នយោបាយ

អ្នកអង្កេតការណ៍អន្តរជាតិ កត់សម្គាល់ឃើញ ការបោះឆ្នោតនៅកម្ពុជា​ មានតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ

រូបភាពពី៖​ ដើមអម្ពិល

ភ្នំពេញ៖ តំណាងអ្នកសង្កេតការណ៍​អន្តរជាតិ មកពីអង្គការសង្គមស៊ីវិល បានកត់សម្គាល់ដូចគ្នាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃ២៣កក្កដានេះ បានប្រព្រឹត្តិទៅ​ ពិតជាមានតម្លាភាព និងយុត្តិធម៌ ។

នេះជាការបញ្ជាក់របស់ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ២៣ កក្កដា ក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ បានបញ្ចប់ នាសណ្ឋាគារ Hyatt Regency Phnom Penh រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។

កត្តាដែលអ្នកសង្កេតការណ៍​ យល់ឃើញបែបនេះ ត្រូវបានលោក Mohamad Asif Commissioner – Maldives Election Commission និងលោក Mohamad Zahit Special Advisor, Association of Democracy and Electoral Link លើកឡើងស្រដៀងគ្នាដោយមានការជឿជាក់ ក្នុងការចូលរួម មានការពេញចិត្តដ៏ខ្លាំងខ្លា និងដោយសុឆន្ទៈ ក្នុងការជ្រើសរើសមេដឹកនាំ ។ ដូច្នេះដំណើរការ បោះឆ្នោតនេះ គឺជាឆន្ទៈ ។ សកម្មភាព ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា គោរពទៅតាមច្បាប់ និងលទ្ធិប្រជាធិបតេយ្យ ។

តំណាងអ្នកសង្កេតការណ៍​ជឿជាក់ថា ប្រជាជនកម្ពុជា អ្នកនយោបាយ នឹងបន្តលើកកម្ពស់ ការពារ អនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបើកចំហរ និងពិភាក្សាគ្នាដោយសន្តិវិធីប្រកបដោយការស្ថាបនា ។

តំណាងអ្នកសង្កេតការណ៍បានបញ្ជាក់ថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានយុត្តិធម៌ សន្តិភាព តម្លាភាព​ សេរី និងយុត្តិធម៌។

ជាមួយគ្នានោះ តំណាងអ្នកសង្កេតការណ៍បានលើកឡើងថា អ្នកបោះឆ្នោតមកបោះឆ្នោត ទឹកមុខពោពេញដោយស្នាមញញឹម មិនឃើញមាននរណាម្នាក់ បង្ហាញពីការភ័យខ្លាច ដូចត្រូវបានគេគម្រាមកំហែង ឬមានការបារម្ភអ្វីសោះឡើយ ។​ មួយវិញទៀត មានយុវជន បានចូលរួមសង្កេតការណ៍រួមគ្នាជាច្រើន ដោយបើកចំហរ មិនមានការលាក់បាំងអ្វីនោះទេ ។ សកម្មភាពទាំងនេះ បានបង្ហាញពីភាពរឹងមាំ និងភាពចាស់ទុំផ្នែកនយោបាយនៅកម្ពុជា ។

គួរឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលការងារ អ្នកសង្កេតការណ៍ជាតិ ចំនួន៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល​ និងសមាគមជាតិចំនួន៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការ ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

To Top