ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-52 ធ្វើដំណើរ ទៅតំបន់មជ្ឈិមបូព៌ាជាលើកទី៤

បរទេស៖ ទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ចំនួន២គ្រឿង ចេញពីសហរដ្ឋអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ា គឺជាការបង្ហាញកម្លាំងបែបនេះ លើកទី៤ ក្នុងរយៈពេល៦០ថ្ងៃកន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ដ៏ទំនើប ទាំងពីរគ្រឿងនោះ បានហោះហើរអស់រយៈពេល៣៦ម៉ោង ដោយឥតឈប់ ចេញបីមូលដ្ឋានទ័ពអាកាស Minot ក្នុងរដ្ឋដាកូតាខាងជើង ទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ និងវិលត្រឡប់មកវិញ ដើម្បីផ្ញើសារដ៏ច្បាស់មួយ តាមរយៈការបង្ហាញសមត្ថភាព បញ្ជូនកម្លាំងប្រយុទ្ធ ដ៏លើសលុប ប្រើពេលដ៏ខ្លី។

មន្ត្រីនៅទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមទៀតថា សកម្មភាពនានា ដែលបានធ្វើឡើងនេះ គឺដើម្បីបង្ហាញពីការប្តេជ្ញា ឥតដាច់ របស់យោធាសហរដ្ឋអាមេរិក ចំពោះសន្តិសុខ និងការទប់ទល់ នឹងភាពគឃ្លើននៅក្នុងតំបន់៕

ប្រែសម្រួល៖ប៉ាង កុង

To Top