុជា (លោក សា លីម) ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top