បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ភាពតានតឹងនៅឈូងសមុទ្រពែក្ស បានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃពុធ ទី៦ ខែមករានេះ ក្រោយពីកងកម្លាំងឆ្នាំបដិវត្តន៍ របស់ប្រទេសអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងមួយគ្រឿង របស់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារថា នាវាពិឃាតប្រភេទ Choi Yong ទម្ងន់៥ពាន់តោន រួមទាំងកងកម្លាំងពិសេសកូរ៉េខាងត្បូង បានធ្វើដំណើរទៅដល់ចក្រសមុទ្រ Strait of Hormuz ក្បែរនាវាដឹកប្រេងត្រូវបានចាប់ ។
ក្រៅតែពីបានបញ្ជូននាវាពិឃាត ទៅកាន់ចក្រសមុទ្រ Strait of Hormuz ដែលជាទីតាំង នៅក្បែរនាវាដឹកប្រេងត្រូវបានចាប់នោះ មន្ត្រីការបរទេសរបស់កូរ៉េខាងត្បូង ចាប់ផ្តើមពិភាក្សាសម្ងាត់ ជាមួយសមភាគីសហរដ្ឋអាមេរិក ស្តីពីនាវាដឹកប្រេងនោះ ។
ខាងភាគីអ៊ីរ៉ង់ មិនទាន់បានបង្ហើប ពីការដោះលែងនាវាដឹកប្រេង របស់កូរ៉េខាងត្បូងនៅឡើយទេ ហើយកូរ៉េខាងត្បូង ក៏មិនទាន់បានជួបចរចាជាមួយអ៊ីរ៉ង់ដែរ ដោយមន្ត្រីរដ្ឋាភិបាលប្រទេសនេះ ទៅជួបពិភាក្សា ជាមួយសហរដ្ឋអាមេរិកសិន ។
មូលហេតុដែលនាំអោយអ៊ីរ៉ង់ ចាប់នាវាដឹកប្រេងកូរ៉េខាងត្បូងនេះ ដោយសារកងម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចោទប្រកាន់នាវាដឹកប្រេងកូរ៉េខាងត្បូង ពីបទបំពុលបរិស្ថានផែនទឹក ដោយបញ្ចេញសារធាតុគីមីក្នុងដែនទឹក ។
ក្រុមអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ បាននិយាយប្រាប់CNNថា អ៊ីរ៉ង់ដែលបានចាប់ នាវាដឹកប្រេងកូរ៉េខាងត្បូង គឺទំនងជាអ៊ីរ៉ង់ចង់ទាមទារ ដោយប្រយោលអោយកូរ៉េខាងត្បូង ដោះលែងទឹកប្រាក់របស់ខ្លួន ប្រមាណ៧ពាន់លានដុល្លារអាមេរិក នៅក្នុងធនាគារកូរ៉េខាងត្បូង ដែលកូរ៉េខាង បានបង្កកមិនអោយអ៊ីរ៉ង់ ដកសាច់ប្រាក់យកទៅប្រើប្រាស់បាន ដោយសារកូរ៉េខាងត្បូង បានអនុវត្តតាមទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកបានដាក់លើអ៊ីរ៉ង់ ។ ទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិករបស់អ៊ីរ៉ង់ ដែលកូរ៉េខាងត្បូងបានបង្កក ក្នុងធនាគាររបស់ខ្លួននោះ គឺជាទឹកប្រាក់ពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអ៊ីរ៉ង់ ហើយកូរ៉េខាងត្បូងបានបង្កក គឺដោយសារអាមេរិក បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ។
លោក Choi Young-sam អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលកំពុង មានទំនាក់ទំនងជិតស្និទ្ធជាមួយភាគីអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដោះលែងនាវាដឹកប្រេង និងក្រុមនាវិកទាំង២០នាក់នៅលើនាវានោះ ។ អ្នកនាំពាក្យរូបនេះបានបន្តថា គណៈប្រតិភូរបស់កូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាទ្វេភាគីជាមួយអ៊ីរ៉ង់ ជាពិសេសគឺការដោះលែងនាវាដឹកប្រេង និងនាវិក២០នាក់នៅលើនាវានោះ ។
