នយោបាយ

អភិបាលរាជធានី ជូនដំណើរពលរដ្ឋឡេីងជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅស្រុកកំណើត

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជេីញទៅពិនិត្យនិងសួរសុខទុក្ខ បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកជិះរថយន្តក្រុងសាធារណៈ ដោយឥតគិថ្លៃ ទៅស្រុកកំណើត តាមបណ្តាខេត្ត នៅឯចំណតរថយន្ត មុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តរថយន្តក្រុងសាធារណៈ ដើម្បីដឹក កម្មករ និយោជិតនិងបងប្អូនប្រជាពលរដ្ឋ ចំនួន១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុង ជាង៤០០គ្រឿង ដើម្បីដឹកពួកគាត់ទៅស្រុកកំណើត ។ ក្នុងចំនួននេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជួលរថយន្តឯកជនមួយចំនួនផងដែរ ដើម្បីដឹកកម្មករ និយោជិត​ និងប្រជាពលរដ្ឋ ទៅស្រុកកំណើត នាអំឡុងពេលបោះឆ្នោតនេះផងដែរ។

ការជួលរថយន្តបន្ថែមនេះ គឺដោយសារតែ កម្មករ កម្មការនីរោងចក្រ និងកម្មករក្រៅប្រព័ន្ធមានចំនួនច្រើន រហូតដល់៦០ម៉ឺននាក់ ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី មានកម្មករមួយចំនួន ពួកគាត់មិនបាន មកជិះរថយន្តក្រុងទេ ដោយសារស្ថានភាពជីវភាពពួកគាត់ ធូរធាដែលអាចធ្វើដំណើរដោយខ្លួនឯងបាន ហើយបងប្អូនកម្មករកម្មការិនីខ្លះទៀត ពួកគាត់អាចជិះម៉ូតូទៅស្រុកកំណើតតែម្ដង។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តែងតែណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តនៅការងារនេះជាប្រចាំ ពោលគឺឲ្យតែមានពិធីធំៗ ដូចជាចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌ សម្តេចតែងឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដឹកប្រជាពលរដ្ឋ កម្មករ កម្មការនីទៅស្រុកកំណើត ដោយមិនយកប្រាក់ជានិច្ច៕

To Top