ព័ត៌មានជាតិ

ក្រុមហ៊ុនចិន គ្រោងបង្កើត រោងចក្រកែច្នៃដំឡូងមីនៅក្រចេះ

ភ្នំពេញ ៖ ចំពោះមុខ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូខេត្តសានតុងដឹកនាំដោយ វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង ប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុន Guomei Linqor Group មានគម្រោងវិនិយោគ លើរោងចក្រកែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិត ១០០.០០០តោន នៅខេត្តក្រចេះ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្ដិ បានលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ លើវិស័យកសិកម្ម ជាពិសេសកសិផល ស្វាយ ចេក មៀន ដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីស្នើសុំលោក វ៉ាង ស៊ូជាន ជួយកៀរគរវិនិយោបន្ថែមទៀត មកវិនិយោគក្នុងវិស័យកែច្នៃ លើផលិតផលកសិកម្មសម្រាប់នាំចេញ។

លោក វ៉ាង ស៊ូជាន បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបាននាំក្រុមហ៊ុនចំនួន២០ ដើម្បីមកពិភាក្សាធុរកិច្ច ជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពីកាលានុវត្តភាព សម្រាប់វិនិយោគក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។

លោកថា ក្នុងនោះមានក្រុមហ៊ុនពីរ បានសម្រេចចិត្តវិនិយោគ គឺក្រុមហ៊ុន Guomei Linqor Group ដើម្បីសាងសង់រោងចក្រ កែច្នៃកសិកម្មសរីរាង្គ ដោយប្រើប្រាស់កាកសំណល់សំរាម ក្នុងការផលិតជីសរីរាង្គ ការវេចខ្ចប់ លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group ដើម្បីដំឡើងរថយន្ត ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨ មានចំនួន ៦ ០៤០ លានដុល្លារកើនឡើងជាង១៣,៨% បើធៀបឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ១ ធៀបទំហំវិនិយោគទុនពីប្រទេសដទៃទៀត មានទំហំសរុបប្រមាណ ១ ៦៤៤ លានដុល្លារ។ លើសពីនេះកម្ពុជា-ចិន បានឯកភាពគ្នាជំរុញ ទំហំពាណិជ្ជកម្មឲ្យកើនឡើងដល់ ៦ ០០០ លានដុល្លារនៅឆ្នាំ២០២០៕
ដោយ៖ បាន ធារ៉ូ

To Top