ព័ត៌មានអន្តរជាតិ

ចំណងមិត្តភាពចិន-អាមេរិក ផ្នែកខ្លះរងការខូចខាត មិនអាចជួសជុលបាន

បរទេស៖ ការខូចខាតមួយចំនួន ចំពោះចំណងមិត្តភាពចិន-អាមេរិក គឺមិនអាចជួសជុលបាន ស្របពេលមានរលកថ្មីនៃ វិធានការរបស់រដ្ឋបាលលោក ត្រំា ទប់ទល់ប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការព្រមាន ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

នៅក្នុងបទវិចារណកថាមួយ កាសែតគាំទ្ររដ្ឋាភិបាលចិន ឈ្មោះ China Daily បាននិយាយប្រាប់ថា ខ្លួនបានមើលឃើញថា ជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភ ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដាក់កំហិតលើទិដ្ឋការធ្វើដំណើរ សម្រាប់សមាជិកបក្សកុម្មុយនិស្តចិន និងគ្រួសាររបស់ពួកគេ និងបម្រាមលើការនាំចូល កប្បាសតំបន់ស៊ីងជៀង។

កាសែតនេះបានបន្ថែមថា “បើទោះជារដ្ឋបាលអនាគត មានបំណងចង់បន្ធូរបន្ថយភាពតានតឹង ដែលបានសាបព្រួសរួចហើយ និងកំពុងបន្តសាបព្រួសក៏ដោយ ក៏ការខូចខាតមួយចំនួនហួតពីការជួសជុលបាន តាមដែលប្រធានាធិបតីអាមេរិកបច្ចុប្បន្នចង់បាន”។

គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងមហាអំណាច សេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទាំងពីរ បានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ជុំវិញបញ្ហានានា ដូចជាបញ្ហាជំនួញ បច្ចេកវិទ្យា សន្តិសុខ សិទ្ធិមនុស្ស និងជម្ងឺកូវីដ១៩ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top