នយោបាយ

ព្រះមហាក្សត្រ ប្រកាសឲ្យប្រើប្រាស់ច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ​ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជា- ធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រ-កម្ពុជា ព្រមទាំង ដើម្បី ពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែល មានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះ-ឆ្នោត ដែលជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។

​សេចក្តីព្រាងច្បាប់នេះ ត្រូវ​បាន​រៀបចំឡើងដើម្បីធានាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះ-ឆ្នោតដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ​ពង្រឹង​ដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និង​ពង្រឹងនីតិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន០៨មាត្រា និង​ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា​អនុម័តយល់ព្រមចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ
២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦៕

To Top