បរទេស៖ នៅថ្ងៃទី ២ ខែតុលា ទាំងក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Tesla បានបង្ហាញទិន្នន័យលក់ក្នុងរយៈពេល ៩ខែ របស់ពួកគេ។ នៅក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន ៨២៤.០០១ គ្រឿង ដែលក្នុងនោះ ៤៣១.៦០៣គ្រឿង គឺជារថយន្តដឹកអ្នកដំណើរអគ្គិសនីសុទ្ធ ដែលស្មើនឹង ៥២,៤ភាគរយនៃការលក់សរុបរបស់ពួកគេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនរថយន្ត Tesla បានលក់រថយន្តចំនួន ៤៣៥.០៥៩ គ្រឿងក្នុងរយៈពេលដូចគ្នា ដែលរថយន្តទាំងអស់នោះជាអគ្គិសនីសុទ្ធ។
យោងតាមវែបសាយ CarNewsChina.com បានឱ្យដឹងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ត្រីមាសនេះបានឃើញការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD ឈានដល់ ៩៩,២ភាគរយ នៃការលក់របស់ Tesla ដ៏គួរអោយចាប់អារម្មណ៍ ដែលនេះជាបរិមាណនៃការលក់ប្រកៀកប្រកិតគ្នាបំផុតរវាងក្រុមហ៊ុនទាំងពីរចាប់តាំងពីពួកគេបានចាប់ផ្តើមបង្ហាញទិន្នន័យដឹកជញ្ជូនបែបរថយន្តអគ្គិសនី (EV)។
ដោយពិនិត្យមើលនិន្នាការកំណើននៃការលក់របស់ក្រុមហ៊ុនយក្សទាំងពីរនេះ ការលក់របស់ក្រុមហ៊ុន Tesla សម្រាប់ត្រីមាសនេះបានកើនឡើង ២៦,៥ភាគរយ ធៀបនឹងឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ ៦,៧ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ផ្ទុយទៅវិញ ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD បានកើនឡើង ៦៦,៩ភាគរយ ធៀបនឹងឆ្នាំមុន និង កើន ២២,៦ភាគរយ ធៀបនឹងខែក្នុងត្រីមាសនេះ។ អត្រាកំណើនរបស់ BYD លើសពី Tesla នៅក្នុងត្រីមាសទី៣នេះ ។
បើពិនិត្យមើលទិន្នន័យនៃការលក់រថយន្តអគ្គិសនីសុទ្ធសម្រាប់ទាំង Tesla និង BYD ចាប់តាំងពីឆ្នាំ ២០២២។ រហូតមកដល់ត្រីមាសទី៣ ឆ្នាំ ២០២៣ ក្រុមហ៊ុន Tesla បានរក្សាការនាំមុខយ៉ាងច្រើនលើ BYD ។ ក្នុងរយៈពេល៦ត្រីមាសដំបូង ក្រុមហ៊ុន Tesla លក់ដាច់បានច្រើនជាង ក្រុមហ៊ុន BYD ជាបន្តបន្ទាប់ដោយរថយន្តជាង ៦៧០.០០០ គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ គម្លាតនេះបានរួមតូចយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣នេះ ជាមួយនឹងភាពខុសគ្នាត្រឹមតែ ៣.៤៥៦ យូនីត ដែលបង្ហាញពីការបញ្ចូលគ្នាដ៏គួរឱ្យកត់សម្គាល់នៅក្នុងបរិមាណនៃការលក់។
យោងតាមនិន្នាការកើនឡើងនាពេលបច្ចុប្បន្ននេះ ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD ទំនងជានឹងលើសពី Tesla នៅក្នុងត្រីមាសទី៤ ឆ្នាំនេះ៕
ប្រែសម្រួលៈ ណៃ តុលា