នយោបាយ

សម្តេច ស ខេង ឲ្យលោក សក់ សេដ្ឋា ជួបតំណាងគណបក្សភ្លើងទៀន ជំនួសវិញ (Video)

ភ្នំពេញ ៖ សំណើសុំសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពីសំណាក់ ខាងតំណាងគណបក្សភ្លើងទៀន ត្រូវបានសម្តេចផ្ទេរឲ្យ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃជួបជំនួសវិញ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ ខែមីនា ឆ្នាំ២០២២ថា មូលហេតុដែលសម្តេច ស ខេង មិនអាចទទួលជួបតាមសំណើរបស់ក្រុមតំណាងគណបក្សភ្លើងទៀនបាន ដោយសារសម្តេចមានកិច្ចការរវល់ ទើបប្រគល់ការងារនេះទៅឲ្យលោក សក់ សេដ្ឋាជំនួសវិញ។

លោកបញ្ជាក់ថា “សម្តេចថា មានពេលវេលារវល់ពេក មិនអាចទទួលជួបបាន លោកក៏ចាត់ឲ្យឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការទទួលជួបវិញ”។

សួរថា តើគម្រោង ជួបនាថ្ងៃណាដែរ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យទៅសួរលោក សក់ សេដ្ឋា វិញ ប៉ុន្តែនៅពេលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានទាក់ទងសំភាសន៍លោកប្រាប់ថា កំពុងជាប់ប្រជុំ។

កាលពីថ្ងៃ១០ មីនា សប្តាហ៍មុន គណបក្សភ្លើងទៀនដែលមាន លោក ថាច់ សេដ្ឋាជាតំណាងនោះបានដាក់លិខិតស្នើសុំជួបសម្តេច ស ខេង ដើម្បីលើកឡើងពីស្ថានការណ៍បក្សរបស់ខ្លួនដែលកំពុងជួបប្រទះនៅតាមមូលដ្ឋានថា មានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ នៅថ្ងៃ ៥ មិថុនា ខាងមុខ ។ ចំពោះបញ្ហានេះ ត្រូវបានលោក ខៀវ សុភ័គ ថ្លែងតបវិញថា ជារឿងដដែលៗឲ្យតែជិតដល់រដូវកាលបោះឆ្នោត បក្សប្រឆាំងតែងតែលើកបញ្ហានេះបញ្ហានោះមកដាក់បន្ទុកឲ្យអាជ្ញាធរ និងសមត្ថកិច្ចជាហូរហែរ ក្នុងគ្រាដែលពួកគាត់ខ្លះអាចមិនគោរពតាមច្បាប់ផងក៏ថាបាន ៕

To Top