សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសអ៊ីរ៉ង់ នៅសប្តាហ៍នេះ ដើម្បីចរចាការដោះលែងនាវា ដឹកប្រេងកូរ៉េ និងក្រុមនាវិករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ។
នាវាដឹកប្រេង MT Hankuk Chemi មានទង់ជាតិកូរ៉េខាងត្បូង ត្រូវបានរឹបអូសដោយ ប៉ូលីសឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃច័ន្ទ នៅឯច្រកសមុទ្រហូម៉ូស ដោយសារការចោទប្រកាន់ ពីការបំពុលសារធាតុគីមី ប៉ុន្ដែប្រតិបត្តិករកប៉ាល់ បានបដិសេធការចោទប្រកាន់នេះ។
ជនជាតិកូរ៉េខាងត្បូង ៥ នាក់មីយ៉ាន់ម៉ា ១១នាក់ ជនជាតិឥណ្ឌូនេស៊ី ២ នាក់ និងវៀតណាម ២ នាក់បានជិះនៅលើនោះ នៅពេលនាវាត្រូវបានរឹបអូស ខណៈនាវានេះកំពុងធ្វើដំណើរ ពីអារ៉ាប់ប៊ីសាអូឌីតទៅកាន់អារ៉ាប់រួម។
អ្នកនាំពាក្យក្រសួងការបរទេស លោក Choi Young-sam បានលើកឡើងថា“ គណៈប្រតិភូដែលដឹកនាំដោយអគ្គនាយក នៃតំបន់ពាក់ព័ន្ធនឹងត្រូវបញ្ជូនទៅអ៊ីរ៉ង់ នៅកាលបរិច្ឆេទដំបូងបំផុត ដែលអាចធ្វើទៅបាននៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ តាមរយៈការចរចាទ្វេភាគី ជាមួយភាគីអ៊ីរ៉ង់”៕
ដោយ ឈូក បូរ៉ា