ព័ត៌មានអន្តរជាតិ

បក្សកាន់អំណាចកូរ៉េខាងជើង សម្រេចបើកសមាជបក្សជារៀងរាល់ ៥ឆ្នាំម្ដង

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ថា គណបក្សកាន់អំណាច របស់កូរ៉េខាងជើង នឹងធ្វើសមាជរបស់ខ្លួនរៀងរាល់ ៥ ឆ្នាំម្តង ចាប់ពីពេលនេះតទៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រហូតមកដល់ពេលនេះ សមាជគណបក្សពលករកូរ៉េ បានធ្វើឡើងនៅចន្លោះពេលចៃដន្យ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានបង្ហាញពីឆន្ទៈ ក្នុងការកោះប្រជុំវាតាមកាលវិភាគទៀងទាត់មួយ ពោលគឺ ៥ឆ្នាំម្ដង។

យោងតាមភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា នៅថ្ងៃទី៥ នៃសមាជចុងក្រោយនេះ គណបក្សនេះ បានកែប្រែវិធានរបស់ខ្លួន ដើម្បីបញ្ជាក់ថា ” សមត្ថភាពការពារដ៏មានឥទ្ធិពល នឹងការពារស្ថេរភាព និងបរិស្ថានសន្តិភាព នៃឧបទ្វីបកូរ៉េ”។

គួរបញ្ជាក់ថា គណបក្សពលករកូរ៉េ បានបើកសមាជលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជិត ៥ ឆ្នាំកាលពីថ្ងៃអង្គារ។ សមាជបក្សលើកមុន ដែលជាលើកទី១ ក្នុងរយៈពេល ៣៦ ឆ្នាំត្រូវបានធ្វើឡើងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៦៕ ដោយ៖ ឈូក បូរ៉ា

To Top