ជំរាបសួរលោក លោកស្រីនិងមិត្តគ្រប់រូប ៖
ជំហាននៃឆ្នាំ ២០២១ កាន់តែខិតជិតមកដល់ហើយ ខ្ញុំសូមជូនពរឆ្នាំថ្មី ឆ្នាំសកលដ៏ល្អបវរដល់អស់លោកអ្នកពីទីក្រុងប៉េកាំង !
ឆ្នាំ ២០២០ ជាឆ្នាំមិនធម្មតាក្រៃលែង។ ពេលប្រឈមមុខនឹងសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ ដែលស្រាប់តែផ្ទុះឡើង យើងបានបកស្រាយនូវសេចក្តីស្រឡាញ់ដ៏មហិមារបស់មនុស្ស ដោយការតម្កល់ទុកប្រជាជនជាចម្បង និងអាយុជីវិតជាចម្បង បានកត់ត្រាប្រវត្តិសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដោយការរួមសាមគ្គីគ្នានិងការតស៊ូប្រឹងប្រែងដោយម៉ឺងម៉ាត់មិនងាករេ។ ក្នុងអំឡុងពេលដែលរួមគ្នាពុះពារក្តីលំបាកនិងឧបសគ្គ បានលេចចេញនូវរឿងរ៉ាវជាច្រើន ដូចជាភាពអង់អាចដែលដើរបញ្ច្រាសទិស ដើម្បីប្រយុទ្ធផ្ទាល់នៅជួរមុខ ការឈរជើងនៅជួរមុខដោយអង់អាចក្លាហាន ទំនួលខុសត្រូវដែលរួមសុខរួមទុក្ខ ការពលីប្រកបដោយវីរភាព និងការជួយគ្នាទៅវិញទៅមក។ ទាំងបុគ្គលិកវេជ្ជសាស្ត្រ និងកងកម្លាំងយោធា ទាំងបុគ្គលិកស្រាវជ្រាវផ្នែកបច្ចេកទេស និងអ្នកបម្រើការងារក្នុងសហគមន៍ ទាំងអ្នកស្ម័គ្រចិត្ត និងកម្មករសំណង់ ទាំងមនុស្សចាស់និងយុវវ័យនិងជនរួមជាតិច្រើនលើសលុប បានសកម្មបំពេញកាត្តព្វកិច្ចការពារអាយុជីវិតប្រជាជនដោយក្តីស្រឡាញ់ ដែលបានប្រមូលផ្តុំជាកម្លាំងកាយចិត្តដ៏មហិមា បង្កើតបានជាកំពែងដែកថែបសម្រាប់គាំពារអាយុជីវិតមនុស្សគ្រប់រូប។ មនុស្សម្នាក់ៗដែលធ្វើការតស៊ូមិនរាថយ ការបណ្តាក់វេនគ្នាបំពេញការងារម្តងហើយម្តងទៀត និងទិដ្ឋភាពគួរឱ្យរំភើបចិត្តមួយលើកហើយមួយលើកទៀត បានបង្ហាញយ៉ាងរស់រវើក នូវស្មារតីដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ រឿងរ៉ាវអស្ចារ្យកើតចេញពីរឿងរ៉ាវធម្មតា វីរជនកើតចេញពីចំណោមប្រជាជន។ មនុស្សគ្រប់គ្នាសុទ្ធតែជាមនុស្សដ៏អស្ចារ្យណាស់! ខ្ញុំសូមសម្តែងការសួរសុខទុក្ខចំពោះអ្នកឆ្លងជំងឺកូវីដ១៩គ្រប់រូប និងសូមសម្តែងគារវកិច្ចចំពោះវីរជនដ៏សាមញ្ញគ្រប់រូប! ខ្ញុំមានមោទនភាពចំពោះមាតុប្រទេសនិងប្រជាជនដ៏មហិមារបស់យើង និងមានមោទនភាពចំពោះស្មារតីប្រជាជាតិ ដែលខិតខំតស៊ូយ៉ាងស្វិតស្វាញ!