ចំណែកខាងអ៊ីរ៉ង់វិញ អ្នកនាំពាក្យរដ្ឋាភិបាល លោក Ali Rabiee បាននិយាយថា ការចាប់នាវាកូរ៉េខាងត្បូងនេះ ត្រូវបានធ្វើឡើង តាមសេចក្តីសម្រេចរបស់តុលាការ ដោយចោទប្រកាន់នាវានោះ ពីបទរំលោភច្បាប់បរិស្ថានសមុទ្រ ។ សកម្មភាពរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មិនមែនជាការចាប់ជំរិត នាវាដឹកប្រេងកូរ៉េខាងត្បូងនោះទេ ដែលកូរ៉េខាងត្បូងខ្លួនឯង គឺជាអ្នកចាប់ជំរិតអ៊ីរ៉ង់ពិតប្រាកដ ដោយការបង្កកគណនីអ៊ីរ៉ង់ មានតម្លៃទឹកប្រាក់៧ពាន់លានដុល្លារអាមេរិក នៅក្នុងធនាគាររបស់ខ្លួន ។
លោក Ali Rabiee បានបញ្ជាក់បន្ថែមថា កូរ៉េខាងត្បូងបានបង្កកលុយរបស់អ៊ីរ៉ង់ មិនអោយអ៊ីរ៉ង់យកលុយខ្លួនឯង ទៅទិញម្ហូបអាហារទទួលទាន គឺវាជាទង្វើមិនសមរម្យទេ ដែលអ៊ីរ៉ង់ត្រូវតែមានវិធានការតបវិញ ។
រឿងអ៊ីរ៉ង់ចាប់នាវាដឹកប្រេង របស់កូរ៉េខាងត្បូង ដោយសារកូរ៉េខាងត្បូង បង្កកគណនីក្នុងធនាគារ មិនមែនជាមូលហេតុសំខាន់ ដែលនាំអោយមានភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ តែរឿងរ៉ាវដែលនាំអោយអ៊ីរ៉ង់ និងកូរ៉េខាងត្បូងមើលមុខគ្នាមិនចំ និងឈានដល់ការសងសឹកគ្នា ទៅវិញទៅមក គឺដោយសារសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងត្បូងប៉ះទង្គិចគ្នា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺដោយសារអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មានភាពតានតឹងស្រាប់ ហើយកូរ៉េខាងត្បូង គឺជាភាគីពាក់ព័ន្ធក្នុងរឿងនេះ ដោយប្រយោលទេ ។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងសាជាថ្មីចាប់តាំងពីថ្ងៃទី១ ខែមករាឆ្នាំ២០២១នេះ ក្នុងថ្ងៃខួបគម្រប់១ឆ្នាំ នៃការបាត់បង់ជីវិតរបស់ឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកងទ័ពហ្គូត នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។
ឧត្តមសេនីយ៍ Qasem Soleimani បានបាត់បង់ជីវិត ដោយសារកងទ័ពអាមេរិក បានប្រើយានដ្រូនបាញ់មីស៊ីលសម្លាប់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅប្រទេសអ៊ីរ៉ាក់ ដែលធ្វើអោយមេដឹកនាំអ៊ីរ៉ងខឹងសម្បាយ៉ាងខ្លាំង ។
កាលពីចុងខែធ្នូ ឆ្នាំ២០២០នោះដែរ អ្នកវិទ្យាវិទ្យាសាស្ត្រនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ Mohsen Fakhrizadeh បានបាត់បង់ជីវិតដែរ ក្នុងអំពើភេរវកម្មនៅទីក្រុងតេអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលអ៊ីរ៉ង់ បានចោទប្រកាន់ប្រទេសអ៊ីស្រាអែលថា ជាឃាតកស៊ីឈ្នួលរបស់អាមេរិក ក្នុងការសម្លាប់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររូបនេះ ៕
អ៊ី ជិន