ភ្នំពេញ ៖ ខណៈឱសានវាទ សម្រាប់ឲ្យកម្ពុជាពិចារណា ក្នុងការតវ៉ាលើការ ដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីសហគមន៍អឺរ៉ុប ក្រុមអតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រឈមនិងការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ ព្រោះវេលានៃការសម្រេច ចិត្តព្យួរប្រព័ន្ធអនុគ្រោះពន្ធ កំពុងតែរំកិលជិតមកដល់ តែមិនទាន់មានសញ្ញាណ នៃការឆ្លើយតប ជាវិជ្ជមានណាមួយនៅឡើយ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់អតីតតំណាងរាស្រ្តបក្សប្រឆាំង ដែលចុះហត្ថលេខារួមគ្នារវាង លោក អ៊ូ ច័ន្ធរ័ត្ន លោក កង គឹមហាក់ និង លោក ជីវ កត្តា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា “យើងខ្ញុំនៅតែយល់ឃើញថា ប្រព័ន្ធអនុគ្រោះពន្ធនេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នសំរាប់កម្ពុជា ។ ការបាត់បង់EBA អាចនឹងមានប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជីវភាពប្រជាពលរដ្ឋរាប់លាននាក់ និងអនាគតកូនចៅរបស់ពួកគាត់”។
កាលពីថ្ងៃទី២១ វិច្ឆិកា សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា EBA ក៏តែបាត់ទេនៅពេលសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើនក្នុងរង្វង់ឆ្នាំ ២០២៥-២០២៦ ។ សម្តេចតេជោបន្តថា កម្ពុជាបានត្រៀមខ្លួន រួចជាស្រេចហើយ តាំងពីខែមីនា ឆ្នាំ២០១៩មកម្ល៉េះ ព្រោះកម្ពុជាមិនអាចរក្សាពន្ធគ្រប់ប្រភេទនេះ ដើម្បីមកដោះដូរ ជាមួយអធិបតីភាពកម្ពុជាឡើយ ពោលគឺមិនអាចធ្វើតាមបានទេ។
សម្តេចតេជោបន្ថែមថា បើកាលណាបង់ពន្ធហើយ គឺពួកគេមិនអាចមកបន្ត គំរាមកំហែងកម្ពុជាបានទៀតទេ។ ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចសង្កត់ធ្ងន់ថា គឺកម្ពុជាមិនចង់បាត់បង់EBAទេ តែធ្វើម៉េច បើគេតម្រូវឲ្យមកបែបនេះហើយ ។
គណៈកម្មការអឺរ៉ុប (EU) បានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេល សហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ៕