បច្ចេកវិទ្យា

ក្រុមហ៊ុន Tesla នឹងប្រមូលយានយន្តជិត២០០.០០០គ្រឿង នៅក្នុងប្រទេសចិន ដោយសារហានិភ័យនៃការបុកគ្នា

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា និយតកររដ្ឋបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តជិត២០០.០០០គ្រឿងក្នុងប្រទេសចិនវិញ ជុំវិញបញ្ហាជាមួយនឹងតួ និងគម្របក្បាលម៉ាស៊ីនខាងមុខដែលបង្កើនហានិភ័យនៃការបុកគ្នា ។ ការប្រកាសនេះបានធ្វើឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រមូលរថយន្តស្រដៀងគ្នានេះត្រូវបានប្រកាសឲ្យដឹងនៅក្នុងសហរដ្ឋអាមេរិក ។

ការបញ្ជានេះគឺជាការវាយប្រហារចុងក្រោយបំផុតសម្រាប់អ្នកផលិតរថយន្តបើកបរដោយខ្លួនឯងរបស់សហរដ្ឋអាមេរិក ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសចិន បើទោះបីជាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះបានទទួលការវាយលុកនៅឆ្នាំនេះ បន្ទាប់ពីមានការបុកគ្នា រឿងអាស្រូវ និងការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យក៏ដោយ ។

រដ្ឋបាលរដ្ឋរបស់ប្រទេសចិន ទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារបានឲ្យដឹងថា ការមើលមិនឃើញអាចប៉ះពាល់ដល់កាមេរ៉ាបម្រុងទុករបស់រថយន្ត ឬបណ្តាលឱ្យគម្របក្បាលម៉ាស៊ីនបើកភ្លាមៗនៅពេលកំពុងបើកបរ ។

ការផ្លាស់ប្តូរនេះគ្របដណ្តប់លើរថយន្តចំនួន៣ប្រភេទដែលផលិតនៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២០ ។

និយតករបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk នឹងត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ និងដោះស្រាយបញ្ហាទាំងនេះ ។

ការប្រមូលមកវិញ រួមមានរថយន្ត Model S ប្រហែល១៩.៧០០គ្រឿងដែលអាចមានបញ្ហាគន្លាក់នឹងគម្របក្បាលម៉ាស៊ីនខាងមុខ និងរថយន្ត Model 3 ប្រហែល១៨០.០០០គ្រឿង ។

នៅក្នុងរថយន្ត Model 3 ការបើក និងបិទម្តងហើយម្តងទៀតនៃផ្នែកកន្ទុយរថយន្តអាចបំផ្លាញខ្សែសម្រាប់តភ្ជាប់កាមេរ៉ាមើលក្រោយរបស់រថយន្តមិនអាចដំណើរការបានល្អ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top