ពិធីសម្ពោធបើកព្រឹត្តិការណ៍ ការប្រកួតកីឡាទ្វីបអាស៊ីលើកទី ១៩ នឹងប្រារព្ធធ្វើឡើង នៅទីក្រុងហាងចូវ ខេត្តចឺចាំង ប្រទេសចិននៅយប់ថ្ងៃទី ២៣ ខែកញ្ញា។ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធី ព្រមទាំងប្រកាស ការបើកការប្រកួតកីឡា ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នឹងធ្វើការផ្សាយផ្ទាល់ វេបសាយទីភ្នាក់ងារសារព័ត៌មានស៊ឺនហួ នឹងផ្សាយផ្ទាល់តាមរូបភាព ។
គួរបញ្ជាក់ថា គណៈប្រតិភូកីឡាចិន នៃការប្រកួតកីឡាអាស៊ីនៅក្រុងហាងចូវ បានប្រកាសនៅព្រឹកថ្ងៃទី ២២ ខែកញ្ញាថា អ្នកតំណាងកាន់ទង់ជាតិចិន គឺកីឡាករហែលទឹក លោក Qin Haiyang និងកីឡាការិនីបាល់ទះកញ្ញា Yang Liwei ។ គណៈប្រតិភូកីឡាចិន ដែលចូលរួមការប្រកួតកីឡាអាស៊ី ក្រុងហាងចូវ មានចំនួនមនុស្សសរុប ១៣២៩ នាក់ ក្នុងនោះកីឡាករកីឡាការិនី មានចំនួន ៨៨៦ នាក់ (ស្ត្រី ៤៣៧ នាក់ ប្រុស ៤៤៩ នាក់) ។ កីឡាករចិន ដែលចូលរួមការ ប្រកួតប្រជែងលើកនេះ មានអាយុមធ្យម ២៥ ឆ្នាំ មកពីជនជាតិចំនួន ២០ របស់ចិន ។ គណៈប្រតិភូកីឡាចិន នឹងចូលរួមប្រភេទកីឡាចំនួន ៣៨ ប្រភេទ ដែលសរុបមានវិញ្ញាសា ប្រកួតចំនួន ៤០៧ វិញ្ញាសា ។
ចាប់តាំងពីការប្រកួតកីឡាអាស៊ីលើកទី៩ដែលធ្វើនៅឆ្នាំ១៩៨២ រៀងមក គណៈប្រតិភូកីឡាចិន បានឈរនៅលំដាប់ចំនួនមេដាយមាស កំពូលទីមួយចំនួន១០លើកជាប់ៗគ្នា ។ ការប្រកួតកីឡាអាស៊ីលើកនេះ នឹងធ្វើនៅក្រុងហាងចូវ ប្រទេសចិនចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី៨ខែតុលា៕
អត្ថាបទ និងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន