ព័ត៌មានជាតិ

វិទ្យុអាស៊ីសេរី ស្នើសុំបើកការិយាល័យ ផ្សាយនៅកម្ពុជាឡើងវិញ ប៉ុន្ដែក្រសួងព័ត៌មាន តម្រូវឲ្យបញ្ឈប់ ការប្រើពាក្យរបបក្រុងភ្នំពេញ

ភ្នំពេញ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់ របស់វិទ្យុអាស៊ីសេរី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានស្នើសុំក្រសួងព័ត៌មាន បើកការិយាល័យផ្សាយឡើងវិញ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែក្រសួងព័ត៌មាន បានតម្រូវឱ្យ វិទ្យុ អាស៊ី សេរី ត្រូវធ្វើការកែតម្រូវ នូវពាក្យពេចន៍មួយចំនួន ក្នុងការផ្សាយ ហើយត្រូវបំពេញ បែបបទ ទៅតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។ នេះបើយោងតាមAKP។

ការស្នើសុំ របស់តំណាងវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Matthew Pennington ប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (RFA Managing Director for Southeast Asia) នៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានបញ្ជាក់ថា លោក Matthew Pennington ប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានស្នើឱ្យក្រសួងព័ត៌មាន ធ្វើការពិនិត្យលទ្ធភាព ដោយអនុញ្ញាត ឱ្យវិទ្យុអាស៊ីសេរីអាចដំណើរការផ្សាយ និងបើកការិយាល័យឡើងវិញ បាននៅ ក្នុងប្រទេសកម្ពុជា។

លោកបានបន្ដថា ប្រសិនបើវិទ្យុអាស៊ីសេរី អាចដំណើរការផ្សាយឡើងវិញ គឺអាចអនុញ្ញាត ធ្វើការជួលម៉ោងផ្សាយ តាមស្ថានីយវិទ្យុក្នុងស្រុក ដូចដែលក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ធ្វើការជួលម៉ោងផ្សាយដែរ។

ជាការឆ្លើយតបលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កន្លងមក ក្រសួងមិនដែលបានបិទ វិទ្យុអាស៊ីសេរីនោះទេ គឺវិទ្យុអាស៊ីសេរីបានសម្រេច បិទការិយាល័យ ដោយខ្លួនឯងនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានស្វាគមន៍ ចំពោះវិទ្យុអាស៊ីសេរី ដែលចាប់អារម្មណ៍ និងចង់ត្រឡប់មក បើកការិយាល័យរបស់ខ្លួននៅ កម្ពុជាឡើងវិញ។

លោករដ្ឋមន្រ្ដីបានណែនាំថា ដើម្បីបើកដំណើរការ ការិយាល័យផ្សាយនៅកម្ពុជាឡើងវិញ វិទ្យុអាស៊ីសេរី ត្រូវធ្វើការកែតម្រូវ នូវការប្រើប្រាស់ពាក្យពេចន៍របស់ខ្លួន ក្នុងការផ្សាយដូចជា ការប្រើពាក្យថា “របបក្រុងភ្នំពេញ” ជាដើម។ ទន្ទឹមនេះ ត្រូវបំពេញនូវលក្ខ ខណ្ឌ ផ្លូវច្បាប់ ទៅតាមលិខិតបទដ្ឋានគតិយុត្ដ ដែលមានជាធរមាន ឱ្យបានពេញលេញ និង ត្រឹម ត្រូវ ស្របតាមច្បាប់របស់កម្ពុជា។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជាក៏បាន មកជួបជាមួយ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ហើយក៏បានស្នើសុំ ឱ្យក្រសួងព័ត៌មានជួយគាំទ្រ និង សម្របសម្រួល ដល់វិទ្យុសំឡេងសហរដ្ឋអា មេរិក (VOA) អាចជួលម៉ោងផ្សាយនៅតាម ស្ថានីយវិទ្យុក្នុងស្រុកឡើងវិញ បាន សម្រាប់ធ្វើការ ផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេស កម្ពុជា។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ឯកភាព ចំពោះ ការស្នើសុំ របស់លោកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជា ក្នុងការ អនុញ្ញាតឱ្យវិទ្យុសំឡេង សហរដ្ឋអាមេរិក អាចជួលម៉ោងផ្សាយ នៅតាមស្ថានីយ វិទ្យុ សំបុកឃ្មុំ និងស្ថានីយវិទ្យុអេហ្វអឹម ១០២ ក្នុងប្រទេសកម្ពុជា៕

To Top