តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនផលិតកម្ម និងការនាំចេញប្រេងយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីដោយលោក រ៉ូហានី ឲ្យដឹងថាសមត្ថភាពប្រតិបតិ្តការរបស់អ៊ីរ៉ង់ ក៏ដូចជាបទពិសោធន៍របស់ខ្លួន ធ្វើឱ្យមានលទ្ធភាព សម្រាប់ការផលិត និងការលក់ភ្លាមៗ។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) បានធ្វើឱ្យអ៊ីរ៉ង់ នាំចេញប្រេងបានជាង ២ លានបារ៉ែល មុនពេលការដាក់ទណ្ឌកម្ម ជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ នៅឆ្នាំ២០១៨ ។
លោករ៉ូហានី បានថ្លែងនៅក្នុងកិច្ចប្រជុំនៅទីស្នាក់ការសម្របសម្រួលសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថា “ក្រសួងប្រេងអ៊ីរ៉ង់ មានភារកិច្ចចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីរៀបចំកន្លែងឧស្សាហកម្មប្រេង សម្រាប់កម្រិតផលិតកម្ម និងការលក់ ដោយសមាមាត្រទៅនឹងសមត្ថភាព ដែលអាចប្រើបានក្នុងរយៈពេល ៣ ខែបន្ទាប់”៕
ដោយ ឈូក បូរ៉ា