ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អ៊ីរ៉ង់ យល់ព្រមស្វែងរកដំណោះស្រាយការទូត ចំពោះការរឹបអូសនាវាដឹកប្រេង

សេអ៊ូល៖ មន្ត្រីក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងអ៊ីរ៉ង់ បានយល់ព្រមកាលពីថ្ងៃអង្គារ ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយការទូតមួយ សម្រាប់ការរឹបអូសនាវាដឹកប្រេងរបស់កូរ៉េខាងត្បូង នៅច្រកសមុទ្រ Hormuz ។

ក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានគេរាយការណ៍ថា ភាពតានតឹងថ្មីៗបានផ្ទុះឡើងរវាងប្រទេសទាំងពីរបន្ទាប់ពីនាវាឈ្មោះ MT Hankuk Chemi ត្រូវបានឃាត់ទុក កាលពីថ្ងៃច័ន្ទដោយកងសន្តិសុខបដិវត្តអ៊ីស្លាម (IRGC) ។

នាវាដែលមានជនជាតិកូរ៉េខាងត្បូង ៥ នាក់ មីយ៉ាន់ម៉ា ១១នាក់ ឥណ្ឌូនេស៊ី ២នាក់ និងវៀតណាម ២ នាក់ទៀតកំពុងធ្វើដំណើរពីអារ៉ាប់ប៊ីសាអូឌីតទៅកាន់អារ៉ាប់រួម។ ក្រុមមន្ត្រីអ៊ីរ៉ង់ បានឲ្យដឹងថា ពួកគេនៅមានសុវត្ថិភាពទេ។

លោក Koh Kyung-sok អគ្គនាយកកិច្ចការអាហ្វ្រិក និងមជ្ឈិមបូព៌ារបស់ក្រសួង បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Saeed Badamchi Shabestari នៅព្រឹកថ្ងៃនេះ ដើម្បីពិភាក្សាអំពីបញ្ហានេះ។ លោកបានសម្តែងការសោកស្តាយ និងអំពាវនាវឱ្យមានការដោះលែងនាវា និងសមាជិកនាវិកជាមុន៕ដោយ ឈូក បូរ៉ា

To Top