កីឡា

ស្ថានីយ៍ទូរទស្សន៍ថោន បើកការប្រកួតមហាព្រឹត្តិការណ៍ GANZBERG World Kickboxing Championship រយៈពេល ២ថ្ងៃ នៅកីឡដ្ឋានវាលបែកចាន ខេត្តបាត់ដំបង

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ថោន បានប្រកាសបើកការប្រកួតក្នុងមហាព្រឹត្តិការណ៍ GANZBERG World Kickboxing Championship ដែលមានរយៈពេល ២ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ កីឡដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ក្រោមការសហការជាមួយសហព័ន្ធកីឡា ឃីគបុកស៊ីងកម្ពុជា និងឧបត្ថម្ភដោយក្រុមហ៊ុន Ganzberg ។

នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហព័ន្ធកីឡា ឃីគបុកស៊ីងកម្ពុជា និងសហព័ន្ធកីឡា ឃីគបុកស៊ីងវៀតណាមបានធ្វើសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ Ganzberg World Kickboxing នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ដើម្បីប្រកាសជាផ្លូវការសម្រាប់ក្នុងមហាព្រឹត្តិការណ៍លើទឹកដីខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡា ឃីគបុកស៊ីងកម្ពុជា លោក វ៉ា សុធា តំណាង ស្ថានីយទូរទស្សន៍ TOWN FULL HDTV និងលោក ហេង សុឃន ប្រធានសហព័ន្ធកីឡា ឃីគបុកស៊ីងកម្ពុជា។

លោក តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡា ឃីគបុកស៊ីងកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតក្នុងមហាព្រឹត្តិការណ៍ GANZBERG World Kickboxing Championship នៅពេលខាងមុខនេះ ពិតជាមានអត្ថន័យ សារសំខាន់ខ្លាំងក្លាណាស់ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិ ក្នុងន័យនេះផងដែរ ជាឱកាសដ៏មានសារសំខាន់ដល់ ស្ថានីយ៍ទូរសន្សន៍ថោនហូល HD TV សហព័ន្ធ សមាគម ក្លិប គ្រប់ភាគីពាក់ព័ន្ធ បានមកជួប ជុំគ្នា បំពេញភារកិច្ចរបស់ខ្លួន និងសហការរួមគ្នាជំរុញ គាំទ្រ ផ្សព្វផ្សាយគោលនយោបាយ កីឡាជាតិនិងសម្មតិផលរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរចណ៍ កីឡា ការទូត និងកិត្យានុភាពនៃប្រទេសកម្ពុជាយើងទៅកាន់ឆាកជាតិ និងអន្តរជាតិ។

លោក តែម ម៉ឺន បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ សហព័ន្ធកីឡាឃីគបុកស៊ីង យើងគួរកំណត់គោលបំណង អត្ថន័យឈ្នះចាញ់ ពីការប្រកួតនេះឲ្យបានល្អ ច្បាស់លាស់បំផុត ដើម្បីពង្រឹងវិន័យ ក្រមសីល ធម៌ ដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹកកីឡាករ កីឡាការិនីឲ្យបានល្អបំផុត។ ជាការប្រកួតដោយស្មារតីជាអ្នកកីឡា វាស់ស្ទង់ កម្រិតបច្ចេកទេស ឧបករណ៍វាស់វែង បង្ហាញពីថាមពល បញ្ញា បទពិសោធន៍ ការឈ្នះ ចាញ់ ដោយបច្ចេកទេស គោរពច្បាប់ប្រកួត -គោរពគូប្រកួត ឱ្យបានល្អបំផុត រក្សាវិន័យ ភាពថ្លៃថ្នូរ តម្លៃ និងយុត្តិធម៌

ជាការពិតណាស់ ក្រោមម្លប់សុខសន្តិភាពនៃព្រះរាជណាចក្រកម្ពុជា” រាជរដ្ឋាភិបាល កម្ពុជា អាណត្តិទី៧ របស់យើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា” ប្រទេសយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរចណ៍ នឹងវិស័យកីឡា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់៕

ដោយ៖លី ភីលីព

To Top