នយោបាយ

ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ បណ្តឹងតវ៉ាគណបក្សភ្លើងទៀន

ភ្នំពេញ ៖ មិនខុសពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឡើយ គឺក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចំពោះពាក្យបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀនដែលប្ដឹងជំទាស់តវ៉ា ទៅនឹងសេចក្តីសម្រេចរបស់គ.ជ.បដែលបានបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងនោះ ក្រមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នចុងក្រោយនេះ ក៏បានបដិសេធបណ្តឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរដែរ។

ការបដិសេធនេះ ក្រោយក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោក អ៊ឹម ឈុនលឹមបានអានសេចក្តីសម្រេចថា “ទទួលពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣របស់ឈ្មោះទាវ វណ្ណុល ឈ្មោះ ហុង សុខហួរ និងឈ្មោះគឹម សួរភីរិន្ទ តំណាងគណបក្សភ្លើងទៀនទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់”។

លោកថា ក៏បានសម្រេចបិទផ្លូវតវ៉ាសម្រាប់គណបក្សនយោបាយទាំង២នេះផងដែរ ។
ដូច្នេះសរុបសេចក្តីមក គឺគណបក្សភ្លើងទៀនដែលមានប្រភពដើម មកពីគណបក្សសមរង្ស៊ី គ្មានវាសនាបានចូលរួមប្រកួតប្រជែងជាមួយគណបក្សនយោបាយជិត២០ផ្សេងទៀតដែលត្រូវបានគ.ជ.បទទួលនោះទេ ។

គ.ជ.ប កាលពីថ្ងៃ១៥ ឧសភា បានចេញសេចក្តីសម្រេចជាផ្លូវការ បដិសេធការចុះបញ្ជី គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា ខាងមុខ។ មុនមកដល់ដំណាក់កាលរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃ១៩ ឧសភា គណបក្សភ្លើងទៀនបានឆ្លងកាត់នូវរឿងរ៉ាវមួយចំនួន ។ ក្នុងនោះ ថ្ងៃ១២ឧសភា គណបក្សភ្លើងទៀនដែលបានវក់វីរត់ឯកសារខ្វះខាត តាមលក្ខខណ្ឌកំណត់ដោយគ.ជ.បនោះ លោកទាវ វណ្ណុល ជាប្រធានបក្សក៏បានសុំជួបតំណាងក្រសួងមហាផ្ទៃ ស្របពេលជួបខាងក្រសួងមហាផ្ទៃហើយ ខាងគណបក្សភ្លើងទៀនក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ ដោយបង្ហាញសារក្នុងន័យគៀងគរសមាជិកខ្លួនតវ៉ា ដោយសន្តិវិធី បើសិនក្នុងករណី គ.ជ.ប មិនយល់ព្រមចុះបញ្ជីឲ្យគណបក្សខ្លួន ។

បន្ទាប់ពីមួយថ្ងៃក្រោយមក តំណាងបក្សភ្លើងទៀននេះ ទៀតសោតក៏បានស្នើសុំជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសារការងារសម្តេចមានច្រើន មិនអាចជួបនាពេលអំឡុងពេលនេះ ប៉ុន្តែសម្តេចថាអាចជួបបានក្រោយបញ្ចប់ ការបោះឆ្នោតថ្នាក់ជាតិ ៕

To Top