កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រៀងកម្មវិធី វិនិយោគបីឆ្នាំរំកិល ( ២០២១-២០២៣ )នាព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ នៅមន្ទីរផែនការខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញ ដល់ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ឱ្យអនុវត្តគម្រោងនីមួយៗ ឱ្យចប់តាមការកំណត់បន្តការ អភិវឌ្ឍជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាអោយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។
លោកអភិបាលខេត្តបានថ្លែងថា លទ្ធផលសិក្ខាសាលា សមាហរណកម្មកម្មវិធី វិនិយោគ ឃុំ-សង្កាត់ ក្រុង-ស្រុកទទួលបានការគាំទ្រសរុប ២៣៧៤ គម្រោងស្មើនឹង ៤៨ភាគរយ នៃគម្រោងស្នើឡើងចំនួន ៤៩១៣គម្រោង ក្នុងនោះមានមន្ទីរអង្គភាពគាំទ្រ បានចំនួន ២២២៤គម្រោង និងអង្គការសង្គមស៊ីវិលគាំទ្រ បានចំនួន ១៥០គម្រោង ។ ដោយឡែកគម្រោងវិនិយោគ កំពុងដំណើរការរបស់រដ្ឋ បាលខេត្តមានចំនួន ៣៩គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៣៥៥៤០ លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៣ គម្រោង ដែលត្រូវចំណាយថវិកាចំនួន ១ ៥៦៧ ០៣៨ លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២១។
លោកអភិបាលខេត្តបានថ្លែងបន្តថា ការរៀបការងារកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០២១-២០២៣ )នេះ ពិតជាឆ្លើយតបទៅ នឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ អាណត្តិទី ៦ របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្ត្រ អភិវឌ្ឍជាតិយ៉ាងពិតប្រាកដ ។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមការងារកសាងផែនការខេត្តរដ្ឋបាល ក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ត្រូវត្រៀមខ្លួនចាប់ផ្ដើមដំណើរការប្រមូលតម្រូវការអាទិភាព របស់មូលដ្ឋាននៅចុងខែមករា ដើម្បីដាក់ក្នុងផែនការយុទ្ធសាស្ត្រថវិកាឲ្យទាន់ពេលវេលា ស្របតាមប្រកាសអន្តរក្រសួងលេខ ០១៤៩ ផក.ប្រក ចុះថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២០ របស់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំ បំពេញបន្ថែមលើសេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ។