ព័ត៌មានជាតិ

កូរ៉េខាងត្បូង ស្វែងរកកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយអាមេរិក និងជប៉ុន ដើម្បីបន្តការទូតនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខការទូតនុយក្លេអ៊ែរថ្មី របស់កូរ៉េខាងត្បូង លោក Noh Kyu-duk បានជួបជជែកគ្នាតាមទូរស័ព្ទ ជាមួយសមភាគីជប៉ុនរបស់លោក នៅថ្ងៃពុធនេះ នៅក្នុងកិច្ចពិភាក្សាលើកដំបូង របស់ពួកគេចាប់តាំងពីការ តែងតាំងលោក កាលពីដើមសប្តាហ៍នេះ ។

កិច្ចពិភាក្សារបស់លោក ជាមួយលោក Takehiro Funakoshi ដែលជាអគ្គនាយកថ្មី សម្រាប់កិច្ចការអាស៊ី និងអូសេអានី នៅឯក្រសួងការបរទេសទីក្រុងតូក្យូ បានកើតឡើងនៅពេល ដែលទីក្រុងសេអ៊ូល ស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយរដ្ឋបាល សហរដ្ឋអាមេរិករបស់លោក ចូ បៃដិន និងជប៉ុន ដើម្បីបន្តការទូតនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ភាគីទាំងពីរបានចែករំលែកការ វាយតម្លៃលើស្ថានភាពឧបទ្វីបកូរ៉េ និងផ្លាស់ប្តូរយោបល់គ្នាលើមធ្យោបាយ សម្រាប់កិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង និងជប៉ុន និងក្នុងចំណោមប្រទេសទាំងពីរ និងសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យមានវឌ្ឍនភាពក្នុងកិច្ចប្រឹងប្រែង សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៃឧបទ្វីបកូរ៉េ និងការពង្រឹងសន្តិភាពជាអចិន្ត្រៃយ៍”។

នៅថ្ងៃមុនលោក បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយអនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំក្រុងព្យុងយ៉ាង ត្រឡប់មករកកិច្ចពិភាក្សាឡើងវិញ៕
ដោយ ឈូក បូរ៉ា

To Top