បរទេស៖ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko “Jokowi” Widodo បានមានប្រសាសន៍នៅថ្ងៃសុក្រថា លោកមានបំណងចង់រៀបចំ ធ្វើការទទួលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រសិនបើមេដឹកនាំទាំងពីរ ព្រមព្រៀងគ្នា ប្រារព្ធជំនួបកំពូលផ្លូវការជាលើកទី៣។
លោក Joko “Jokowi” Widodo ដែលបានជាប់ឆ្នោត ជាថ្មីម្តងទៀត កាលពីដើមឆ្នាំនេះនោះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ថា លោកនិងប្រជាជន ឥណ្ឌូនេស៊ី នឹងស្វាគមន៍ជំនួប កំពូលអាមេរិក-កូរ៉េខាងជើងទី៣ ថានឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានី ចាកាតា ឬក៏កោះបាលី ដែលជាតំបន់ទេសចរណ៍ ដ៏កំពូលមួយ។
យោងតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មេដឹកនាំឥណ្ឌូនេស៊ីរូបនេះ ក៏បាននិយាយផងដែរថា កិច្ចពិភាក្សាគ្នានេះ ត្រូវតែបន្តដើម្បី ជាផលប្រយោជន៍ សន្តិភាពលើឧបទ្វីបកូរ៉េ៕ ប្រែសម្រួល៖ប៉ាង កុង