ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃថា បើទុកគ្រឿងញៀន ចរាចរនៅកម្ពុជា នឹងកើតរឿងកាន់តែច្រើន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទុកឲ្យមានចរាចរ គ្រឿងញៀន នៅក្នុងសង្គមកម្ពុជានោះ នឹងមានបញ្ហាកើត មានរឿងកាន់ច្រើន ដូច្នេះត្រូវរួមគ្នា លុបបំបាត់ ចរាចរណ៍គ្រឿងញៀន ។

ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ ចរាចរណ៍លើកទី១៤ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ សម្តេច ស ខេង បានលើកឡើងថា «យើងត្រូវលើកទឹកចិត្ត សមត្ថកិច្ច ដែលចាប់បានគ្រឿងញៀន ដូច្នេះបើគ្រឿងញៀន ១តោនដែល ចាប់បាននោះ ចរាចរនៅក្នុងសង្គមកម្ពុជា វានឹងទៅជាយ៉ាងណា ពោលគឺនឹងមានបញ្ហា មិនធម្មតាទេ ដោយ មានករណីចោរ ប្លន់ ចោរលួច អំពើអយុត្តិធម៌ ពុករលួយពេញទឹកពេញដី និងការលាងលុយកង្វក់ អំពើភេវកម្ម នឹងរាលដាលពេញហ្នឹង »។

សម្តេចស ខេង ក៏បានឲ្យដឹងថា បច្ចុប្បន្ន មានពិរុទ្ធជន ពាក់ព័ន្ធគ្រឿងញៀន ចំនួន៤ពាន់ ករណីដែលចំនួននេះ មិនមានន័យថា តែមនុស្ស៤ពាន់នាក់ទេ គឺមួយករណីមាន មនុស្សចាប់ពី២នាក់ឬ៣ នាក់ឡើងទៅ ។ ចំណុចនេះបន្ទុក មកលើរដ្ឋក៏ធ្ងន់ដែរ ដូច្នេះត្រូវដោះស្រាយ តាមការបង្ក្រាប ការចរាចរគ្រឿងញៀន។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើង ពាក់ព័ន្ធពន្ធនាគារព្រៃស ដែរថា បើសិនមានការធ្វើ កំណែទម្រង់ផ្នែកពន្ធនាគារនេះ ត្រូវមានភាគី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាគ្នា ធ្វើការញែកដាក់ពិរុទ្ធជន ទណ្ឌិត អ្នកគ្រឿងញៀនដោយឡែកពីគ្នា។

សម្តេចក៏លើកឡើងថា បើដាក់អ្នកទោសគ្រឿងញៀន ជាមួយគ្នានឹងបង្កឲ្យមានបញ្ហាគ្រឿងញៀនពេញពន្ធនាគារ។ ដូច្នេះខាងអគ្គពន្ធនាគារ ត្រូវសិក្សាបញ្ហាដាក់ អ្នកទោសនេះផ្សេងពីរគ្នា៕

ដោយ ស សំណាង

To Top