កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់សមត្ថកិច្ច ឲ្យបើកការស៊ើបអង្កេត នឹងធ្វើការបង្ក្រាប ទៅលើទីតាំងដែលមានពេស្យាចារ ជ្រកក្រោមស្លាកកន្លែងម៉ាស្សា ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងពិធីបើកវគ្គបំប៉ន ជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ និងជំនាញការពារគោលដៅ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ជាពិសេសអំពើពេស្យាចារនៅតាមកន្លែងម៉ាស្សាអាចមានលួចលាក់ ដោយក្នុងនោះមានការត្រូវរ៉ូវគ្នា ឬក៏អាចមានការបង្ខំ ដូច្នេះអំពើទាំងនោះ គឺជាអំពើខុសច្បាប់ ពីព្រោះអង្គភាពទេសចរណ៍អនុញ្ញាត ឲ្យបើកកន្លែងបម្រើសេវាកម្មម៉ាស្សា គឺសម្រាប់សម្រួលសុខភាពដល់ភ្ញៀវទេសចរណ៌ ពោលគឺមិនអនុញ្ញាតឱ្យមានអំពើពេស្យាចារនោះទេ ដូច្នេះសមត្ថកិច្ចយើងត្រូវតែធ្វើការស្រាវជ្រាវ នឹងបង្ក្រាប រាល់ទីតាំងដែលលួចលាក់បើកអំពើពេស្យាចារនោះឲ្យមានប្រសិទ្ធភាព។
លោកអភិបាលខេត្តបានថ្លៃផងដែរថា វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ នេះពិតជាមានសារសំខាន់ណាស់ ។ ម្យ៉ាងទៀតខេត្តកំពង់ចាម ឧស្សាហ៍មានថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះបំពេញការងារនៅទីនេះ និងឆ្លងកាត់ច្រើន ដូច្នេះហើយទើបតម្រូវឲ្យមានវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយើង ។ ដូច្នេះសូមសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ រៀនសូត្រ ស្រូបយកចំណេះជំនាញពីគ្រូឧទ្ទេស ដើម្បីឱ្យមានវិជ្ជាជីវ:សាកសមជាមន្ត្រីនគរបាលយុត្តិធម៌។
លោកអភិបាលខេត្ត បានបន្តថា ទាក់ទងទៅនិងសភាពការណ៍សន្តិសុខ ឆ្នាំ ២០២០ កន្លងទៅនេះ ខេត្តកំពង់ចាមមានសន្តិសុខល្អ និងបទល្មើសផ្សេងៗមានការថយចុះច្រើនផងដែរ ។