ព័ត៌មានជាតិ

ក្រសួងសាធារណការទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូន តាមបណ្ដាមន្ទីររាជធានី-ខេត្ត

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីរ រាជធានី-ខេត្តទាំង២៥ ក្នុងគោលបំណងជួសជុល និងថែទាំផ្លូវថ្នល់។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រសួងប្រចាំសប្ដាហ៍ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា «ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជ ធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឲ្យបានគ្រប់គ្រាន់ ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោកបន្ថែមថា ក្រសួងបាននិងកំពុង អនុវត្តអនុស្សារណៈយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការរៀបចំ កម្មវិធីបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្រទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរ ឲ្យក្លាយទៅជាវិស្វករ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាល បច្ចេកទេសរបស់ក្រសួង ព្រមទាំងជំរុញឲ្យក្រុមការងារ ចំពោះកិច្ចពិនិត្យលទ្ធភាព ដំណើរការកម្មវិធីបណ្ដុះ បណ្ដាលចាប់ពីខែមករា ឆ្នាំ២០២១ក្នុងការចូលរួម លើកកម្ពស់សមត្ថភាពកូន ខ្មែរឲ្យកាន់តែខ្ពស់ត្រដែត លើឆាកអន្តរជាតិ ស្របតាម គោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលគឺ ៖ មនុស្ស ផ្លូវ ភ្លើង ទឹក។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងថា អគារទីស្ដីការក្រសួងសាធារណការ ថ្មី គ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមករា ឆ្នាំ២០២១ ខាងមុខ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករៀបរាប់ថា ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំអង្គភាព ក្រោមឱវាទក្រសួងទាំងអស់ ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ឆ្លើយតបទៅតាម ទំហំការងារនាពេលបច្ចុប្បន្ន។

អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវ លេខ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕

To Top