អត្ថបទស្រាវជ្រាវ (scholar)

ការសំរេចសម្លាប់លោក Joseph Staline គឺដើម្បីបញ្ជៀស សង្គ្រាមលោកលើកទី៣

លោក Radzinskyi អ្នកប្រវត្តិវិទូរុស្ស៊ី បានអះអាងនៅក្នុងសំណេរ របស់លោកថា Staline បានសំរេចប្រកាសធ្វើសង្គ្រាមជាមួយ សហរដ្ឋអាមេរិក បង្កើតឱ្យមាន ទៅជាសង្គ្រាមលោកលើកទី៣ ដើម្បីសូវៀត មានលទ្ធភាព អាចកាន់កាប់បានទ្វីបអឺរ៉ុបទាំងស្រុង ដោយដាក់អឺរ៉ុបទាំងមូល ឱ្យស្ថិតនៅក្រោមកណ្តាប់ដៃ របស់ក្រុងMoscow ។

ចំពោះក្រុមដែលមានភក្កីភាព ជំនិតរបស់ Staline វិញ ដែលជាសមាជិក ក្នុងការិយាល័យនយោបាយ របស់សហភាពសូវៀត ពេលនោះ គឺជាអ្នកដឹងយ៉ាងច្បាស់ ថាសេដ្ឋកិច្ច របស់សូវៀត ក្នុងពេលនោះ បាននិងកំពុង មានការលំបាកយ៉ាងខ្លាំង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ទើបចប់ ហើយកងកម្លាំងសហភាពសូវៀត ទាំងមូលនៅពុំទាន់បាន ស្តារទ្បើងវិញ ឱ្យបានសុក្រិត្យ លើគ្រប់ផ្នែកផង ព្រមទាំងប្រឈមមុខ ទៅនឹងមហាអំណាចមួយ ដែលមានអាវុធបរមាណូ នៅក្នុងដៃ ដូចករណីសហរដ្ឋអាមេរិក យ៉ាងដូច្នោះគឺជារឿងដែរឆ្កួតលីលា បំផុតរបស់អ្នកកាន់អំណាច ដែលមិនយល់អំពី តថាភាព នៃសភាពការណ៏ពិត ទាំងរបស់ខ្លួន ។

ដោយមើលឃើញគ្រោះថ្នាក់ យ៉ាងនេះទើបមានមនុស្ស៣នាក់ ដែលពោពេញ ទៅដោយអំណាចពេលនោះ( ត្រីជនាភិបាល- Trio ) រួមមាន Beria , Malenkov និងបុរស Khrushchev បានសំរេច រារាំងមិនឱ្យ ហេតុការណ៏
ដ៏អាក្រក់មួយនេះ កើតទ្បើងជាដាច់ខាត គ្មានអីក្រៅពីចាត់ការ សម្លាប់ Staline ទៅ ។

Joseph Staline មានបំណងចង់ញុះញុង បង្កហេតុជាមួយលោកខាងលិច តាមរយៈ ដោយ Staline អនុវត្តន៏នូវយុទ្ធនា ការបោសសំអាត ជនជាតិ Jews ( Jews Ethnic Cleansing ) ដែលនៅសេសសល់ ឱ្យអស់លើដែនដីសូវៀត។ លោក Beria ដោយផ្ទាល់បានដឹងនូវរឿងហេតុនេះ ដោយ Staline បានចេញបញ្ជាឱ្យចាប់ខ្លួនជនជាតិ រុស្ស៊ីមានដើម កំណើត Jews ដែលនៅសេសសល់ រស់នៅក្នុងក្រុង Moscow ឱ្យអស់ នៅក្នុងថ្ងៃទី៥ មីនា ១៩៥៣។ បន្ទាប់ពីមានបទបញ្ជានេះមក ពួកគេបានឃើញរថយន្តផ្ទុកទំនិញ យ៉ាងច្រើនរយគ្រឿង ធ្វើដំណើរចូលមកក្នុងក្រុង Moscow ដែលអ្នកទាំងទ្បាយជឿជាក់ថា ជាក្បួនរថយន្ត ត្រូវបានចាត់មកឱ្យត្រៀម ដឹកជញ្ជូនជនជាតិ Jews ចាកចេញពីក្រុង និរទេស ទៅកាន់តំបន់ ទឹកកក Siberia ។ តែបើនៅលើទឹកដី Kazakhstan ពេលនោះវិញ គេបានកសាងជំរុំរាប់រយ រួចហើយ សំរាប់ទទួលស្វាគមន៏ជនជាតិ Jews ដែលត្រូវនិរទេស ឱ្យមកធ្វើការជាទម្ងន់ នៅទីនេះ។

