ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានទាំងមូល ហើយនឹងត្រៀមបញ្ជូន ទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាបន្ត មុនឈានទៅអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ។ នេះបើយោងតាមAKP។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានទាំងមូល ហើយ បន្ទាប់ពីបានប្រជុំជជែកពិភាក្សា និងកែសម្រួលពាក្យពេចន៍មួយចំនួន ខណៈខ្លឹមសារចុងក្រោយ នៃសេចក្តីព្រាងច្បាប់នេះ ត្រូវបានរក្សាទុកនៅដដែល ។
លោកបានបន្តថា ក្រសួងព័ត៌មាននឹងធ្វើការជជែកពិភាក្សា ទៅលើទោសប្បញ្ញាតិ្ត នៃសេចក្តីព្រាងច្បាប់នេះបន្ថែមទៀត ជាមួយក្រសួងយុត្តិធម៌ មុននឹងដាក់ទៅ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះ ធានាបាននូវការលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមអភិវឌ្ឍន៍ប្រទេស ប្រកបដោយតម្លាភាព គណនេយ្យភាព និង សុគតិភាព។
លោកគូសបញ្ជាក់ថា «ជាការពិតណាស់ច្បាប់នេះ វានឹងផ្តល់នូវសិទិ្ធ និងសេរីភាពដល់សាធារណៈ នៅក្នុងការចូលរួមចំណែក លើកកម្ពស់នៅអភិបាលកិច្ចល្អ ការចូលរួមអភិវឌ្ឍន៍ប្រទេសយើង ប្រកបដោយ តម្លាភាព គណនេយ្យភាពនិង សុគតិភាព យើងនឹងខិតខំពន្លឿនកិច្ចជជែកពិភាក្សា និងកិច្ចការដែលនៅសេសសល់ ដាក់ជូនទៅគណៈរដ្ឋមន្ត្រី អោយកាន់តែឆាប់” ។
សូមបញ្ជាក់ថា ការឯកភាពរួមលើផ្នែកទាំងមូលនេះ នៃសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាននេះ គឺមានការចូលរួមពី៣២ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់នេះ មាន៩ជំពូក និង៣៧មាត្រា ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ធានាអោយសាធារណជនគ្រប់រូប នូវសិទ្ធិ សេរីភាព ក្នុងការទទួលព័ត៌មាន ពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