គ្រាលំបាកទើបបង្ហាញពីភាពអង់អាចក្លាហាន ការខិតខំតស៊ូទើបអាចសម្រេចបាននូវជោគជ័យ។ យើងបានពុះពារផលប៉ះពាល់ពីស្ថានការណ៍ជំងឺឆ្លង ហើយទទួលបានសមិទ្ធផលដ៏ធំធេងក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ផែនការអភិវឌ្ឍ ៥ ឆ្នាំទី ១៣ បានបញ្ចប់ដោយគាប់ប្រសើរ ផែនការអភិវឌ្ឍ ៥ ឆ្នាំទី ១៤ បានចាប់ផ្តើមជាផ្លូវវការ។ និម្មាបនកម្មអភិវឌ្ឍថ្មីត្រូវបានពន្លឿនការកសាង ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅ។ ប្រទេសចិនបានសម្រេចកំណើនជាវិជ្ជមានមុនគេបង្អស់ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ២០២០នឹងឡើងដល់កម្រិតថ្មីដែលត្រូវជា ១០០ ទ្រីលានយាន់ប្រាក់ចិន។ ស្បៀងអាហារទទួលបានទិន្នផលល្អ ១៧ ឆ្នាំជាប់ៗ។ ការសិក្សាខាងវិទ្យាសាស្រ្តដូចជាយានអវកាស Tianwen-1 យានអវកាស Chang`e-5 និងនាវាមុជទឹក Fendouzhe ជាដើម សុទ្ធតែទទួលបានសមិទ្ធផលយ៉ាងសំខាន់។ ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានបាននិងកំពុងដំណើរការយ៉ាងរលូន។ យើងក៏បានទប់ទល់នឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កងទ័ពនិងប្រជាជនមិនខ្លាចការលំបាកវេទនា បានរួមចិត្តរួមថ្លើមទប់ទល់នឹងគ្រោះមហន្តរាយ ហើយបានខិតខំកាត់បន្ថយការខូចខាតឱ្យដល់កម្រិតទាបបំផុត។ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត-ភូមិភាគស្វយ័ត-ទីក្រុងចំនួន ១៣ ខ្ញុំមានក្តីសោមនស្សរីករាយដោយបានឃើញថា អ្នកទាំងអស់បានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការបង្ការជំងឺឆ្លង និងខិតខំស្តារផលិតកម្មឡើងវិញដោយពេញទំហឹងនិងធ្វើការច្នៃប្រឌិតថ្មី។ នៅទូទាំងប្រទេសចិនពោរពេញទៅដោយជំនឿចិត្ត ភាពស្វិតស្វាញ ដែលបង្កើតបានជាទិដ្ឋភាពដ៏រស់រវើក នៃការខិតខំតស៊ូឥតស្រាកស្រាន ។
ឆ្នាំ ២០២០ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងទទួលបានជោគជ័យក្នុងយុទ្ធនាការពុះពារឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ។ យើងបានប្រមូលផ្តុំកម្លាំង ដើម្បីលុបបំបាត់ភាពក្រីក្របំផុត ដោយបានដោះស្រាយនូវបញ្ហាស្មុគស្មាញបំផុត។ បន្ទាប់ពីការតស៊ូអស់រយៈពេល៨ឆ្នាំ បានធ្វើឱ្យប្រជាជនក្រីក្រនៅជនបទជិត ១០០ លាននាក់នៃស្រុកក្រីក្រចំនួន ៨៣២ ដែលស្ថិតនៅក្រោមស្តង់ដារខ្សែបន្ទាត់ក្រីក្របច្ចុប្បន្នបានចេញផុតពីភាពក្រីក្រទាំងស្រុង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានទៅត្រួតពិនិត្យនៅតំបន់ក្រីក្របំផុតចំនួន ១៤ នៅទូទាំងប្រទេស ទិដ្ឋភាពនៃស្មារតីខិតខំតស៊ូរបស់អ្នកស្រុក និងការខិតខំបំពេញការងារយ៉ាងពេញទំហឹងរបស់មន្ត្រីជួយកាត់បន្ថយភាពក្រីក្រដ៏ច្រើនកុះករ តែងតែដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំ។ យើងត្រូវបន្តប្រកាន់ខ្ជាប់នូវគោលដៅដំបូងបង្អស់ ខិតខំតស៊ូយ៉ាងប្រាកដប្រជា ដើម្បីអភិវឌ្ឍជនបទ និងដើរឆ្ពោះទៅរកគោលដៅមានជីវភាពធូរធារទាំងអស់គ្នា។
