ព័ត៌មានជាតិ

សម្ដេចតេជោ បន្ដស្នើឲ្យអាជ្ញាធរ ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ការរើសអើង និងការប្រមាថមាក់ងាយលើជនមាន ពិការភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានបន្ដស្នើឲ្យអាជ្ញាធរមូលដ្ឋាន ពង្រឹងយន្តការសម្របស ម្រួលទប់ស្កាត់ដល់ការរើសអើង ការប្រមាថមាក់ងាយលើជនមានពិការភាព ខណៈរាជរដ្ឋាភិបាលមានចក្ខុវិស័យ ធ្វើឲ្យ ជនមានពិការភាព និងក្រុមគ្រួសារមានជីវិតល្អ។

តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមា នពិការភាពអន្ដរជាតិ លើកទី៣៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដែលចេញផ្សាយ នៅថ្ងៃទី១ ធ្នូ នេះ បានឲ្យដឹងថា រាជរដ្ឋាភិ បាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឲ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូ លរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំង មានការធ្វើបរិ យាបន្នពិការភាព ក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។

សម្ដេចតេជោ បន្ដថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពី ពិការភាព ២០១៩-២០២៣ ដោយ បានគិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាពដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោល ដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រឹងពង្រីកអាជីព និងមុខរបរដើ ម្បីបង្កើនជីវភាពរស់នៅ បានសមរម្យជូនជនមានពិការភាព។

សម្ដេចតេជោ មានប្រសាសន៍ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹង យន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ លើសពីនេះទៀត ខ្ញុំ សូមឲ្យមានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សា រដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើត សារជីវកម្ម និងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ដើម្បីឲ្យសង្គមមួយមានការគិតគូរដាក់បញ្ចូលគ្នាបាន ការចូលរួមដោយសមភាព តាមរយៈការលើកកម្ពស់ ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយសកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្លៃ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមានពិការភាពនិងមិនមានពិការភាព។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៩កន្លងទៅ ជនមាន ពិការភាពចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០ មានជនមានពិការភាព ចំនួន២ ៨៦០នាក់ ក្នុងនោះ ជនពិការកម្រិតធ្ងន់ ចំនួន១ ៥៥៧នាក់ បើគិតជាភាគរយ ១,៩៥%។ ដោយឡែក វិស័យឯកជន មានជនមានពិការ ភាពចូលបម្រើការងារ ចំនួន៣ ៧៩២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស ចំនួនជនមានពិការភាព ៦ ៦៥២នាក់៕ ដោយ ៖ អេង ប៊ូឆេង

To Top