កីឡា

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជ័យលាភី ម្ចាស់មេដាយមាសរបស់កម្ពុជា

ភ្នំពេញ: ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីទ្បាករ កីទ្បាការិនី ជ័យលាភីម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍អន្តរជាតិ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកាកោតសរសើរចំពោះស្នាដៃឯករបស់កីទ្បាករ កីទ្បាការិនីជ័យលាភីម្ចាស់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដែលបានកសាងនូវស្នាដៃ និងគុណបំណាច់ដ៏ខ្ពង់ខ្ពស់ក្នុងការលើកស្ទួយមុខមាត់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ដោយបង្កើតបានជាមោទកភាពរួមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តម បានលើកឡើងថា ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីទ្បា ដោយកាលពីមុន កម្ពុជាទទួលបានមេដាយមាសតិចតួចប៉ុណ្ណោះនៅក្នុងការចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាសរហូតដល់ ៨៦ គ្រឿងពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។


នេះជាស្នាដៃរបស់កូនខ្មែរ ហើយជាសក្ខីភាពនៃការអភិវឌ្ឍរីកចម្រើនជាលំដាប់នៃវិស័យកីឡានៅកម្ពុជា ហើយយើងក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីទ្បាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខផងដែរ ដែលព្រឹត្តិការណ៍នេះ នឹងនាំមកនូវកិត្តិយស និងឧត្តមភាពសម្រាប់ជាតិខ្មែរយើងក្នុងដំណើរជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃតួនាទីកម្ពុជានៅក្នុងតំបន់៕

ដោយ:លី ភីលីព

To Top