ឆ្នាំនេះ ប្រទេសចិនបានអបអរសាទយ៉ាងអធិកអធមនូវខួបទី ៤០ ឆ្នាំនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសិនចឹន និងខួបទី ៣០ ឆ្នាំនៃការអភិវឌ្ឍនិងបើកទូលាយតំបន់ភូតុង ក្រុងសៀងហៃ។ ពេលឈរនៅឆ្នេរសមុទ្រនៃសមុទ្រចិនខាងត្បូង និងនៅច្រាំងទន្លេហួងភូ ដែលមានទេសភាពស្រស់ត្រកាល ពិតជាធ្វើឱ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ការសាកល្បងមុនគេបានទៅជាគំរូនៃការនាំមុខ ការរុករកដោយច្នៃប្រឌិតថ្មីបានទៅជាការនាំមុខដោយច្នៃប្រឌិតថ្មី។ កំណែទម្រង់និងការបើកទូលាយបានបង្កើតអច្ឆរិយនៃការអភិវឌ្ឍតទៅថ្ងៃមុខ ប្រទេសចិននឹងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងពង្រីកការបើកទូលាយថែមទៀត។
សច្ចធម៌នឹងមិនឯកោទេ ពិភពលោកទាំងមូលគឺជាគ្រួសារតែមួយ។ ក្រោយពីឆ្លងកាត់ព្យុះភ្លៀង ១ ឆ្នាំកន្លងមក យើងបានយល់ដឹងកាន់តែស៊ីជម្រៅជាងពេលណាៗទាំងអស់ អំពីអត្ថន័យនៃសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាច្រើនលើកជាមួយមិត្តចាស់និងមិត្តថ្មីអន្តរជាតិ និងបានចូលរួមកិច្ចប្រជុំតាមអនឡាញជាច្រើនលើក។ អ្វីដែលត្រូវបានពិភាក្សាច្រើនបំផុតនោះ គឺរួមសាមគ្គីគ្នាយ៉ាងស្មោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងមានភារកិច្ចធ្ងន់និងវែងឆ្ងាយទៀត។ ប្រជាជននៃប្រទេសនានាគួរពួតដៃគ្នារួមសុខរួមទុក្ខ ដើម្បីបណ្តេញស្រមោលខ្មៅនៃស្ថានការណ៍ជំងឺឆ្លងក្នុងពេលឆាប់ៗ និងខិតខំកសាងភពផែនដីកាន់តែល្អបវរ។
ឆ្នាំ ២០២១ ជាខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ដំណើរអភិវឌ្ឍន៍ ១០០ ឆ្នាំដ៏អស្ចារ្យ គោលបំណងដើមនៅតែមានភាពមុតមាំដដែល ទោះបីជាបានឆ្លងកាត់អស់ពេល ១០០ ឆ្នាំក្តី។ ពីផ្លូវដឿហែមសឺឃូមិនក្រុងសៀងហៃ ដល់បឹងណានហ៊ូស្រុកជាសៀង នាវានៃបក្សកុម្មុយនិស្តចិនបានផ្ទុក នូវក្តីសង្ឃឹមរបស់ប្រជាជននិងប្រជាជាតិចិន បានបរឆ្លងកាត់រលកបោកបក់និងព្យុះភ្លៀងរាប់មិនអស់ និងក្លាយទៅជានាវាយក្សដែលដឹកនាំប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង។ ក្នុងឱកាសខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុនិស្តចិន ប្រទេសចិនប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាចម្បង រក្សាគោលបំណងដើមនិងចងចាំបេសកកម្មជាប់ជានិច្ច ធ្វើការខិតខំប្រឹងប្រែងពុះពារឧបសគ្គគ្រប់បែបយ៉ាង ដែលមុខជានឹងអាចសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញជាពុំខាន។