បច្ចេកវិទ្យា

តើអាណាព្យាបាលសម័យថ្មី គួរចេះបច្ចេកទេសអ្វីខ្លះ ដើម្បីគ្រប់គ្រងឧបករណ៌បច្ចេកវិទ្យា ដែលកូនៗប្រើប្រាស់?

ភ្នំពេញ៖ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ១៩កន្លងមក អ៊ីនធឺណិតបានក្លាយជាមធ្យោបាយ ប្រើប្រាស់ប្រចាំថ្ងៃក្នុងអាជីវកម្ម ទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានពត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។

ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលើបណ្តាលអ៊ីនធឺណេត (Internet) ក៏ជាក្តីបារម្មណ៍ចំពោះ អ្នកប្រើប្រាស់ពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាព លើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះ ក្នុងបទល្មើសបច្ចេកវិទ្យា និងផលលំបាកដល់អាណាព្យាបាលរួមមាន៖

  • ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង
  • ប៉ះពាល់ដល់សុខភាព
  • ភាពងាយរងគ្រោះធ្លាក់ខ្លួន ចូលក្នុងបទល្មើសបច្ចេកវិទ្យា
  • បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ
  • កង្វះខាតការប្រាស្រ័យទាក់ទង រវាងអាណាព្យាបាល និងកុមារ
  • ការកំសាន្ត និងលេងល្បែង (Game) លើសកម្រិត

នាយកដ្ឋានព័ត៌មានវិទ្យា៖ សូមណែនាំកម្មវិធីមួយចំនួនដែលលោកអ្នក អាចធ្វើការកំណត់ការប្រើប្រាស់ និងត្រួតពិនិត្យគ្រប់គ្រង ឧបករណ៍អ៊ីនធឺណិតរបស់កូនៗ មានដូចខាងក្រោមនេះ៖

  • កម្មវិធី ភ្ជាប់សមាជិកគ្រួសាររបស់ក្រុមហ៊ុនgoogle (Google Family Link)៖ ជាកម្មវិធីឥតគិតថ្លៃក្នុងការប្រើប្រាស់ ដែលអនុញ្ញាតឲ្យអាណាព្យាបាល ទាញយកបានក្នុង Play Store និង App Store កំណត់រយៈពេលវេលាប្រើប្រាស់ លើអេក្រង់ទូរស័ព្ទ និងអនុញ្ញាតឱ្យអាណាព្យាបាលយល់ពី របៀបដែលកូនរបស់អ្នកចំណាយ ពេលវេលានៅលើឧបករណ៍ស្មាតហ្វូនរបស់ពួកគេ ការចែករំលែកទីតាំង គ្រប់គ្រងការកំណត់ឯកជនភាព និងមុខងារច្រើនទៀត។
  • កម្មវិធី តាមដានសកម្មភាពក្នុងបណ្តាញសង្គម (Qustodio)៖ ជាកម្មវិធីគិតថ្លៃ តែមានមុខងារជាច្រើនក្នុងការកំណត់សុវត្តិភាព និងតាមដានទីតាំង ការប្រើប្រាស់បណ្តាញសង្គម សារឆ្លើយឆ្លង និងសកម្មភាពនានានៅលើអ៊ីនធឺណិត។
  • កម្មវិធីតាមដានរយៈពេលនៃ ការប្រើប្រាស់ស្មាតហ្វូន (Apple Screen Time)៖ នេះជាមុខងារដែលភ្ជាប់មក ជាមួយនៅលើឧបករណ៍ Apple ដែលជាមុខងារដែលមានប្រយោជន៍បំផុត ដែលអាចត្រូវបានប្រើដើម្បីជួយលោកអ្នក និងគ្រួសារក្នុងការ គ្រប់គ្រងពេលវេលារបស់កុមារ ដែលបានចំណាយលើឧបករណ៍ អេឡិចត្រូនិចកាន់តែមានប្រសិទ្ធភាព។
  • កម្មវិធីសុវត្ថភាពគ្រួសាររបស់Microsoft ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Window Microsoft (Microsoft Family Safety)៖ ក៏មានតួនាទីប្រហាក់ប្រហែល និងកម្មវិធីខាងលើដែរ គ្រាន់តែកម្មវិធីនេះអាចធ្វើការកំណត់ទៅលើកម្មវិធី OS របស់ Window ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsoft។
  • ការបិទគេហទំព័រនៅលើឧបករណ៍ ចែកចាយបណ្តាញអីនធឺណេត (Router) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការរឹតបន្តឹងការចូលប្រើគេហទំព័រ ឬប្រភេទគេហទំព័រមួយចំនួនសម្រាប់ ឧបករណ៍ទាំងអស់ដែលភ្ជាប់ទៅបណ្តាញ ដូចជាកុំព្យូទ័រ (Computer) ស្មាតហ្វូន (Smart Phone) និងថេប្លេត (Tablets)។ វាអាចមានប្រយោជន៍ជាពិសេស នៅក្នុងគ្រួសារដែលមានកូន ឬនៅក្នុងការកំណត់អាជីវកម្ម ដែលការចូលប្រើគេហទំព័រមួយចំនួន អាចត្រូវបានរឹតបន្តឹង សម្រាប់ហេតុផលសុវត្ថិភាព ឬផលិតភាព។

នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានណែនាំដល់អាណាព្យាបាលគ្រប់រូប មេត្តាយកចិត្តទុកដាក់លើកុមារ ក្នុងការប្រើប្រាស់ប្រព័ន្ធ ឲ្យបានត្រឹមត្រូវដើម្បីទទួលបាន និងទាញយកផលឲ្យបានច្រើន ជៀសវាងកុមារប្រើប្រាស់ក្នុងន័យ អវិជ្ជមានធ្លាក់ខ្លួនក្នុងបទល្មើស បច្ចេកវិទ្យារបស់ជនខិលខូច និងមានបញ្ហាសុខភាពជាដើម៕

To Top