ក្រោយអំពីមរណៈភាព របស់បុរសកំណាច Staline មក សហភាពសូវៀត បានឈានចូល ដំណាក់កាល “ ទឹកកករលាយ “ ដោយនៅក្នុងគ្រប់ជំរុំ ឃុំឃាំ នៅក្នុងតំបន់ Siberia ពួកអតីតនាយទាហានកងទ័ពក្រហម បក្ខជនកម្មុយនិស្ត ជើងចាស់ និងមនុស្សជាច្រើនរូបទៀត ត្រូវបានដោះលែង ឱ្យមានសិទ្ធិសេរីភាព វិលមកផ្ទះសំបែង ជួបជុំគ្រួសារវិញ ។

ក្រៅពីនេះ ក៏មានជនជាតិភាគតិច រាប់លាននាក់ផងដែរ ត្រូវStaline ចាប់បញ្ជូនទៅធ្វើ ពលកម្មយ៉ាងទម្ងន់ និងដាក់គុកងងិត អស់មួយជិវិតនោះ ក៏ត្រូវបានដោះលែងឱ្យវិលមក ស្រុកកំណើតវិញផងដែរ ។

ប្រការមួយ ដែលនាំឱ្យពិភពលោកខាងក្រៅ បានដឹងយ៉ាងច្បាស់ អំពីធាតុពិត នូវអ្វីដែលបាន កើតទ្បើង ក្នុងសម័យកាល នៃការកាន់អំណាច ត្រួតត្រាប្រទេស របស់ជនកំណាច Joseph Staline នោះ គឺត្រូវបានលាតត្រដាងទ្បើង ឆ្លតាមរយៈមហាសន្និបាត បក្សលើកទី២០ របស់បក្សកម្មុយនិស្តសូវៀត ដែលនៅក្នុងខ្លឹមសារបទអន្តរាគមន៏ នយោបាយ របស់លោក Nikita Khrushchev គឺគាត់បានបង្ហាញ ដោយរៀបរាប់ បរិយាយទាំងអស់ នូវរាល់ទោសឧក្រិដ្ន ដែលបុគ្គល Staline បានប្រព្រឹត្តនូវអំពើព្រៃផ្សៃ អមនុស្សធ័ម កន្លងមកនោះ។

ការបង្ហើបឱ្យដឹងនូវអំពើ យង់ឃ្នង់ ទាំងទ្បាយដែល Joseph Staline បានធ្វើមកលើបណ្តា ប្រជាជាតិនិងជនជាតិរុស្ស៊ី ខ្លួនឯង បានប្រែក្លាយទៅជាកំហឹងមួយ ដូចភ្នំភ្លើងផ្ទុះ ជាពិសេស
គឺពួក អ៊ីស្រាអែល ដែលការខឹងសប្បារនេះ បានជះឥទ្ធិពលមួយយ៉ាងអាក្រក់ និងរំជួលទៅ ដល់ចលនាកម្មុយនិស្តអន្តជាតិ ទាំងទ្បាយ លើពិភពលោក នាពេលនោះ ។

យោងទៅតាមការតាមដាន និងការអះអាងរបស់ អក្នស្រាវជ្រាវលើ បណ្តាឯកសារសម្ងាត់របស់ បក្ស គឺលោក Edvard Radzinski បានបញ្ជាក់ថា គឺប្រធាន KGB ពេលនោះ គឺលោក Lavrenty Beria បានចេញបញ្ជាផ្ទាល់ ឱ្យមេអង្គរក្ស គឺលោក Khrustalev របស់លោក Staline ឱ្យចាត់ការ Staline ដោយចាក់ថ្នាំបំពុល ចូលទៅក្នុងខ្លួន របស់ Staline ដោយមានការដឹងព្ញ និងឯកភាព ពីមនុស្សពីរនាក់ទៀត គឺ Malenkov និង Khrushchev
ដើម្បីបញ្ចប់ជិវិត Staline ផង ស្មើនិងបញ្ចប់ ក្នុងការរារាំងទប់ស្កាត់កុំឱ្យ មានសង្គ្រាមលោក លើកទី៣ កើតទ្បើងផងដែរ?៕

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top