តាកែវ៖សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តតាកែវ បានធ្វើការចុះឆ្មក់បង្រ្កាបទីតាំដាំកញ្ឆាមួយកន្លែង នៅជ្រលងភ្នំបាយ៉ងកោ ដោយបានរិបអូសកញ្ឆាក្រៀម ជំងន់ជិត១រយគីឡូក្រាម និងបានបំផ្លាញដើមកញ្ឆាមួយចំនួន ចំពេះការចុះឆ្មក់ចាប់កញ្ឆានេះ បានធ្វើឡើងនៅព្រឹកថ្ងៃ សៅរ៏ ទី ២៣ ខែ វិឆ្ឆិការ ឆ្នាំ ២០១៩ នៅចំណុចជ្រោះកញ្រ្ចែង លើខ្នងភ្នំបាយ៉ង់កោ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្រែអំពក ស្រុកគីរីវង់។
យោងតាម លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឲ្យដឹងថា កំលាំងអាវុធហត្ថបានធ្វើការចុះបង្រ្កាបនៅទីតាំងដាំកញ្ឆា នៅតំបន់ខាងលើ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្តតាកែវ បានធ្វើការរិបអូសកញ្ឆាក្រៀមចំនួន ១៥ការ៉ុង ទំងន់ ៩៨គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឹម ណា អាយុ២៨ ឆ្នាំ និងរថយន្តហាយលែនឌ័រពណ៍ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២AQ ព្រមទាំងបានបំផ្លាញដើមកញ្ឆាបាន ចំនួនជាង៤ពាន់ដើមផងដែរ។
លោកឧត្តមសេនីយ៍ បន្តថា បច្ចុប្បន្នកំលាំងរបស់លោកកំពុងតែ កសាងសំណុំរឿងបញ្ចូនជនសង្ស័យរួមនិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់។
គួបញ្ជាក់ថា តំបន់ភ្នំបាយ៉ង់កោដែលស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវគឺជាតីតាំងដាំ ដំណាំកញ្ឆាខុសច្បាប់ដុះស្លែរាប់សិបឆ្នាំមកហើយ ហើយបើទោះបីជា សមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅតែបន្តលួចដាំដោយនាំទៅលក់ នៅប្រទេសវៀតណាម ដោយកញ្ឆក្រៀមមួយគីឡូលក់ បានក្នុងតម្លៃប្រមាណ ៥០០ដុល្លារ៕