បច្ចេកវិទ្យា

តោះ ! មកដឹងវិធីសាស្ត្រងាយៗ សម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើ Telegram

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញការណែនាំពីវិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនង សង្គមកំពុងពេញនិយម នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

នាយកដ្ឋានព័ត៌មានវិទ្យា បញ្ជាក់ថា ដើម្បីផ្គុំអត្ថបទ រូបភាព ឫឯកសារទៅជាប្រភេទឯកសារ PDF តាមរយៈកម្មវិធី Telegram ទូរស័ព្ទដៃ ឬម៉ាស៊ីនកុំព្យូទ័របាន អាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

ជំហានទី១៖ នៅក្នុងប្រអប់ Search របស់កម្មវិធី Telegram លោកអ្នកវាយពាក្យថា “office2pdf” បន្ទាប់មកចុចប៊ូតុង start នៅខាងក្រោម ។
ជំហានទី២៖ អាចបញ្ជូនរូបភាព អត្ថបទ ឬឯកសារផ្សេងៗតាមរយៈទូរស័ព្ទដៃ ឬម៉ាស៊ីនកំព្យូទ័ររបស់លោកអ្នក រួចចុចបញ្ជូន
ជំហានទី៣៖ ចុចប៊ូតុង /ready2conv នៅខាងក្រោម
ជំហានទី៤៖ ចុចពាក្យ Yes ដើម្បីដាក់ឈ្មោះឯកសារ PDF របស់អ្នក (ឧទាហរណ៍ : Testing ) ជាការស្រេច ។

បន្ទាប់មកនឹងទទួលបាន ការផ្គុំឯកសារជាប្រភេទ PDF នឹងអាចបញ្ជូនបន្តទៅអ្នកដទៃបាន ដោយចុចប៊ូតុងពាក្យ Share ។

ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមការងារសូមធ្វើការក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមថា ការថែរក្សាឯកសារសំខាន់ៗ នៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ទាំងឡាយនៅតែមិនអាច ធានាបានសុវត្ថិភាព ១០០% នោះទេ។ អាស្រ័យហេតុនេះ សូមប្រើប្រាស់ប្រកប ដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នជានិច្ច ៕

To Top