ភ្នំពេញ ៖ លោក Nick Beresford តំណាងនិវេសនដ្ឋាន អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសសាកសម ក្នុងការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ព្រោះកម្ពុជាទទួលបានពន្លឺព្រះអាទិត្យ មានគុណភាពល្អគ្រប់គ្រាន់។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ UNDP នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លោក Nick Beresford បានថ្លែងថា «ព្រះរាជាណាចក្រកម្ពុជា សក្តិសមក្នុងការវិនិយោគ លើថាមពលពន្លឺព្រះអាទិត្យ ព្រោះប្រទេសនេះ ទទួលបានពន្លឺព្រះអាទិត្យ ដែលមានគុណភាពល្អគ្រប់គ្រាន់ ហើយស្ថិតនៅក្នុងតំបន់ ដែលមានតម្រូវការថាមពលខ្ពស់»។
លោកបន្ដថា ការងារកំណែទម្រង់បទប្បញ្ញត្តិស្តីពី ការទាញយកថាមពល ពីពន្លឺព្រះអាទិត្យលើដំបូលផ្ទះ មានសក្តានុពល ក្នុងការចាប់យកឱកាសប្រសើរជាងនេះ ហើយក៏ជាកិច្ចការមួយទៀត ដែលក្រសួងរ៉ែ និងថាមពល កំពុងធ្វើការរួមគ្នាជាមួយ UNDP៕